ដោយ វុត្ថា
ភ្នំពេញៈ ក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះចាប់តាំងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ នេះ សហភាពអឺរ៉ុប បានផ្តល់ថវិកាប្រមាណ១១៣០លានដុល្លារសហរដ្ឋអាមេរិក ក្រោមកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជាប្រកដោយនីរន្តរភាព។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC)n បានឲ្យដឹងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៩ នេះថា ក្នុងអំឡុងពេលនៃការអនុវត្តយុទ្ធសាស្ត្រនេះភាពជាដៃគូ ជាមួយសភាពអឺរ៉ុបបានផ្តល់ហិរញ្ញប្បទាន សរុបចំនួន១១៣០លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍន៍កម្ពុជា ក្នុងនោះហិរញ្ញប្បទានឥតសំណងប្រមាណ៨១៨ លានដុល្លារអាមេរិក និងឥណទានសម្បទានប្រមាណ៣១១លានដុល្លារអាមេរិក។
-->
សេចក្តីប្រកាសព័ត៌មានេះបន្តថា យុទ្ធសាស្ត្ររួមថ្មីរបស់សហភាពអឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា នឹងបន្តអនុវត្ត និងពង្រឹងបន្ថែមទៅលើភាពជោគជ័យ ដែលសម្រេចបានដោយយុទ្ធសាស្ត្រអឺរ៉ុប។ យុទ្ធសាស្ត្រនេះ នឹងត្រូវរៀបចំឡើងដោយមានសង្គតិភាពជាមួយនឹងផែនការ និងយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាលកម្ពុជារួមមាន៖ យុទ្ធសាស្ត្រតុកោណចតុកោណដំណាក់កាលទី៤។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ ២០១៩-២០២៣។ ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ ២០១៦-២០៣០ និងយុទ្ធសាស្ត្រតាមវិស័យដទៃទៀត។
យុទ្ធសាស្ត្រថ្មីនេះ នឹងចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០១៩-២០២៣ ដែលផ្តោតសំខាន់លើការពង្រឹងភាពជាម្ចាស់របស់រាជរដ្ឋាភិបាល និងការជំរុញភាពជាដៃគូប្រកបដោយបរិបន្ន និងលទ្ធផល ក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា។ ការសម្រេចរៀបចំយុទ្ធសាស្ត្រថ្មីរបស់អឺរ៉ុបនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាបន្តគាំទ្ររបស់ដៃគូអឺរ៉ុប សម្រាប់គាំទ្រដំណើការនៃកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។
យុទ្ធសាស្ត្ររួមរបស់សហភាពអឺរ៉ុបស្តីពី កិច្ចសហប្រតិបត្តិការអភិឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ ២០១៤-២០១៩ ត្រូវបានដាក់ឲ្យអនុវត្តជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ ២០១៤ ដោយផ្តោតលើអាទិភាពចំនួន ៥ គឺ ១) វិស័យអភិបាលកិច្ច ២) ការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងចីរភាព ៣) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ៤) ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កើតការងារ និង៥) ការអភិវឌ្ឍន៍ធនធានមនុស្ស។
នៅក្នុងជំនួបជាមួយលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រិ អគ្គលេខាធិការគណៈកម្មាធិការនិតិសម្បទា និងអភិវឌ្ឍន៍កម្ពុជាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា នៅថ្ងៃទី ១២ ខែមិថុនា ម្សិលមិញនេះ ភាគីទាំងពីរបានពិភាក្សាអំពីការ ត្រៀមរៀបចំយុទ្ធសាស្ត្ររួមថ្មីរបស់សហភាពអឺរ៉ុបស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ក៏ដូចជា ពិភាក្សា និងផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈម និងវិស័យអាទិភាពរបស់កម្ពុជា សម្រាប់រយៈពេលមធ្យម៧ ទៅ១០ឆ្នាំ ពិសេសក្នុងបរិបទ នៃការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពកម្ពុជា និងការចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួច៕