អគារនៃធនាគារជាតិនៃកម្ពុជា
ដោយម៉ា ណេត
ភ្នំពេញៈ តួនាទីធនាគារនានា ដែលកំពុងបង្ហូរឥណទានរាប់ពាន់លានដុល្លារបានក្លាយជាកម្លាំងចលករមួយដ៏សំខាន់ ក្នុងការជំរុញកំណើនវិស័យសំណង់ និងអចលនទ្រព្យដែលកំពុងមានការរីកចម្រើនខ្លាំង ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។
ប្រធានផ្នែកលក់ និងទីផ្សារនៃបុរីវិមានភ្នំពេញ អ្នកនាង ឆាយ ស៊ីណា បាននិយាយកាលពីពេលថ្មីៗនេះថា ធនាគារពិតជាដើរតួនាទីសំខាន់ណាស់ ក្នុងការជំរុញវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ព្រោះអ្នកទិញលំនៅឋានបច្ចុប្បន្ន៩០ភាគរយ បានប្រើប្រាស់ឥណទានរបស់ធនាគារនានា ដែលអត្រាការប្រាក់បាននិងកំពុងធ្លាក់ចុះមកនៅត្រឹមជាង៨ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ។ អ្នកនាងបន្តថា អ្នកខ្លះបានប្រើប្រាស់ការបង់រំលស់តាមរយៈក្រុមហ៊ុន និងខ្លះទៀតបានប្រើប្រាស់ឥណទានរបស់ធនាគារ។
-->
អ្នកនាងបានថ្លែងថា “អ្នកប្រើប្រាស់ឥណទានធនាគារភាគច្រើន ជាប្រជាជនវ័យក្មេង ដែលទើបរៀបការហើយបែកពីគ្រួសារមករស់នៅជាមួយប្តី ប្រពន្ធរបស់ពួកគេ ប៉ុន្តែសម្រាប់មនុស្សវ័យចំណាស់ មិនសូវប្រើប្រាស់ឥណទានរបស់ធនាគារនោះទេ ពួកគេតែងតែប្រើប្រាស់សាច់ប្រាក់សុទ្ធ ដើម្បីទិញលំនៅឋានសម្រាប់រស់នៅ ក៏ដូចជាទិញលំនៅឋានសម្រាប់កូនរបស់ពួកគេ”។
ទោះបីជាយ៉ាងណាលោក អ៊ីន ស៊ីផាន់ នាយកប្រតិបត្តិឥណទាននៃធនាគារអេស៊ីលីដាបានថ្លែងថា ឥណទានលំនៅឋាន មិនមែនជាផ្នែកអាទិភាពរបស់ធនាគារអេស៊ីលីដានោះទេ ព្រោះមានឥណទានរបស់ធនាគារ សម្រាប់វិស័យអចលនវត្ថុ៧ភាគរយ និងឥណទានសម្រាប់ជួសជុលលំនៅឋាន ប្រមាណ១ភាគរយប៉ុណ្ណោះនៃឥណទានរបស់ធនាគារអេស៊ីលីដាសរុប។ លោកបន្តថា ប៉ុន្តែទោះជាយ៉ាងណាឥណទានសម្រាប់វិស័យលំនៅឋានបានកើនឡើងជារៀងរាល់ឆ្នាំ ជាក់ស្តែងរយៈពេល៨ខែដើមឆ្នាំនេះ ធនាគារបានផ្តល់ឥណទានដល់ប្រជាពលរដ្ឋចំនួនជិត៧០០០ឥណទាន និងមានទឹកប្រាក់ជាង១៦០លានដុល្លារអាមេរិក។
លោកបន្តថា “ឥណទានលំនៅឋាន បានជួយជំរុញដល់កំណើនវិស័យអចលនទ្រព្យច្រើន ព្រោះពេលសេដ្ឋកិច្ចរីកចម្រើន និងកំណើនប្រជាពលរដ្ឋពិសេសក្មេងស្រករក្រោយដែលរៀបការហើយបានបែកពីឪពុកម្តាយ ទៅទិញលំនៅឋានថ្មីៗច្រើនដែលបានធ្វើឲ្យវិស័យអចលនទ្រព្យរីកចម្រើន”។ លោកបន្តថា“ក្រោយវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ២០០៨ ធនាគារជាតិបានកំណត់ឲ្យធនាគារនានា ផ្តល់ឥណទានលំនៅឋានមិនលើស១៥ភាគរយនៃឥណទានសរុបនោះទេ ប៉ុន្តែក្រោយមកធនាគារជាតិបានដកបម្រាមនេះចេញ តែធនាគារអេស៊ីលីដានៅតែប្រកាន់គោលការណ៍ដដែល គឺផ្តល់ឥណទានសម្រាប់ វិស័យអចលនទ្រព្យមិនលើស១៥ភាគរយដដែល ព្រោះឥណទានសម្រាប់វិស័យអចលនទ្រព្យ ជាឥណទានដែលមានហានិភ័យខ្ពស់”។
អ្នកដែលទទួលឥណទានលំនៅឋានពីធនាគារភាគច្រើន ជាប្រជាជនវ័យក្មេងដែលទើបរៀបការរួច និងអ្នកខ្លះមានឪពុកម្តាយជាអ្នកទិញឲ្យ។
