រដ្ឋាភិបាល​រំពឹង​ថា​នឹង​ទទួល​បាន​ចំណូល​ប្រមាណ​ ៧០លាន​ដុល្លារ​ពី​វិស័យ​កាស៊ីណូ​នៅ​ឆ្នាំនេះ​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​មាន​សុ​ទិដ្ឋ​និយម​ នឹងអាច​ប្រមូលប្រាក់​ចំណូល​ពន្ធ ៧០លាន​ដុល្លារ​ពី​វិស័យ​កាស៊ីណូ​នៅ​ឆ្នាំ២០១៩​ ខណៈ២០១៨​ កម្ពុជា​ប្រមូល​ពន្ធ​បាន​គិតជា​ទឹកប្រាក់​ចំនួន៤៦លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោង​តាម​គេហទំព័រ​ GGR​ Asia ​ចុះផ្សាយ​កាលពី​ម្សិលមិញ​នេះ​។

លោក​ រស់​ ភា​រុន​ អ្នកនាំពាក្យ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​មានប្រសាសន៍​ថា​ អាជ្ញាធរ​នៅ​កម្ពុជា​បាន​ផ្តល់​អាជ្ញាប័ណ្ណ​កាស៊ីណូ​ចំនួន១៣​ ក្នុងរយៈពេល៤ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ខណៈ​អាជ្ញាធរ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​កាស៊ីណូ​សរុប​ចំនួន១៦៣មក​ហើយ​រហូតមកដល់​ពេលនេះ​។ លោក​ភា​រុន​បាន​ឲ្យដឹង​ថា​ អាជ្ញាប័ណ្ណ​ចំនួន៩១​ ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​កាស៊ីណូ​នៅ​ខេត្ត​ព្រះសីហនុ​ ដែល​ជា​តំបន់​មួយ​ដែល​រួមបញ្ចូល​ទិសដៅ​កាស៊ីណូ​នៅ​ប៉ែក​ខាងត្បូង​ ខេត្ត​ព្រះសីហនុ​។

លោក​មានប្រសាសន៍​ថា​ “យើង​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ច្រើន​ ប៉ុន្តែ​មានតែ​កាស៊ីណូ​ចំនួន៥១ប៉ុណ្ណោះ​ដែល​កំពុង​ដំណើរការ​។ ចំណែក​ចំនួន​នៅសល់​កំពុង​ត្រូវ​បាន​សាងសង់​ ខណៈ​ដែល​មួយចំនួន​បាន​ផ្អាក​ប្រតិបត្តិ​ការ​”។ លោក​បាន​មានប្រសាសន៍​ថា​ “ការ​កើនឡើង​នៃ​ចំនួន​កាស៊ីណូ​ បាន​ឆ្លុះបញ្ចាំង​ពី​ការ​កើនឡើង​នៃ​ភ្ញៀវ​ទេសចរ​ ជាពិសេស​ប្រទេស​ចិន​”។

លោក​រស់​ ភា​រុន​បាន​ឲ្យដឹង​ថា​ រដ្ឋាភិបាល​រំពឹង​ទុក​ថា​ នឹង​ប្រមូល​ចំណូល​ពន្ធ​បាន​ ៧០ដុល្លារ​ពី​វិស័យ​កាស៊ីណូ​នៅ​ឆ្នាំ​ បើ​ធៀប​នឹង​ឆ្នាំមុន​ពន្ធ​ពី​វិស័យ​ប្រមូល​បាន​ត្រឹមតែ៤៦​ លាន​ដុល្លារ​។

លោក​បាន​បន្ថែម​ថា​ ក្រសួង​ពាក់ព័ន្ធ​បាន​បញ្ចប់​ការ​ធ្វើ​សេចក្តី​ព្រាងច្បាប់​ គ្រប់គ្រង​វិស័យ​កាស៊ីណូ​ ហើយ​សេចក្តី​ព្រាងច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ទី​ស្ដី​ ការ​គណៈរដ្ឋមន្រ្តី​ក្នុង​ពេល​ឆាប់​ៗខាងមុខ​ ដើម្បី​ពិនិត្យមើល​ការ​អនុម័ត​ច្បាប់​នេះ​។

លោក​បាន​មានប្រសាសន៍​ថា​ “ជាមួយនឹង​ច្បាប់​នេះ​យើង​សង្ឃឹមថា​ នឹង​ទាក់ទាញ​វិនិយោគិន​កា​ស៊ី​ណូ​ធំៗ​ និង​បង្កើន​ប្រាក់ចំណូល​ពី​វិស័យ​នេះ​។ ខ្ញុំ​គិតថា​ជា​លទ្ធផល​នៃ​ច្បាប់​នេះ​ ប្រាក់ចំណូល​ប្រមូល​បាន​ពី​វិស័យ​នេះ​នឹង​កើន​ទ្វេដង​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here