ដោយ វុត្ថា
អូស្រ្តាលីៈ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានប្រកាសផ្តល់ថវិកាចំនួន២៥០លានដុល្លារអូស្ត្រាលីស្មើ នឹង ១៧៣,៨ លានដុល្លារអាមេរិកដែលជាមូលនិធិរៀបចំហេដ្ឋារចនាសម្ព័ន្ធកោះ Solomon។
លោក Morrison កាលពីថ្ងៃអាទិត្យ បានក្លាយជាមេដឹកនាំអូស្ត្រាលីដំបូងគេដែលបានទៅទស្សនាកោះ Solomon ចាប់តាំងពីឆ្នាំ ២០០៨ និងបានប្រកាសអំពីកម្មវិធីរៀបចំហេដ្ឋារចនាសម្ព័ន្ធទ្វេភាគី ដែលមានទឹកប្រាក់រហូតដល់ ២៥០លានដុល្លារអូស្ត្រាលីដែលជាការផ្តល់ហិរញ្ញប្បទានសម្រាប់មួយទសវត្សរ៍ទៅមុខទៀត និងភាពងាយស្រួលសម្រាប់ប្រជាជនដែលរស់នៅលើកោះនេះ ដើម្បីទទួលបានការងារនៅក្នុងប្រទេសអូស្ត្រាលី។
-->
លោកបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុង Honiara ថា “នេះពិតជាសំខាន់ណាស់ ព្រោះវាបានធានាស្ថេរភាព ហើយពេលនេះវាគឺជាពេលវេលា ដើម្បីកសាងសេដ្ឋកិច្ចរបស់កោះសាឡូម៉ូន។ ជំនួយឥតសំណងនេះ នឹងអនុញ្ញាតឱ្យកោះនេះផ្តល់មូលនិធិដល់ការរៀចំគម្រោងហេដ្ឋារចនាសម្ព័ន្ធតូចៗ”។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhau នៅថ្ងៃនេះបានឲ្យដឹងថា ក្នុងចំណោមថវិកាជាង២០០លានដុល្លារនេះ ទឹកប្រាក់២,៧លានដុល្លារអូស្រ្តាលីនឹងប្រើប្រាស់សំរាប់ការចំណាយ ដល់ប្រជាជនដែលចង់ទៅធ្វើការនៅប្រទេសអូស្ត្រាលីដូចជាលិខិតឆ្លងដែនជាដើម។
កោះ Solomon គឺជារដ្ឋអធិបតេយ្យដែលមានកោះធំៗចំនួន៦ និងកោះតូចៗជាង ៩០០នៅទ្វីបអូសេអានី ស្ថិតនៅខាងកើតប្រទេសប៉ាពួញូហ្គីណេ និងភាគពាយព្យនៃ Vanuatu ដែលគ្របដណ្ដប់លើផ្ទៃដីចំនួន ២៨.៤00គីឡូម៉ែត្រការ៉េ។

កោះនេះត្រូវបានគេហៅថាប្រជុំកោះ Melanesian ដែលរួមមានកោះ Solomon ស្ថិតនៅខាងជើងនៃប្រទេសប៉ាពួញូហ្គីណេ ប៉ុន្តែមិនរាប់បញ្ចូលកោះនៅឆ្ងាយៗ ដូចជាកោះ Rennell កោះ Bellona និងកោះ Santa Cruz។
ប្រជាជនដែលរស់នៅលើកោះនេះមានចំនួន ៥៩៩,៤១៨ នាក់ ហើយផលិតនៅក្នុងស្រុកសរុបចំនួន២,៣១១លានដុល្លារអាមេរិក។ នេះជាស្ថិតិនៅក្នុងឆ្នាំ២០១៩។ ប្រទេសនេះប្រើប្រាស់ក្រដាសប្រាក់ជាប្រភេទ Solomon Island dollar (SBD)៕