តើការផ្តល់ឥណទានមានភាពប្រុងប្រយ័ត្នយ៉ាងដូចម្តេច ដើម្បីបញ្ចៀសហានិភ័យ? លោកអ៊ីន ស៊ីផាន់ បានថ្លែងថា បញ្ហាសំខាន់នៃការផ្តល់ឥណទាន គឺយើងយកចិត្តទុកដាក់វាយតម្លៃអតិថិជនឲ្យបានត្រឹមត្រូវ ប៉ុន្តែយើងក៏ប្រុងប្រយ័ត្នពីការវាយតម្លៃមិនត្រឹមត្រូវដែរ ព្រោះបើវាយតម្លៃខុស ទោះបីជាអ្នកវិភាគពូកែយ៉ាងណាក៏ដោយ ក៏ពួកគេវិភាគខុសដែរ ព្រោះពួកគេទទួលបានព័ត៌មានខុស។ លោកបន្តថា តាមធម្មតាអតិថិជនតែងចង់បំប៉ោងពីចំណូលពីមុខរបររបស់ខ្លួន ដើម្បីទទួលបានឥណទានច្រើន។ ដូចនេះទើបយើងជ្រើសរើសអតិថិជនផ្អែកលើប្រវត្តិ និងអត្តចរិករបស់គាត់នៅក្នុងសង្គម និងផ្តោតលើសមត្ថភាពនៃការសងត្រឡប់មកវិញ។
លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមទីប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ឧបមាថាយើងទិញត្រី ទិញបន្លែ ទិញអង្ករ យើងទិញមកភ្លាមគឺយកមកហូបភ្លាម តែការទិញផ្ទះ ឬអចលនទ្រព្យដទៃទៀតមិនមែនហូបភ្លាមទេ ព្រោះវាជារបស់អាចទុកយូរបាន និងជាចំនួនលុយធំហើយអ្នកទិញមិនសូវមានប្រាក់នោះទេ គឺភាគច្រើនពួកគេបានប្រើប្រាស់ឥណទានរបស់ធនាគារ ដោយរំពឹងលើការសងត្រឡប់នៅថ្ងៃអនាគត ប៉ុន្តែប្រសិនបើធ្វើផ្ទះលក់ ឬជួលហើយជួលមិនដាច់ នោះនឹងធ្វើពួកគេឲ្យគ្មានប្រាក់សងធនាគារ និងអាចធ្វើឲ្យធនាគារដួលរំលំ ហើយពេលធនាគារដួលរលំ វានឹងធ្វើឲ្យដួលប្រព័ន្ធហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិ។
លោកបានមានប្រសាសន៍ថា “ត្រូវប្រយ័ត្នប្រយែង ព្រោះបើសង់ផ្ទះជួលតែជួលមិនបាន សង់ផ្ទះលក់ហើយលក់មិនចេញ វានឹងធ្វើឲ្យមានបញ្ហា។ ដូចនេះកុំធ្វើខ្លាំងពេក កុំជ្រុលនិយមជារឿងល្អ”។លោកបានបន្ថែមថា “រដ្ឋាភិបាលក៏បានគិតគូ និងមានភាពប្រយ័ត្នប្រយែង ព្រោះការប្រយ័ត្នប្រយែងជារឿងសំខាន់ និងកុំធ្វើអ្វីលឿនពេក។ វិស័យដែលរីកចម្រើនលឿនពេក តែងតែមានមហន្តរាយនៅថ្ងៃក្រោយ”។
បណ្ឌិត ម៉ី កល្យាណ បានបន្តថា រដ្ឋាភិបាលគួរគ្រប់គ្រងលំហូរសាច់ប្រាក់ឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យមានលំហូរសាច់ប្រាក់ចូលក្នុងវិស័យនេះច្រើនពេក តែការទប់លំហូរសាច់ប្រាក់ក៏ធ្វើឲ្យសេដ្ឋកិច្ចមិនដើរផងដែរ ដូចនេះការគ្រប់គ្រងលំហូរសាច់ប្រាក់គួរធ្វើឲ្យភាពថ្លឹងថ្លែងផងដែរ។
ទោះបីជាយ៉ាងណាឯកឧត្តម ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា រហូតមកទល់ពេលនេះ ក្រសួងមិនទាន់មើលឃើញមានហានិភ័យណាមួយ ក្នុងវិស័យអចលនទ្រព្យនៅឡើយទេ ប៉ុន្តែក្រសួងបាន និងកំពុងធ្វើការជាមួយអ្នកវិនិយោគក្នុងវិស័យនេះ ដើម្បីគ្រប់គ្រងទិន្ធន័យពីការអភិវឌ្ឍ តម្រូវការ និងការផ្គត់ផ្គង់ឲ្យបានច្បាស់លាស់ ដើម្បីទប់ស្កាត់ហានិភ័យក្នុងវិស័យនេះនាពេលអនាគត។
លោកថ្លែងថា “ការគ្រប់គ្រងទិន្នន័យ និងការគ្រប់គ្រងលំហូរសាច់ប្រាក់ចូលមកក្នុងវិស័យនេះមានសារសំខាន់ណាស់ ដើម្បីយើងអាចគ្រប់គ្រងដំណើរវិវត្តន៍រីកចម្រើនក្នុងវិស័យនេះឲ្យមាននិរន្តរភាព”៕