ដោយ នៅ វឌ្ឈនា
សៀមរាបៈ ក្រុមហ៊ុនយក្សរបស់ប្រទេសជប៉ុន Mitsubishi Corporation គ្រោងចូលរួមចំណែកអភិវឌ្ឍន៍ខេត្តសៀមរាប លើគំរោងមួយចំនួនដើម្បីជំរុញការអភិវឌ្ឍខេត្តដ៏ល្បីល្បាញនេះប្រកបដោយនិរន្តរភាព។

ដោយ នៅ វឌ្ឈនា
សៀមរាបៈ ក្រុមហ៊ុនយក្សរបស់ប្រទេសជប៉ុន Mitsubishi Corporation គ្រោងចូលរួមចំណែកអភិវឌ្ឍន៍ខេត្តសៀមរាប លើគំរោងមួយចំនួនដើម្បីជំរុញការអភិវឌ្ឍខេត្តដ៏ល្បីល្បាញនេះប្រកបដោយនិរន្តរភាព។

ក្នុងជំនួបជាមួយលោកទៀ សីហាអភិបាលខេត្តសៀមរាបកាលពីថ្ងៃទី១១ មិថុនាកន្លងមក លោក Yogo Kanda ប្រធានក្រុមហ៊ុន Mitsubishi Corporation ប្រចាំនៅកម្ពុជាបានឲ្យដឹងថា គោលបំណងរបស់ក្រុមហ៊ុន មីតស៊ូបីស៊ី ខបភើរ៉េសី្សន មកកាន់រដ្ឋបាលខេត្តសៀមរាប ដើមី្បធ្វើយ៉ាងណាឲ្យបានចូលរួម ក្នុងកិច្ចអភិវឌ្ឍន៍នៅខេត្តសៀមរាបទៅលើគម្រោមណាមួយ ដែលខេត្តត្រូវការចាំបាច់ ព្រមទាំងបានធ្វើការបង្ហាញអំពីផលិតផលរបស់ក្រុមហ៊ុន ដែលជាក្រុមហ៊ុនមានភាពល្បីល្បាញនៅលើសកលលោក ក្នុងការបម្រើនូវតម្រូវការរបស់អតិថិជន ពាក់ព័ន្ធទៅលើរថយន្ត ជណ្តើរយន្ត និងវិស័យកាត់ដេរសម្លៀកបំពាក់ និងផ្នែកអភិវឌ្ឍន៍ផ្សេងៗ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន។
លោកក៏បានលើកឡើងពីគម្រោងមួយចំនួនដែលអាជ្ញាធរខេត្ត បានធ្វើការជាមួយរដ្ឋាភិបាលប្រទេសជប៉ុន និងតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (ចាយកា)ក្នុងកិច្ចការសង្គម ។ លោកបន្តទៀតថា ការចូលជួបសម្តែងការគួរសមនាពេលនេះ ក្នុងគោលបំណងសិក្សា ស្វែងយល់អំពីតម្រូវការចាំបាច់ ក៏ ដូចកង្វះខាតណាមួយរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងកិច្ចអភិវឌ្ឍន៍ខេត្ត ហើយក៏ជាការបង្កើតនូវភាពស្និតស្នាលរវាងវិស័យឯកជន និងរដ្ឋទៀតផង ។
លោក Yogo Kanda បានឲ្យដឹងវថា ក្រុមហ៊ុនរបស់លោកក៏គ្រោងចូលរួមអភិវឌ្ឍន៍នៅខេត្តនេះ ដើមី្បឲ្យទីក្រុងប្រវត្តិសាស្ត្រសៀមរាប ក្លាយជាក្រុងវៃឆ្លាត ប្រកបដោយ សន្តិសុខ សុវត្ថិភាព តាមរយៈការរៀបចំគម្រោង ក្នុងការភ្លើងចរាចរណ៍ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និង ការ កកស្ទះចរាចរណ៍ក្នុងក្រុងជាដើម។
លោកក៏មានចំណាប់អារម្មណ៍ក្នុងវិស័យកសិកម្ម ដោយក្រុមហ៊ុនលោក ជាអ្នកផលិតគ្រឿងយន្តកសិកម្ម ព្រមទាំងការគ្រប់គ្រងកាកសំណល់ (សម្រាម ) និងទឹកកង្វក់នៅក្នុងក្រុង រួមទាំងការ គ្រប់គ្រងរថយន្តពន្លត់អគ្គិភ័យ ។ ក្នុងនោះដែរលោកក៏បានលើកផងដែរ ចំពោះគម្រោង ក្នុងការពង្រីកក្រុងថ្មី គឺទាមទាដល់ការសិក្សាស្វែងយល់ និង កិច្ចសហប្រតិបត្តិការជាមួយគ្នាជាមួយរដ្ឋាភិបាលជប៉ុន ក៏ដូចក្រុមហ៊ុន ដើមី្បអភិវឌ្ឍន៍ខេត្ត។
អភិបាលខេត្តសៀមរាប លោកទៀ សីហា បានជម្រាបដល់ក្រុមហ៊ុន អំពីតម្រូវការ និង កង្វះខាតរបស់ខេត្ត គឺមានច្រើនលើគ្រប់វិស័យ តែកត្តាសំខាន់នោះ គឺធនធានមនុស្ស បច្ចេកទេស សម្ភារៈបរិក្ខាជាដើម ។ លោកបន្ងតថា ខេត្តសៀមរាបជាគោលដៅភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត តែចំពោះហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យទេសចរណ៍ នៅមិនទាន់បានបំពេញនូវតម្រូវការភ្ញៀវនៅឡើយ ក្រៅពីទស្សនាប្រាង្គប្រាសាទ និង រមនីយ ដ្ឋានធម្មជាតិ។
លោកក៏បានបញ្ជាក់អំពីគម្រោងរបស់ខេត្ត ក្នុងការពង្រីករមនីយដ្ឋានទេសចរណ៍ គឺនៅរមណីយដ្ឋានធ្មជាតិភ្នំគូលែន និង បឹងទន្លេសាប រួមទាំងធ្វើការពង្រីកក្រុងរណប នៅតាមបណ្តាស្រុកមួយចំនួនទៀតផង។
ការគ្រប់គ្រងកាកសំណល់ (សំរាម) ដោយមានក្រុមហ៊ុនប្រមូលសម្រាមក្នុងក្រុង តែខេត្តខ្វះខាតនូវក្រុមហ៊ុនកែច្នៃសម្រាម ដោយពុំទាន់មានក្រុមហ៊ុនណាធ្វើជាដៃគូនៅឡើយ ។ ម៉្យាងទៀតខេត្ត ក៏ពុំទាន់មានរថយន្តបោសសម្អាត នៅតាមដងផ្លូវនៅឡើយ ដោយប្រើប្រាស់កម្លាំងពលកម្មនៅឡើយ ។ ចំពោះវិស័យកសិកម្ម ខេត្តក៏ទាមទានូវតម្រូវការចាំបាច់ទាំងសម្ភារៈ និងការបណ្តុះបណ្តាលបច្ចេកទេស ។
លោកទៀ សីហាបានសំណូមពរមួយចំនួន ដល់ក្រុមហ៊ុនមីតស៊ូបីស៊ី ខបភើរ៉េសី្សន ដើមី្បជាដៃគូក្នុងកិច្ចអភិវឌ្ឍន៍ខេត្តសៀមរាប ឲ្យក្លាយជាក្រុងវៃឆ្លាត មានសោភណ្ឌភាពស្រស់ស្អាតនៅក្នុងតំបន់ទាំងមូលផងដែរ៕