ដោយ វុត្ថា
ភ្នំពេញៈ មន្ត្រីនៃសហព័ន្ឋឧស្សាហកម្ម និងពាណិជ្ជកម្មចិនបានសន្យានឹងជំរុញអ្នកវិនិយោគចិនកាន់តែច្រើន មកវិនិយោគនៅខេត្តព្រះសីហនុ និងសន្យាជជួយផ្សព្វផ្សាយ ណែនាំឱ្យក្រុមហ៊ុនចិន មកកាន់ខេត្តព្រះសីហនុឲ្យបានកាន់ច្រើនថែមទៀត។

-->
លោក XU LEJIANG អនុប្រធានសហពន្ធ័ឧស្សាហកម្ម និងពា ណិជ្ជកម្មប្រទេសចិន បានថ្លែងនៅក្នុងពិធីអាហារសាមគ្គីកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៩ម្សិលមិញនេះថា ការមកដល់ខេត្តព្រះសីហនុ លោកមានអារម្មណ៍ថា ខេត្តព្រះសីហនុ ដូចប្រទេសចិនក្នុងអំឡុងឆ្នាំ១៩៩០។ លោកបន្តថា ដោយមើលឃើញពីសក្តានុពលឆ្នេរស្អាត តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែទឹកជ្រៅ រយៈពេល៥ទៅ១០ឆ្នាំខាងមុខ ខេត្តព្រះសីហនុ នឹងក្លាយ ជាខេត្តមានការអភិវឌ្ឍដ៏រុងរឿង ជឿនលឿននៅពេលខាងមុខ។
លោកបន្ថែមថា “សហព័ន្ធឧស្សាហកម្មចិន បានដើរតួនាទីយ៉ាងសំខាន់បម្រើឲ្យក្រុមហ៊ុនឯកជនរបស់ចិន ក្នុងការអភិវឌ្ឍសេដ្ឋមកិច្ចប្រទេស ដែលមានក្រុមហ៊ុនចិន៥០ភាគរយ ផ្តល់ប្រាក់ចំណូលពន្ធ៦០ភាគរយ ផ្តល់ការងារជូនប្រជាពលរដ្ឋចិន៨០ភាគរយ ក្នុងនោះវិស័យឯកជនបានផ្តល់ការងារជូនប្រជាពលរដ្ឋ៩០ភាគរយ”។
អភិបាលខេត្តព្រះសីហនុលោកយន្ត មីនបានឲ្យដឹងថា ខេត្តព្រះសីហនុមានសក្តានុពលក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ជាគោលដៅអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ។ ខេត្តព្រះសីហនុមានកំពង់ផែទឹកជ្រៅ មានតំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិ ឆ្នេរ និងកោះដែលជាមរតកធម្មជាតិដ៏មានតម្លៃ។
លោកអភិបាលខេត្តបន្តថា “រដ្ឋាភិបាលចាត់ទុកនឹងប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥ -២០២៥”។
តាមរយ:កិច្ចសហប្រតិបត្តិការអន្តរជាតិរវាងថ្នាក់ដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរ (កម្ពុជា-ចិន) បង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ វិនិយោគដោយក្រុមហ៊ុន “ហូដូគ្រុប” បានដាក់ឲ្យដំណើរការនៅឆ្នាំ២០០៨ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា។

លោកអភិបាលខេត្តរូបនេះបន្ថែមថា ទាំងនេះបានផ្ដល់ប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ផ្តល់ការងារធ្វើប្រចាំថ្ងៃ កាត់បន្ថយការធ្វើចំណាកស្រុក និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានដើរតួនាទី ជាអ្នកបើកច្រកពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជ កម្មអន្តរជាតិរវាងប្រទេសទាំងពីរ (កម្ពុជា-ចិន)៕