ដោយៈ រ៉ាណេត
ព្រះសីហនុៈ ប្រធានធនាគារដ៏ធំប្រចាំនៅខេត្តជាំងស៊ី រួមជាមួយនឹងគណៈប្រតិភូដែលតំណាងក្រុមហ៊ុនចិនជាច្រើននាក់ បានចូលមកធ្វើការសិក្សាបន្ថែមពីឱកាសវិនិយោគនៅក្នុងក្រុងព្រះសីហនុ។
លោកតឹង អ៊ីងគ័ង ប្រធានធនាគារខេត្តជាំងស៊ី ដែលជាអ្នកដឹកនាំគណៈប្រតិភូតំណាងក្រុមហ៊ុនចិនជាច្រើនទៀតដែលមានបំណងចូលមកវិនិយោគនៅក្នុងព្រះសីហនុ បានមានប្រសាសន៍ថា គណៈប្រតិភូមានគោលបំណងឈ្វេងយល់ពីសក្តានុពល និងកាវិនិយោគនៅខេត្តព្រះសីហនុ។
-->
លោកបន្តទៀតថា “ ក្រុមហ៊ុនវិនិយោគរបស់លោក ចង់មកធ្វើការវិនិយោគលើវិស័យធនគារ និងសំណង់នៅខេត្តព្រះសីហនុបន្ថែម ពីលើក្រុមហ៊ុនដែលមានស្រាប់”។ លោកបានបន្តថា “ខេត្តព្រះសីហនុ មានការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័សនៅត្រឹមរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានអ្នកវិនិយោគិន ជនជាតិចិន និងជាតិសាសន៍ដទៃទៀតមកកាន់ខេត្តមួយនេះយ៉ាងគំហុក”។
ជាមួយនឹងការចូលមកសិក្សាពីឱកាសល្អ សម្រាប់វិនិយោគនាពេលនេះ លោកក៏បានសន្យាថា នឹងជួយផ្សព្វផ្សាយបន្តពីសក្តានុពលរបស់ខេត្តព្រះសីហនុ ដល់បណ្តាអ្នកវិនិយោគនានានៅក្នុងខេត្តជាំងស៊ី ឱ្យមកកាន់ខេត្តព្រះសីហនុបន្ថែមទៀត ។
អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានលើកឡើងថា សក្តានុពលរបស់ខេត្តព្រះសីហនុគឺមានច្រើន ដូចជា វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ជាវិស័យគោលដៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត។
លោកបានមានប្រសាសន៍បន្តទៀតថា “ខេត្តព្រះសីហនុ កំពង់ផែទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិ តំបន់ឆ្នេរ និងកោះចំនួន៣៣”។ លោកបានបន្តទៀតថា “ទាំងអស់នេះគឺជាមរតកធម្មជាតិដ៏មានតម្លៃ ដែលរាជរដ្ឋាភិបាលចាត់ទុកនិងប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ -២០២៥”។
វិស័យអាទិភាពឈានមុខគេក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ នៅពេលបច្ចុប្បន្ន រួមមាន ទី១-កំពង់ផែសមុទ្រអន្តរជាតិក្រុងព្រះសីហនុ ក្នុងការដឹកជញ្ជូនតាមផ្លូវសមុទ្រជាលក្ខណៈជាតិ-អន្តរជាតិ ដែលមានទំនិញជាកុងតឺន័រ ចេញ-ចូលប្រមាណ ៧៣ភាគរយ នៃបរិមាណទំនិញនាំចេញ-ចូលទូទាំងប្រទេស ។ ទី២-ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ បច្ចុប្បន្នបាននិងកំពុងប្រតិបត្តិការ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន១០មានជើងហោះហើរចំនួន១៣៣ជើងក្នុងមួយសប្តាហ៍ ហោះហើរទៅកាន់អន្តរជាតិមាន ៩១ជើងក្នុងមួយសប្តាហ៍ និងទី៣-តំបន់សេដ្ឋកិច្ចពិសេស បានដើរតួរនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចបង្កើនការងារជូនប្រជាពលរដ្ឋ៕