ដោយ វុត្ថា
ឥណ្ឌាៈ រដ្ឋាភិបាលនៃប្រទេសឥណ្ឌា គ្រោងផ្តល់ប្រាក់ឧបត្ថម្ភធនចំនួន៣៦០លានដុល្លារក្នុងការទិញរថយន្តក្រុងប្រើប្រាស់អគ្គិសនី សម្រាប់ប្រើប្រាស់ដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុងមួយចំនួន ជាផ្នែកមួយនៃការកាត់បន្ថយការបំពុលផ្សែងក្នុងទីក្រុងនានា។

-->
យោងតាមការចេញផ្សាយនូវឯកសារ (Expression of interest )ពីក្រសួងឧស្សាហកម្មធនធំ និងសហគ្រាសសាធារណៈ កាលពីពេលថ្មីៗនេះថា ខ្លួនបានទទួលការស្នើសុំពីរដ្ឋ ខុទ្ទការិយាល័យរដ្ឋាភិបាល នាយកដ្ឋានដឹកជញ្ជូន អង្គភាពក្រុង ក្នុងការបញ្ជាការទិញរថយន្តក្រុងអគ្គិសនី សម្រាប់ប្រើប្រាស់នៅក្នុងទីក្រុងចំនួន៤០ នៅទូទាំងប្រទេសឥណ្ឌា។
របាយការណ៍នេះឲ្យដឹងថា “ការឧបត្ថម្ភធនរបស់រដ្ឋាភិបាលនេះ នឹងត្រូវផ្តល់ជូនក្រុមហ៊ុនដឹកជញ្ជូន និងផលិតរថយន្តHybrid &Electric នៅប្រទេសឥណ្ឌា ឬគម្រោង FAME-II សម្រាប់ធ្វើឲ្យប្រសើរឡើងនូវទីក្រុង និងដោយសារតែកំណើនរបស់ប្រជាជននៅក្នុងមានការកើនឡើងច្រើន”។
គំរោងនេះនឹងផ្តល់រថយន្ត៣០០គ្រឿង សំរាប់ទីក្រុងមានចំនួនប្រជាជនរស់នៅចាប់់ពី៤លាននាក់។ ហើយទីក្រុងដែលមានប្រជាពលរដ្ឋរស់ជាង១លាននាក់ នឹងទទួលបាន រថយន្តក្រុងចំនួន១០០គ្រឿង។
ផែនការ FAME-II ត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលឥណ្ឌា ដើម្បីគាំទ្រដល់ការប្រើប្រាស់អគ្គិសនី នៃការដឹកជញ្ជូនសាធារណៈ។ ទីភ្នាក់ងារដឹកជញ្ជូនរដ្ឋមួយចំនួនបានប្រកាសរួចហើយ ពីផែនការបើករថយន្តក្រុងអគ្គិសនីនេះ នៅក្នុងទីក្រុងរបស់ខ្លួនរួមមាននៅក្នុងទីក្រុងបុមបៃ និងបេងហ្គាឡូ ជាដើម។

រដ្ឋាភិបាលឥណ្ឌា កំពុងតែជំរុញឱ្យមានប្រព័ន្ធដឹកជញ្ចូនអេឡិចត្រូនិច ហើយផែនការនេះ ត្រូវបានកំណត់គោលដៅជាលើកដំបូង លើប្រព័ន្ធដឹកជញ្ជូនសាធារណៈ។ រដ្ឋាភិបាលឥណ្ឌាគ្រោងនឹងដាក់ការហាមប្រាម លើការលក់ម៉ូតូកង់បី ដែលប្រើម៉ាស៊ីនចំហេះ នៅត្រឹមខែមីនាឆ្នាំ២០២៣៕