ធនាគារពិភពលោក​ទទួលស្គាល់​ក្របខ័ណ្ឌ​ភាពជា​ដៃគូ​សម្រាប់​ប្រទេស​កម្ពុជា​ឆ្នាំ​ ២០១៩​-២០២៣​

0

ដោយ​ ម៉ា​ណេត​

ទីក្រុង​វ៉ា​ស៊ីន​តោ​នៈ​ ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​របស់​ធនាគារពិភពលោក​កាលពី​ម្សិលមិញ​បាន​ទទួលស្គាល់​ក្របខ័ណ្ឌ​ភាពជា​ដៃគូ​ សម្រាប់​ប្រទេស​កម្ពុជា​ឆ្នាំ​ ២០១៩​-២០២៣​ ដោយ​នឹង​ផ្តោត​លើ​ការ​លើកកម្ពស់​ប្រសិទ្ធភាព​រដ្ឋ​ និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​ពន្លឿន​ការ​អភិវឌ្ឍ​មនុស្ស​ និង​កែ​លម្អ​ផលិតផល​កសិកម្ម​ឲ្យ​ប្រសើរ​ និង​ពង្រីក​ការប្រើ​ប្រាស់​ធនធាន​ធម្មជាតិ​ប្រកបដោយ​ចីរភាព​។

ការ​ពង្រឹង​អភិបាលកិច្ច​ ស្ថាប័ន​ និង​ការចូលរួម​ជា​សាធារណៈ​ ជា​មូលបទ​អន្តរ​វិស័យ​គន្លឹះ​មួយ​ ដែល​បាន​ដាក់​ចូលក្នុង​សកម្មភាព​ទាំងអស់​ នៃ​ក្របខ័ណ្ឌ​ភាពជា​ដៃគូ​សម្រាប់​ប្រទេស​ថ្មីនេះ​។

វិស័យ​នានា​ដែល​ក្របខ័ណ្ឌ​នេះ​ ផ្តោត​ការ​យកចិត្ត​ទុកដាក់​គឺ​ស៊ីគ្នា​ទៅ​នឹង​សកម្មភាព​អាទិភាព​ជាតិ​ ដែល​បាន​ចែង​ក្នុង​យុទ្ធ​សាស្រ្ត​ចតុកោណ​ ដំណាក់កាល​បច្ចុប្បន្ន​របស់​រដ្ឋាភិបាល​ សម្រាប់​កំណើន​ ការងារ​ សមធម៌​ និង​ប្រសិទ្ធភាព​។ ក្របខ័ណ្ឌ​ភាពជា​ដៃគូ​សម្រាប់​ប្រទេស​ថ្មីនេះ​ បាន​ដាក់បញ្ចូល​នូវ​ការ​រក​ឃើញ​នានា​ ពី​ការវិនិច្ឆ័យ​ស្ថានភាព​ប្រទេស​ ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​របស់​ធនាគារពិភពលោក​ និង​មតិ​ប្រ​ឡប់​នានា​ដែល​បាន​មក​ពី​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​នា​ពេល​ថ្មី​ៗនេះ​។

លោកស្រី​ អ៊ី​នហ្គូ​ណា​ ដូ​ប្រា​ចា​ នាយិកា​រគ្រប់​គ្រង​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ”ប្រទេស​កម្ពុជា​ទទួល​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ ហើយ​ការកាត់បន្ថយ​ភាព​ក្រីក្រ​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង​ ក្នុងរយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​ និង​មាន​ភាព​ប្រសើរ​លើ​ស្តង់ដារ​រស់នៅ​របស់​គ្រួសារ​ជាច្រើន​”។

លោកស្រី​បន្ថែម​ “សម្រាប់​ពេល​ខាងមុខ​ កម្ពុជា​ជួបប្រទះ​នូវ​ការ​ប្រឈម​បី​ ដើម្បី​ឈាន​ឆ្ពោះទៅ​រក​មូលដ្ឋាន​សេដ្ឋកិច្ច​ ដែល​មាន​លក្ខណះ​ចំរុះ​ និង​មានតម្លៃ​ខ្ពស់​ជាង​មុន​ ដើម្បី​កសាង​ទុន​មនុស្ស​សម្រាប់​សេដ្ឋកិច្ច​ទូលំ​ទាយ​ និង​ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិ​យា​ប័ន​ដែល​មានប្រយោជន៍​ដល់​ប្រជាជន​ក្រីក្រ​”។

លោកស្រី​ឲ្យដឹង​ទៀត​ថា​ “ធនាគារពិភពលោក​ នឹង​ធ្វើការ​ជា​ដៃគូ​ជាមួយ​កម្ពុជា​ ដើម្បី​ទទួល​បាន​គោលដៅ​នានា​ ស្រប​ពេល​ដែល​ត្រូវ​ពង្រឹង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​”។

