ដោយ Donald Lee
ភ្នំពេញៈ អាជ្ញាធរទីក្រុងហុងកុងនឹងស្វែងរកទីផ្សារថ្មី នៅអាស៊ីអាគ្នេយ៍ ដោយហេតុថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសអាស៊ានចូលជាធរមាននៅសប្តាហ៍នេះ។
ភាពតានតឹងកាន់តែខ្លាំងឡើង នៅក្នុងសង្គ្រាមពាណិជ្ជកម្មអាម៉េរិក-ចិន បានធ្វើឲ្យខូចខាតដល់សេដ្ឋកិច្ចហុងកុង ដែលតំបន់ពាក់កណ្ដាលស្វយ័ត និងប៉ះពាល់ដល់ទំនាក់ទំនងរបស់ខ្លួន ជាមួយដៃគូពាណិជ្ជកម្មប្រវត្តិសាស្ត្រនៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
-->
កាលពីខែមុនលោកប្រធានាធិបតីអាមេរិក Donald Trump បានដាក់ចេញនូវបញ្ជីពន្ធថ្មីលើទំនិញចិន ដែលមានតម្លៃ ៣០០ពាន់លានដុល្លារ ដែលស្មើនឹងការដំឡើងពន្ធ ២៥ភាគរយ។ ប្រសិនបើពន្ធគយនេះចូលជាធរមាន នោះការនាំចេញរបស់ទីក្រុងហុងកុងនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ការនាំចេញពីទីក្រុងហុងកុងបានធ្លាក់ចុះ២,៥នៅក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំនេះ ហើយការនាំចេញទៅកាន់សហរដ្ឋអាមេរិកមាន៧ភាគរយនៃនាំចេញសរុប។
បច្ចុប្បន្ន ហុងកុងកំពុងជំរុញធ្វើឲ្យមានការធ្វើពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសអាស៊ានដើម្បីឆ្លើយតបនឹងការខាតបង់របស់ខ្លួន។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសឹង្ហបុរី ថៃ វៀតណាម ឡាវ និងមីយ៉ាន់ម៉ាចាប់ផ្តើមនៅសប្តាហ៍នេះ ហើយក្រោយ មកទៀតនឹងរួមបញ្ចូលកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។ កិច្ចព្រមព្រៀងវិនិយោគទ្វេភាគីក៏ត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅចុងខែនេះផងដែរ។
លោក Edward Yau Tang-wah លេខាធិការពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅហុងកុងបានប្រាប់សារព័ត៌មាន South China Morning Post ថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសអាស៊ាន នឹងមានផលវិជ្ជមាន និងជាក់ស្តែងនឹងផ្តល់ ឲ្យក្រុមហ៊ុនហុងកុងនូវទំនាក់ទំនងអាជីវកម្ម និងទីតាំងធ្វើធុរកិច្ចថ្មី”។
ស្ថាបនិកនៃធនាគារធំជាងគេទី២ នៅតំបន់អាស៊ីអាគ្នេយ៍ គឺធនាគារ United Overseas Bank Ltd. (UOB) បានឲ្យដឹងថា សេដ្ឋកិច្ចអាស៊ាននឹងក្លាយទីតាំងសុវត្ថិភាពសម្រាប់វិនិយោគិន និងការវិនិយោគ ខណៈតំបន់អាស៊ីត្រូវបានរំពឹងថា នឹងទទួលរងផលប៉ះពាល់ដោយវិបត្តិសេដ្ឋកិច្ចពិភពលោក និងជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។
អគ្គនាយក UOB លោក Wee E Che Cheong បានប្រាប់សារព័ត៌មាន Bloomberg ថា “អាស៊ាននឹងក្លាយជាកន្លែងមានសុវត្ថិភាពសម្រាប់ការវិនិយោគ”។
ប្រទេសអាស៊ានមានប្រជាជនសរុបជាង៦០០លាននាក់ និងផលិតផលសរុបក្នុងស្រុកមានទំហំចំនួន២,៤ពាន់ពាន់ដុល្លារ ធ្វើឲ្យក្រុមអ្នកវិភាគមួយចំនួនហៅតំបន់នេះថាជា “ប្រទេសចិនថ្មី”។ អង្គការរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា អាស៊ាននឹងមានសេដ្ឋកិច្ចធំបំផុតទីបួននៅឆ្នាំ ២០៥០។
យោងតាមក្រុមអ្នកវិភាគទីផ្សារបានឲ្យដឹងថា មានផ្លាស់ប្តូរទីតាំងវិនិយោគពីប្រទេសចិន ទៅកាន់បណ្តាប្រទេសអាស៊ានដោយសារតែសង្គ្រាមពាណិជ្ជកម្ម។
លោក Albert Tan ហេរញ្ញិកនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បាននិយាយថា “ដោយសារតែសង្រ្គាមពាណិជ្ជកម្មកាន់តែរីកធំឡើងៗ មានក្រុមហ៊ុនមួយចំនួន ចាប់អារម្មណ៍ក្នុងការផ្លាស់ទីតាំងវិនិយោគ មកកាន់ប្រទេសកម្ពុជាពីប្រទេសចិន”៕