កម្ពុជា-ថៃ បើក​ច្រក​អន្តរជាតិ​ចំនួន4បន្ថែមទៀត ជំរុញ​វិស័យ​ពាណិជ្ជកម្ម

0

ដោយ ៖ រ៉ាវី

ភ្នំពេញ ៖ បច្ចុប្បន្ន​កម្ពុ​ជាមាន​ច្រកទ្វារព្រំដែន​អន្ដរជាតិ​សរុប​ចំនួន24 ក្នុងនោះ​មាន​ច្រកទ្វារ​អាកាស​យាន្ដ​ដ្ឋា​ន​អន្ដរជាតិ​ចំនួន3 ច្រកទ្វារ​កំពង់ផែ​អន្ដរជាតិ ចំនួន4 ច្រកទ្វារព្រំដែន​អន្ដរជាតិ​មាន​ចំនួន17 ដោយ​ក្នុងនោះ​ច្រកទ្វារព្រំដែន​កម្ពុជា-វៀតណាម មាន​ចំនួន10 , កម្ពុជា-ថៃ មាន​ចំនួន 6 និង​កម្ពុជា-ឡាវ​មាន​ចំនួន1កន្លែង។ ដោយឡែក ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​រវាង​កម្ពុជា-ថៃ ក៏ដូចជា​បើកទូលាយ​លើ​វិស័យ​ទេសចរណ៍​តាមរយៈ​ការធ្វើដំណើរ​តាមផ្លូវ​គោក ថ្នាក់ដឹកនាំ​ប្រទេស​ទាំង2បាន​ឯកភាពគ្នា​លើ​ការបើក​ច្រកព្រំដែន​អន្តរជាតិ​ចំនួន4បន្ថែមទៀត ដោយ​ចាប់ផ្តើម​អនុវត្ត​សកម្មភាព​ចាប់ពី​ដើមឆ្នាំ2018ខាងមុខនេះ ។

លោក ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ បាន​លើកឡើងថា ថ្មីៗនេះ​រាជរដ្ឋាភិបាល​កម្ពុជា និង​ថៃ បាន​ឯកភាពគ្នា​បង្កើត​ច្រកទ្វារព្រំដែន​អន្ដរជាតិ​ចំនួន4កន្លែង​បន្ថែមទៀត។ គម្រោង​នេះ​នឹង​ផ្តល់នូវ​ភាពងាយស្រួល​ដល់​ការធ្វើដំណើរ​សម្រាប់​ភ្ញៀវទេសចរ​នៅតាម​ច្រកទ្វារព្រំដែន​អន្ដរជាតិ ហើយក៏​ជា​យុទ្ធសាស្ដ្រ​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យ​ចូលមក​ទស្សនា​ប្រទេស​កម្ពុជា​បាន​កាន់តែច្រើន​ផងដែរ។ ច្រកទ្វារព្រំដែន​អន្ដរជាតិ​ទាំង 4 រួមមាន ទី1ច្រកទ្វារ​អន្ដរជាតិ​អានសេះ​ស្ថិតក្នុង​ខេត្ដ​ព្រះវិហារ​ជាប់​ច្រក​អាន​ម៉ា ស្ថិតក្នុង​ខេត្ដ​អ៊ូ​ប៊ុន ទី2 ច្រកទ្វារ​អន្ដរជាតិ​ជប់​គគី ស្ថិតក្នុង​ខេត្ដ​ឧត្ដរមានជ័យ ជាប់​ច្រក​សែ​ទូ​គោ ខេត្ដ​បូរី​រ៉ាំ ទី3 ច្រកទ្វារ​អន្ដរជាតិ​ភ្នំ​ជី ខេត្ដ​បាត់ដំបង ជាប់​ច្រក​ខោ​ន​ឌី​ន ខេត្ដ​ស្រះកែវ និង​ទី4 ច្រកទ្វារ​អន្ដរជាតិ​ថ្មដា ខេត្ដ​ពោធិ៍សាត់ ជាប់​ច្រក​ថា​សេន ខេត្ដ​ស្រះកែវ។

ការឯកភាព​គ្នា​បើក​ច្រកទ្វារព្រំដែន​អន្ដរជាតិ​ថ្មី​ទាំង4 ត្រូវបាន​គេ​មើលឃើញថា មិន​ត្រឹមតែ​សម្រួល​ដល់​ការធ្វើដំណើរ​ដល់​ភ្ញៀវទេសចរ​មកកាន់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​នឹង​ជួយ​ជំរុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-ថៃ​ឱ្យបាន​ដល់15,000លាន​ដុ​លា្ល​រ​អាមេរិក​ក្នុង​ឆ្នាំ2020។

ជាមួយគ្នានេះ អតីត​ឯកអគ្គរាជទូត​ថៃ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្ដម Nuthavudh Photisaro ធ្លាប់បាន​លើកឡើងថា ការបើក​ច្រកព្រំដែន​បន្ថែម​ទាំង4កន្លែង​ធ្វើឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ជួយ​សម្រួល​ដល់​ដំណើរ​ឆ្លងកាត់​របស់​ភ្ញៀវទេសចរ​ក្នុងការ​ចេញចូល​ឆ្លងកាត់​ទៅមក​រវាង​ប្រទេស​ទាំងពីរ។ ដោយ​មើលឃើញ​កំណើន​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​ជា​បន្ដ​បន្ទាប់ ដូច្នេះ​ដើម្បី​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពី​អាច​ដើរ​ទៅដល់​ផែនការ​ទើប​ឈានដល់​ការឯកភាព​បើក​ច្រកព្រំដែន​អន្ដរជាតិ​ទាំង4បន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here