សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតនៅកម្ពុជា
ដោយ វុត្ថា
ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតនៅកម្ពុជា នឹងត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាពិភាក្សា និងអនុម័តនាពេលខាងមុខ ខណៈដំណក់ប្រេងលើកដំបូង ត្រូវបានមន្ត្រីជាន់ខ្ពស់កម្ពុជាអះអាងថា នឹងទទួលបាននៅក្នុងឆ្នាំ២០២០។
លោកជំទាវនិន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំចុងក្រោយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៩នេះថា ការប្រជុំសិក្សាផ្ទៃក្នុងគណៈកម្មការ ការរៀបចំសិក្ខាសាលា ក៏ដូចជាការប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ជាបន្តបន្ទាប់លើសេចក្ដីព្រាងច្បាប់ស្ដីពី ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត គឺដើម្បីធ្វើឱ្យប្រាកដថាសេចក្តីព្រាងច្បាប់នេះ ដែលនឹងអនុម័តនៅពេលដ៏ខ្លីខាងមុខ ស្របទៅនឹងបរិបទ និងសង្គមកម្ពុជា ជាពិសេសមិនប៉ះពាល់ដល់បរិស្ថាន និងទទួលបានផលប្រយោជន៍ជាអតិបរមាដល់សង្គម និងប្រជាពលរដ្ឋ។
-->
លោកជំទាវបន្តថា “សេចក្តីព្រាងច្បាប់នេះ ពិតជាមានសារៈសំខាន់ និងចាំបាច់សម្រាប់កម្ពុជា ជាពិសេសសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៦នៃរដ្ឋសភា ក្នុងការពង្រីកមូលដ្ឋានកំណើនសេដ្ឋកិច្ច តាមរយៈការជំរុញការអភិវឌ្ឍធនធានរ៉ែប្រេងកាត ដើម្បីប្រែក្លាយធនធាននេះ ឱ្យទៅជាប្រភពចំណូលថ្មីនិងសំខាន់មួយទៀត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា”។
លោកជំទាវបន្តថា “ការទទួលបាននូវដំណក់ប្រេងនេះនឹងជួយរដ្ឋាភិបាលឲ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន និងជួយជំរុញការអភិវឌ្ឍនៅកម្ពុជាឲ្យកាន់តែលឿន សំដៅរួមចំណែកដល់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ”។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោកស៊ុយ សែមបានឲ្យដឹងដែរថា សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត តាក់តែងឡើងដើម្បីឱ្យស្របនឹងបរិបទនៃវិស័យប្រេងកាតនៅកម្ពុជា និងជំរុញការអភិវឌ្ឍវិស័យប្រេងកាតប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងផលប្រយោជន៍យូរអង្វែងរបស់ប្រទេសជាតិ។
លោកបន្តថា សេចក្តីព្រាងច្បាប់នេះបានរៀបចំឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន KrisEnergy បានចុះកិច្ចព្រមព្រៀងជាមួយគ្នាកាលពីឆ្នាំ២០១៧ សម្រាប់ការអភិវឌ្ឍអណ្តូងប្រេងកាតនៅក្នុងប្លុកA នៃដែនសមុទ្រកម្ពុជា។
លោករដ្ឋមន្រ្តីបន្ថែមថា ច្បាប់នេះមានវិសាលភាពអនុវត្តលើរាល់សកម្មភាពក្នុងវិស័យប្រេងកាតនៅក្នុង បូរណភាពទឹកដី និងអធិបតេយ្យនៃកម្ពុជា រួមទាំងបាតសមុទ្រ និងស្រទាប់ដីក្រោមបាតសមុទ្រនៃតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រ ព្រមទាំងតំបន់ផ្សេងៗទៀត។
លោកថា សេចក្តីព្រាងច្បាប់នេះ បានតាក់តែងឡើងស្របតាមបទដ្ឋាន និងឧត្តមានុភាពជាអន្តរជាតិក្នុងវិស័យរ៉ែ ព្រមទាំងបានការពារដល់បរិស្ថាន និងធនធានធម្មជាតិដោយនិរន្តរភាព។
ការតាក់តែងសេចក្តីព្រាងច្បាប់នេះ ក៏មានការជួយគំាទ្រផ្នែកបច្ចេកទេសពីអ្នកជំនាញការច្បាប់ ជាតិ និងអន្តរជាតិផងដែរ ដែលមាន៩ជំពូក និង៧២មាត្រា។
លោកម៉េង ស័ក្តិធារ៉ារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបានអះអាងកន្លងមកថា កម្ពុជានឹងអាចទាញចេញផលប្រេងនៅចុងឆ្នាំ២០១៩ និងអាចទទួលបានដំណក់ប្រេងជាលើកដំបូងនៅឆ្នាំ២០២០ខាងមុខនេះ៕