ដោយ វុត្ថា
ហុងគ្រីៈ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសហុងគ្រី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីពង្រឹងនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ដោយផ្អែកលើសមភាព និងផលប្រយោជន៍រួម។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៩ ម្សិលមិញបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះគ្របដណ្តប់លើវិស័យសំខាន់ៗជាច្រើន រាប់ចាប់តាំងពីការធ្វើពាណិជ្ជកម្ម វិនិយោគ សំណង់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត វិស្វកម្ម កសិកម្ម ឧស្សហកម្ម បរិស្ថាន ថាមពល សុខាភិបាល ទូរគមនាគន៍ ព័ត៌មានវិទ្យា បច្ចេកវិទ្យា អប់រំ ទេសចរណ៍ កម្មសិទ្ធិបញ្ញា ហិរញ្ញវត្ថុ និងធនាគារ វិទ្យាសាស្ត្រ និងការស្រាវជ្រាវ ព្រមទាំងសហគ្រាសធុនតូច និងមធ្យម ដើម្បីបម្រើការអភិវឌ្ឍកំណើនសេដ្ឋកិច្ចគ្នាទៅវិញទៅមក។
លោករដ្ឋមន្ត្រីថា “ក្រៅពីនេះវិស័យផ្សេងទៀត ក៏នឹងត្រូវបានប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា-ហុងគ្រី ធ្វើការពង្រីកបន្ថែមផងដែរ ជាពិសេសទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានកាត់ផ្តាច់ដោយសារ តែវិបត្តិសង្គ្រាមស៊ីវិលនៅកម្ពុជា កាលពីកំឡុងឆ្នាំ១៩៧៥”។
លោករដ្ឋមន្ត្រីបន្ថែមថា តាមរយៈការចុះកិច្ចព្រមព្រៀងថ្ងៃនេះ កម្ពុជារំពឹងថានឹងជួយបង្កើនទំហំពាណិជ្ជកម្មប្រទេសទាំងពីរថែមទៀត ខណៈដែលបច្ចុប្បន្នការធ្វើពាណិជ្ជកម្មនៅមានចំនួនតិចតួចនៅឡើយ ពោលគឺចាប់ពីឆ្នាំ២០១៣ រហូតដល់ឆ្នាំពាក់កណ្តាលឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ហុងគ្រី មានចំនួនជាង១៦លានដុល្លារអាមេរិកប៉ុណ្ណោះ។ ក្នុងនោះកម្ពុជានាំចេញទៅហុងគ្រីមានទឹកប្រាក់១៣លានដុល្លារអាមេរិក និងនាំចូលមានទឹកប្រាក់ជាង ៣លានដុល្លារអាមេរិក។
ពិធីចុះកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងស្របគ្នានឹងដំណើរទស្សកិច្ចផ្លូវការរយៈពេល២ថ្ងៃ របស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែនទៅកាន់សាធារណរដ្ឋហុងគ្រី ដើម្បីចូលរួមសន្និសីទកំពូលស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៥ ដែលនឹងរៀបចំឡើងនៅទីក្រុងឌូស្ហាន់បេ៕






