ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាការសម្រួល និងបង្កើនការផ្គត់ផ្គង់ដល់តម្រូវការនៃការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ រដ្ឋាករទឹកស្វយ័តបានសម្រេចសាងសង់រោងចក្រផលិតទឹកស្អាតចំនួន៣បន្ថែមទៀត ដែលនឹងចាប់អនុវត្តគម្រោងនៅត្រឹមខែតុលា ឆ្នាំ២០១៩ខាងមុខនេះ ។
រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំនួន៣ ដែលស្ថិតនៅក្នុងគម្រោងប្លង់មេរបស់រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញដែលគ្រោងនឹងដំណើរការសាងសង់ខាងលើនេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់បាក់ខែងចំនួន ២ គម្រោង និង ១ គម្រោងទៀតមានទីតាំងស្ថិតនៅក្នុងក្រុងតាខ្មៅ ដោយរោងចក្រទាំង ៣ នេះ អាចមានលទ្ធភាពផលិតទឹកស្អាតបានរហូតដល់ទៅប្រមាណ ៤២០,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។
-->
អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក អ៊ុ សុថា បានមានប្រសាសន៍ថា ពេលនេះក្រុមមន្ត្រីជំនាញកំពុងតែធ្វើការសិក្សាយ៉ាងលម្អិតដើម្បីធ្វើយ៉ាងណាជម្រុញដំណើរការសាងសង់ឱ្យទាន់ទៅតាមគម្រោងផែនការដែលបានកំណត់ ។
លោកបានមានប្រសាសន៍ទៀតថា ៖ “ការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតទាំងនេះគឺដើម្បីដោះស្រាយបញ្ហាដែលកំពុងប្រឈម និងបំពេញទៅតាមតម្រូវការប្រើប្រាស់ជាក់ស្ដែងរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ”។
លោកបានមានប្រសាសន៍ទៀតថា ៖ “បច្ចុប្បន្ននេះយើងមានរោងចក្ររដ្ឋាករទឹកស្អាតរាជធានីភ្នំពេញ រោងចក្រផលិតទឹកស្អាតនៅក្នុងសង្កាត់ជ្រោយចង្វារ រោងចក្រទឹកស្អាតក្នុងខណ្ឌចំការមន និងរោងចក្រផលិតទឹកស្អាតនៅក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ”។
លោកបានបន្តទៀតថា ៖ “ដោយសារតែតម្រូវការនៃការប្រើប្រាស់ទឹកស្អាតនៅក្នុងរាជធានីភ្នំពេញបានកើនឡើងយ៉ាងគំហុក រោងចក្រផលិតទឹកស្អាតទាំង៤ទីតាំងខាងលើនេះ មិនអាចមានលទ្ធភាពផ្គត់ផ្គង់គ្រប់គ្រាន់នោះទេ ដែលតម្រូវឱ្យមានការសង់រោងចក្របន្ថែមទៀត” ។
នៅក្នុងដំណើរការនៃការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតទាំង៣ខាងលើនេះ ត្រូវបានបែងចែកចេញជាដំណាក់កាល។ នៅក្នុងគម្រោងប្លង់មេរបស់រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ជាជំហានដំបូងរោងចក្រស្ថិតនៅក្នុងសង្កាត់បាក់ខែងនឹងត្រូវចាប់ផ្តើមសាងសង់នៅត្រឹមខែតុលា ឆ្នាំ២០១៩ខាងមុខ និងគ្រោងបញ្ចប់នៅត្រឹមឆ្នាំ២០២២ ជាមួយនឹងលទ្ធភាពអាចផលិតទឹកស្អាតបានចំនួន១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។
ជំហានទី២ ដែលស្ថិតនៅទីតាំងដដែលនេះ នឹងគ្រោងសាងសង់នៅឆ្នាំ២០២២ ហើយបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ២០១៤ ដែលមានលទ្ធភាពផលិតទឹកស្អាតបានចំនួន ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃដូចគ្នា។ ដោយឡែកចំពោះរោងចក្រផលិតទឹកស្អាតដែលស្ថិតនៅក្រុងតាខ្មៅ នឹងត្រូវសាងសង់នៅត្រឹមឆ្នាំ២០២២ ហើយបញ្ចប់នៅត្រឹមឆ្នាំ២០២៤ដូចគ្នា ប៉ុន្តែមានលទ្ធភាពអាចផលិតទឹកស្អាតបានចំនួន ៣០,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។
យ៉ាងណាក៏ដោយ ជាមួយនឹងគម្រោងនៃការសាងសង់រោងចក្រផលិតទឹកស្អាតទាំង៣ខាងលើនេះ ក្រៅពីអាចផ្គត់ផ្គង់ទៅតាមតម្រូវការប្រើប្រាស់គ្រប់គ្រាន់ គឺអាចនឹងមានការបញ្ចុះតម្លៃបានមួយកម្រិតទៀតផងដែរ ខណៈដែលពេលបច្ចុប្បន្នតម្លៃទឹកស្អាតហាក់នៅមានកម្រិតខ្ពស់នៅឡើយ ៕