ប្រែសម្រួលដោយ យុទ្ធ
ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងភ្នាក់ងារធានាឲ្យការវិនិយោគពហុភាគី (MIGA) ដែលជាផ្នែកមួយរបស់ធនាគារពិភពលោក បានយល់ព្រមសហការយ៉ាងជិតស្និទ្ធដើម្បីបង្កើនលំហូរវិនិយោគទុនឯកជន នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើននៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកដោយស្របតាមគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០។
ស្ថាប័នទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការនាពេលបច្ចុប្បន្ននេះ ដោយនឹងពិចារណាការប្រើប្រាស់ផលិតផលហិរញ្ញវត្ថុ របស់ពួកខ្លួនកាន់តែច្រើនឡើងក្នុងគម្រោងរួមគ្នា។
-->
អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំ ផ្នែកប្រតិបត្ដិផ្នែកឯកជន និងភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជន លោក Diwakar Gupta បានមានប្រសាសន៍ថា “កិច្ចព្រមព្រៀងនេះ នឹងផ្តល់លទ្ធភាពដល់អង្គភាពទាំងពីរ ឲ្យប្រើប្រាស់មូលធនឯកជនបន្ថែមសម្រាប់គោលបំណងអភិវឌ្ឍន៍។ វាជាកម្លាំងដ៏សំខាន់នៃការផ្តល់ហិរញ្ញប្បទាន អភិវឌ្ឍន៍ពហុភាគីដែលនឹងជួយដល់តំបន់នេះ គ្រប់គ្រងបញ្ហាប្រឈមប្រកបដោយកំណើន ដែលមានបរិយាប័ន និងនិរន្តរភាព។
កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ ជំនួសឲ្យកិច្ចព្រមព្រៀងមុន ហើយនឹងមានប្រសិទ្ធភាពរយៈពេល៣ឆ្នាំចាប់ពីការចុះហត្ថលេខា។ កិច្ចព្រមព្រៀងផោ្តតលើការប្តេជ្ញាចិត្តចំពោះកិច្ចសហការកាន់តែខ្លាំង ក្នុងការកំណត់គម្រោងថ្មី ស្របពេលដែលបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងស្ថាប័នទាំងពីរ និងអ្នកវិនិយោគវិស័យឯកជនដែលមានសក្តានុពល។ កិច្ចព្រមព្រៀងនេះថែមអំពាវនាវ ឲ្យមានការសម្របសម្រួលកាន់តែច្រើននៅគ្រប់ដំណាក់កាលនៃគម្រោងពីការពិគ្រោះយោបល់ និងការធ្វើទីផ្សារដើម្បីជាការធានាដល់ការអនុវត្ត។
អគ្គនាយកភ្នាក់ងារ MIGA លោក Keiko Honda បាននិយាយថា “ខ្ញុំមានសេចក្តីរីករាយក្នុងការបន្តការប្តេជ្ញាចិត្តរបស់យើង ចំពោះកិច្ចសហប្រតិបត្តិការកាន់តែច្រើនជាមួយធនាគារអភិវឌ្ឍន៍អាស៊ី។ លោកបន្តថា “កិច្ចព្រមព្រៀងនេះ បានរៀបចំផែនការសម្រាប់មូលធនឯកជន និងការវិនិយោគបន្ថែមទៀត នៅទូទាំងបណ្តាប្រទេសជាសមាជិករបស់ធនាគារអភិវឌ្ឍន៍អាស៊ី”។
ភ្នាក់ងារ MIGA ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៨ ក្នុងនាមជាសមាជិកនៃក្រុមធនាគារពិភពលោក ដើម្បីលើកកម្ពស់ការវិនិយោគដោយផ្ទាល់ ពីបរទេសនៅក្នុងបណ្តាប្រទេសកំពុងរីកចម្រើន ដោយជួយកាត់បន្ថយហានិភ័យនៃការរឹតត្បិតលើការប្តូរ និងការផ្ទេររូបិយប័ណ្ណ ; ការបំពានកិច្ចសន្យាដោយរដ្ឋាភិបាលការ ដកហូតកម្មសិទ្ធិ និងសង្គ្រាម និងការរំខានដល់ស៊ីវិល និងផ្តល់ជូននូវការលើកកម្ពស់ឥណទាន ដល់វិនិយោគិនឯកជននិងអ្នកផ្តល់ប្រាក់កម្ចី។
ចាប់តាំងពីការបង្កើតភ្នាក់ងាររបស់ខ្លួនមក ភា្នក់ងារ MIGA បានផ្តល់ជំនួយផ្ទាល់ជាង៥២ពាន់លានដុល្លារ ក្នុងការវិនិយោគដល់ប្រទេសកំពុងអភិវឌ្ឍចំនួន១១១ប្រទេស៕