ដោយ វីរៈ
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានជូនដំណឹងផ្លូវការដល់ស្ថានទូតហ្វីលីពីនប្រចាំកម្ពុជាជាផ្លូវការ ដោយអនុញ្ញាត្តឲ្យប្រជាពលរដ្ឋហ្វីលីពីន អាចចូលមកទស្សនាកម្ពុជាបានក្នុងរយៈពេល៣០ថ្ងៃ ដោយមិនចាំបាច់សុំវិសា។
យោងតាមសេចក្តីជូនដំណឹង ដែលបានចេញផ្សាយនៅរសៀលថ្ងៃទី១៣ មិថុនានេះបានបញ្ជាក់ថា «ស្ថានទូតហ្វីលីពីនសូមជូនជំណឹងដល់ពលរដ្ឋហ្វីលីពីនទាំងអស់ ឱ្យជ្រាបថា រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា នៅក្រោមស្មារតីបដិភាព បានយល់ស្របចំពោះសំណើរបស់ស្ថានទូត ដែលស្នើឱ្យមានការពន្យាររយៈពេលស្នាក់នៅ សម្រាប់ពលរដ្ឋហ្វីលីពីន ដែលកាន់លិខិតឆ្លងដែនទូទៅធម្មតា និងចូលមកក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង ដោយពុំមានទិដ្ឋាការ ចាប់ពី២១ថ្ងៃ ឱ្យដល់៣០ថ្ងៃតែម្តង ហើយអាចនឹងពន្យារពេលបាន ៣០ថ្ងៃទៀត ប៉ុន្តែបានតែម្តងគត់។
បើតាមសេចក្តីជូនដំណឹងដដែលបានឱ្យដឹងទៀតថា សម្រាប់ពលរដ្ឋហ្វីលីពីន ដែលមានបំណងចង់ស្នាក់នៅក្នុងប្រទេសកម្ពុជា លើសពី៦០ថ្ងៃ គួរតែដាក់ពាក្យសុំទិដ្ឋាការភ្លាមៗ នៅពេលឈានជើងចូលមកដល់ប្រទេសកម្ពុជា ដើម្បីចៀសសវាងបញ្ហារំខានផ្សេងៗ។
លោកកេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានប្រាប់គេហទំព៍រក្នុងស្រុកមួយថា ការអនុគ្រោះរបស់កម្ពុជា ចំពោះពលរដ្ឋហ្វីលីពីនេះ គឺជាការសម្របសម្រួលក្នុងនាមសមាជិកអាស៊ានដូចគ្នា៕







