Hattha top Banner

គម្រោង​រថភ្លើង​អាកាស​នៅ​ក្រុងភ្នំពេញ​មិនទាន់​កំណត់ពេល​ជាក់លាក់

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ការផ្សព្វផ្សាយ​ពី​គំរោង​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស កាលពី​ម្សិល​ម៉ិ​ញ​មិនមាន​ភាពជាក់លាក់​ទេ ព្រោះ​ពេលវេលា​នៃ​ការចាប់ផ្តើម​សាងសង់ និង​ចំណាយ​ថវិកា​ប៉ុន្មាន​រយ​លាន​ដុល្លារ ដើម្បី​វិនិយោគ​លើ​គំរោង​នេះ​មិនទាន់​ច្បាស់លាស់​នៅឡើយ។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក​ម៉េ​ត មាស​ភក្តី​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២០ ធ្នូ​នេះ​ថា ការសិក្សា​ពី​ផែនការ​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស​នេះ មិនទាន់បាន​បញ្ចប់​នៅឡើយ​ទេ ហើយ​គំរោង​នេះ​នឹងត្រូវ​វិនិយោគ​លើទឹក​ប្រាក់​ប៉ុន្មាន ក៏​មិនទាន់មាន​ភាពជាក់លាក់​នៅឡើយ​ដែរ ដោយសារ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន(JICA) ទើប​បង្ហាញ​ពី​របាយការណ៍​សិក្សា​បឋម​ប៉ុណ្ណោះ កាលពី​ម្សិល​ម៉ិ​ញ​នេះ។

លោក​បន្តថា “រហូតមកទល់​ពេលនេះ យើង​មិនដឹងថា​ការសិក្សា​នេះ​នឹង​បញ្ចប់​នៅពេលណា និង​ចាប់ផ្តើម​សាងសង់​នាពេល​ណា​នោះទេ ហើយ​ចំណាយ​ថវិកា​វិនិយោគ​ប៉ុន្មាន​ក៏​មិនទាន់​ដឹង​ដែរ។លោក​បន្តថា “គំរោង​នេះ​ជាការ​ស្នើសុំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ទៅកាន់​នាយករដ្ឋមន្ត្រី​ជប៉ុន​ស៊ីន ហ្សូ​អា​បេ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច ទៅកាន់​ប្រទេស​ជប៉ុន​កាលពីពេលថ្មីៗនេះ។

តាម​គំរោង​ការសាងសង់​ផ្លួ​វ​រថភ្លើង​អាកាស​ធុន​ស្រាល ប្រភេទ AGT នេះ​មាន​ប្រវែង​ប្រមាណ១៨គីឡូម៉ែត្រ និង​ចេញពី​មហាវិថី​ហ្សា​ល​ដឺ​ហ្គោល មហាវិថី​មុនី​រ៉េត ឆ្ពោះ​មក​ផ្លូវ​លេខ២១៧ ទៅកាន់​ផ្លូវ​វេ​ង​ស្រេង ឆ្ពោះ​មក​ព្រលានយន្តហោះ អន្តរជាតិ​ភ្នំពេញ និង​បែកខ្នែង​ទៅ​តំបន់​ផ្លូវ​កប់​ស្រូវ និង​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ។

លោក​បណ្ឌិត​វ៉ាន់ វ៉ាត​អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម​ឯករាជ្យ​បាន​ថ្លែងថា ការសាងសង់​រថភ្លើង​លើ​អាកាស នឹង​ជួយ​សម្រួល​បញ្ហា​ចរាចរណ៍ និង​លើក​កំ ពស់​សោភ័ណភាព​រាជធានី​ភ្នំពេញ ហើយ​វា​ធ្វើ​ឲ្យ​ទីក្រុង​របស់​យើង​មាន​ភាព​ស៊ី​វិ​ល័យ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ផងដែរ។

លោក​បន្តថា “វា​ជា​មធ្យោបាយ​ថ្មី​មួយ សម្រាប់​ការធ្វើដំណើរ និង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here