ក្នុង​វិស័យ​ដែល​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ទី១នៃ​ក្របខ័ណ្ឌ​នេះ​ គឺ​ការ​លើកកម្ពស់​ប្រសិទ្ធភាព​រដ្ឋ​និង​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​ គឺ​ក្រុម​ធនាគារពិភពលោក​នឹង​ធ្វើការ​ជាមួយ​កម្ពុជា​គាំទ្រ​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ និង​លើកស្ទួយ​សហគ្រាស​ឯកជន​ ពង្រឹង​គណនេយ្យ​ភាព​វិស័យ​សាធារណៈ​ និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ហើយ​ពង្រីក​ការ​វិនិយោគ​ ដែល​ចាំបាច់ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព​។

លោក​ខែល​ ខេ​លលោ​ហ្វើ​ នាយក​គ្រប់គ្រង​ប្រទេស​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​សម្រាប់​ប្រទេស​កម្ពុជា​ ឡាវ​ និង​វៀតណាម​ មានប្រសាសន៍​ថា​ “IFC​ ជាមួយនឹង​ការ​យកចិត្ត​ទុកដាក់​របស់​ខ្លួន​លើ​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​ នឹង​បន្ត​កៀងគរ​ការ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​វិស័យ​ឯកជន​ និង​ការ​សហការ​គ្នា​ក្នុង​ក្រុម​ធនាគារពិភពលោក​ ដើម្បី​ធ្វើឲ្យ​វិស័យ​ឯកជន​ឲ្យ​រស់រវើក​នៅ​កម្ពុជា​”។

លោក​ឲ្យដឹង​ទៀត​ថា​ “ការ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​របស់​យើង​ នឹង​ឈាន​ទៅដល់​ការពង្រីក​ការ​ទទួល​បាន​ហិរញ្ញវត្ថុ​សម្រាប់​ធុរកិច្ច​ខ្នាត​តូច​ ធ្វើឲ្យ​ប្រសើរ​លើ​ការប្រកួត​ប្រជែង​ផ្នែក​កសិកម្ម​របស់​ប្រទេស​ និង​លើកកម្ពស់​សេវា​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​មាន​សារសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ធុរកិច្ច​”។

សម្រាប់​ផ្នែកការ​ពន្លឿន​នៃ​ការ​អភិវឌ្ឍ​មនុស្ស​វិញ​ ក្របខ័ណ្ឌ​ថ្មីនេះ​ មាន​គោលបំណង​ធ្វើឲ្យ​ប្រសើរ​នូវ​គុណភាព​អប់រំ​ និង​បន្ត​ឲ្យ​វា​សមស្រប​ទៅ​នឹង​តម្រូវការ​ពលកម្ម​ ហើយ​ទន្ទឹម​នឹង​នេះ​ដែរ​ ក៏​ពង្រីក​ការ​ទទួល​បាន​គុណភាព​សេវា​សម្រាប់​កុមារ​តូច​ សេវា​ថែរក្សា​សុខភាព​ និង​អាហារូបត្ថម្ភ​។

ក្នុង​ផ្នែក​ផលិតផល​កសិកម្ម​និង​ការ​ពង្រឹង​ ការប្រើ​ប្រាស់​ធនធាន​ធម្មជាតិ​ប្រកបដោយ​ចីរភាព​ ក្របខ័ណ្ឌ​ថ្មីនេះ​ នឹង​ជួយ​លើកកម្ពស់​ការគ្រប់គ្រង​ធនធានទឹក​ និង​ដីធ្លី​ និង​ផលិតផល​និង​ពិពិធ​កម្ម​កសិកម្ម​។

ផ្នែក​ដែល​សំខាន់​ក្នុង​ក្របខ័ណ្ឌ​ភាពជា​ដៃគូ​សម្រាប់​ប្រទេស​នេះ​ គឺ​មូលបទ​អន្តរ​វិស័យ​នៃ​ការ​ពង្រឹង​អភិបាលកិច្ច​ ស្ថាប័ន​ និង​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ ដែល​បាន​ដាក់បញ្ចូល​គ្រប់​សកម្មភាព​ទាំងអស់​ នៃ​គម្រោង​ដែល​គាំទ្រ​ថវិកា​ដោយ​ធនាគារពិភពលោក​។ ការ​ធ្វើបែប​នេះ​ គឺ​ធនាគារពិភពលោក​នឹង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​មានសម្លេង​ ក្នុង​ដំណើរការ​អភិវឌ្ឍ​ និង​លើកទឹកចិត្ត​ឲ្យ​មាន​តម្លាភាព​ និង​គណនេយ្យ​ភាព​គ្រប់​ថ្នាក់​របស់​រដ្ឋាភិបាល​។

ដើម្បី​រៀបចំ​តាក់តែង​ឯកសារ​ក្របខ័ណ្ឌ​ ភាពជា​ដៃគូ​សម្រាប់​ប្រទេស​នេះ​ ក្រុម​ធនាគារពិភពលោក​ បាន​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​មួយ​ជាមួយ​រដ្ឋសភា​ មន្ត្រី​រដ្ឋាភិបាល​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ​ តំណាង​វិស័យ​ឯកជន​ ដៃគូ​អភិវឌ្ឍន៍​ និង​អង្គការ​សង្គម​ស៊ីវិល​៕

LEAVE A REPLY

Please enter your comment!
Please enter your name here