ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅត្រឹមឆមាសទី១នៃឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា-កូរ៉េ ទទួលបានលទ្ធផលវិជ្ជមានគួរឱ្យកត់សម្គាល់។ ជាក់ស្ដែងនៅត្រឹមដំណាច់ខែឧសភាកន្លងទៅនេះ វិស័យពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ មានបានកើនឡើងរហូតដល់៨៥លានដុល្លារសហរដ្ឋអាមេរិក។
យោងតាមការប្រកាសលើបណ្តាញទំនាក់់ទំនងសង្គមរបស់ លោកឡូង ឌីម៉ង់ឯកអគ្គរដ្ឋទូតរបស់កម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងនាព្រឹកថ្ងៃទី១២ មិថុនានេះបានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងប្រទេស កម្ពុជា-កូរ៉េ ក្នុងខែឧសភា ២០១៩ នេះមានទឹកប្រាក់ចំនួន ៨៥លានដុល្លារ ក្នុងនោះប្រទេសកូរ៉េបានធ្វើការនាំចូលមកកាន់កម្ពុជាមានទំហំ ៦៣.៤លានដុល្លារ កើនឡើងប្រមាណ១១.២១ភាគរយ។
-->
ចំណែកឯប្រទេសកម្ពុជាបាននាំចេញទៅកាន់ប្រទេសកូរ៉េមានទំហំ២១.៦លានដុល្លារ កើនឡើងប្រមាណ៤.៣៨ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។ ដូច្នេះមានន័យថា ប្រទេសកម្ពុជានៅមានឱនភាពពាណិជ្ជកម្ម ជាមួយប្រទេសកូរ៉េចំនួន៤១.៨លានដុល្លារ នៅក្នុងខែឧសភាកន្លងទៅនេះ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលនាព្រឹកថ្ងៃដដែលនេះ ដោយបង្ហាញពីក្ដីសាទរចំពោះលទ្ធផលដែលទទួលបានពីវិស័យពាណិជ្ជកម្មរបស់ប្រទេសទាំងពីរនេះ ហើយលោកជឿថា នៅពេលបន្ទាប់ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ នឹងនៅតែបន្តមានការកើនឡើង។
លោកឧកញ៉ាបានបន្តទៀតថា “កូរ៉េខាងត្បូង និងកម្ពុជា គឺមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាយូរណាស់មកហើយ ជាពិសេសទៅលើវិស័យពាណិជ្ជកម្មតែម្ដង”។
លោកឧកញ៉ាបានបន្តទៀតថា “ ការវិនិយោគរបស់កូរ៉េមកកាន់កម្ពុជា ភាគច្រើនគឺជាការនាំចូលផលិតផលសម្រេចដូចជាសម្ភារៈសំណង់ គ្រឿងអគ្គិសនី គ្រឿងអេឡិចត្រូនិក គ្រឿងចក្រយានយន្ត និងសម្ភារៈប្រើប្រាស់ជាច្រើនប្រភេទ ខណៈដែលទីផ្សារនៅកម្ពុជាមានជំនឿជឿជាក់ ទៅលើកម្រិតគុណភាពនៃផលិតផលរបស់ប្រទេសមួយនេះ”។
លោកឧកញ៉ាបានមានប្រសាសន៍បន្តទៀតថា សម្រាប់ការនាំចេញរបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសកូរ៉េវិញ ភាគច្រើនជាផលិតផលលើវិស័យកាត់ដេរ និងកសិផល”៕