ដោយ ដូណាល់ លី
ភ្នំពេញៈ ធនាគារពិភពលោកនឹងសហការជាមួយធនាគារ PPCBank ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូងក្នុងការបង្កើនប្រាក់កម្ចី ដើម្បីលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យម (SMEs) នៅកម្ពុជា។
សាជីវកម្មហិរញ្ញវត្ថុអន្ដរជាតិ (IFC) ដែលជាសមាជិកនៃក្រុមធនាគារពិភពលោកនឹងផ្តល់ប្រាក់កម្ចីរហូតដល់៥០ភាគរយ នៃកម្ចីសហគ្រាសធុនតូច និងមធ្យមដែលស្មើនឹងទំហំទឹប្រាក់៣០លានដុល្លារដល់ធនាគារ PPCBank។
សាជីវកម្មហិរញ្ញវត្ថុអន្ដរជាតិ និងធនាគារ PPCBank នឹងទទួលបាន៥០ភាគរយនៃការគ្រប់គ្រងចំពោះផលប័ត្រសហគ្រាសខ្នាតតូច និងមធ្យមដែលមានទំហំទឹកប្រាក់ដល់ទៅ៣០លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ IFC ចេញផ្សាយកាលពីម្សឹលមិញនេះ។
ធនាគារ PPCBank កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរីកចម្រើននៃវណ្ណៈកណ្តាលនៃសេដ្ឋកិច្ច និងអាជីវកម្មខ្នាតតូច ដែលត្រូវបានគេមិនយកចិត្តទុកដាក់ពីវិស័យធនាគារពាណិជ្ជនាពេលកន្លងមក។
លោក Chang Moo Shin ប្រធានធនាគារ PPCBank បានមានប្រសាសន៍ថា “ចំនួនប្រជាជន ដែលមានចំណូលមធ្យមកំពុងកើនឡើងនៅកម្ពុជា ហើយវាជាសញ្ញាវិជ្ជមានមួយ ដែលនៅពេលប្រជាជន ដែលមានចំណូលមធ្យមកំពុងរីកចម្រើន ហើយពួកគេនឹងត្រូវការសេវាធនាគារ និងហិរញ្ញវត្ថុ”។
លោកបានបន្ថែមថា “នោះជាទិសដៅចម្បងរបស់យើង។ ក្រុមចំណូលមធ្យម និងសហគ្រាសធុនតូច ជាគោលដៅសំខាន់របស់យើង។ រហូតមកដល់ពេលនេះបរិយាកាសធុរកិច្ចសម្រាប់សហគ្រាសធុនតូច និងមធ្យមគឺមិនល្អទេសព្វថ្ងៃនេះ ប៉ុន្តែសហគ្រាសធុនតូច និងមធ្យមមានសក្តានុពលច្រើនក្នុងរីកចម្រើនបន្ថែម”។

ប្រទេសកូរ៉េខាងត្បូងគឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ហើយបានវិនិយោគលើគម្រោងចំនួន២១២ នៅកម្ពុជាពីឆ្នាំ១៩៩៤ដល់ឆ្នាំ ២០១៨ និងមានទំហំវិនិយោគ៤,៥ពាន់លានដុល្លារ។
កាលពីឆ្នាំមុនពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងកូរ៉េខាងត្បូងបានឈានដល់៩៧៥ លានដុល្លារ៕