រដ្ឋាភិបាល​ផ្តល់​មូលនិធិ ១០០លាន​ដុល្លារ​ដើម្បី​បង្កើត​ធនាគារ SME

0

ដោយ៖ ដួង ចន្ទ្រា

ភ្នំពេញ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ផ្តល់​មូលនិធិ ១០០លាន​ដុល្លារ ដើម្បី​បង្កើត​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម (SME) នៅ​កម្ពុជា​ក្នុង​គោលដៅ​ដោះស្រាយ​មូលនិធិ​សម្រាប់​សហគ្រាស​ក្នុងស្រុក ដើម្បី​ប្រកួតប្រជែង​នាំចេញ​ផលិតផល​ជាមួយ​ប្រទេស​ក្នុង​តំបន់។

ក្នុង​ឳ​កាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ជាង ១៦,០០០នាក់​នា​ព្រឹក​ថ្ងៃទី២០ ធ្នូ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ថ្លែងថា រាជរដ្ឋាភិបាល នឹង​បង្កើត​ធនាគារ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​គ្រោង​ប្រើ​ដើមទុន ១០០លាន​ដុល្លារ​អាមេរិក។

សម្តេច​បន្ត​ន្ត​ថា “មិនទាន់មាន​ជា​លាយលក្ខណ៍អក្សរ​ទេ តែ​នេះ​សម្ដី​នាយករដ្ឋមន្ត្រី​និយាយ​ហើយ​ត្រូវតែ​ធ្វើ។សម្តេច​តេ​ជោ​បន្ថែមថា “ពេលខាងមុខ​យើង​នឹង​ខិតខំ​បង្កើត​មុខរបរ​និង​ការងារ​ធ្វើ ឲ្យ​បាន​កាន់តែច្រើន​ទៀត​សម្រាប់ ពលរដ្ឋ​របស់​យើង​បង្កើន​តម្រូវការ​ក្នុងស្រុក និង​ការនាំចេញ​របស់​យើង​ផងដែរ។

លោក​ឩ​ក​ញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​បាន​ថ្លែងថា  ក្នុងនាម​វិស័យ​ឯកជន លោក​គាំទ្រ​នូវ​ការផ្តួចផ្តើម​គំនិត​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​កន្លងមក​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​តែងតែ​គិតគូរ​រឿងនេះ ដើម្បី​ជួយ​ដល់​សមាជិក (SME) នៅ​កម្ពុជា​ដែល​ខ្វះ​ទុន​ក្នុង​ការពង្រីក​អាជីវកម្ម។លោក​បន្តថា កន្លងមក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ធ្លាប់បាន​បង្កើត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ គឺ​កាត់បន្ថយ​ផលិតផល​សម្រេច​ចូល និង​បង្កើន​ការផលិត​ក្នុងស្រុក​ចេញពី​កសិកម្ម ជា​ផលិតផល​អាហារ​ដែល​នេះ គោលការណ៍​របស់​សហ​គ្រាស​ក្នុងស្រុក​ចង់បាន​ផងដែរ។

សហគ្រាស​ធុន​តូច និង​មធ្យម​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​និង​ផ្តល់ឱកាស​ការងារ​រហូត​ដល់​ទៅ៧៣ភាគរយ​នៃ​ការងារ​សរុប​នៅ​កម្ពុជា ។ ទន្ទឹម​នោះ​សហគ្រាស​ទាំងនោះ​កំពុងតែជួបប្រទះ​នូវ​បញ្ហា​ជាច្រើន ក្នុងការ​ប្រកប​អាជីវកម្ម ដែល​ក្នុងនោះ​រួមមាន បញ្ហា​ហិរញ្ញប្បទាន​បច្ចេកវិទ្យាថ្មីៗ  កង្វះខាត​ព័ត៌មាន និង​ការតភ្ជាប់​ទំនាក់ទំនង​រវាង​សហគ្រាស​មួយ​ទៅ​សហគ្រាស​មួយទៀត​នៅមានកម្រិត។

យោងតាម​របាយការណ៍​ជំរឿន​ឆ្នាំ២០១០របស់​ក្រសួងផែនការ បាន​រកឃើញថា នៅ​កម្ពុ​ជាមាន​សហគ្រាស​តូច​បំផុត សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន៦៣០,០០០សហគ្រាស​នៅ​ទូទាំងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here