ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ចាប់ពីថ្ងៃទី ២២ ដល់ ២៣ ខែមិថុនា ឆ្នាំ ២០១៩ ខាងមុខនេះ នៅទីក្រុងបាកក ប្រទេសថៃ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ច័ន្ធអូចា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៩ នេះ បានឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នេះ ក្រោមមូលបទ “ជំរុញភាពជាដៃគូសម្រាប់ចីរភាព” នឹងផ្តោតការយកចិត្តទុកដាក់ដល់ការលើកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹងកុងសង់ស៊ីស ក្នុងចំណោមសមាជិកអាស៊ាន ដើម្បីដោះស្រាយការប្រឈមសកលថ្មីៗ។
-->
សេចក្តីប្រកាសព័ត៌មាននេះបន្តថា កិច្ចប្រជុំកំពូលក៏នឹងរិះរកមធ្យោបាយនានាក្នុងការធ្វើឱ្យអាស៊ានឈានទៅកាន់កម្រិតខ្ពស់ថែមទៀត ប្រកបដោយចីរភាព និងមានការតភ្ជាប់ដោយរលូន។
ស្របពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នេះ សម្តេតេជោ ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំ និងកម្មវិធីមួយចំនួនដូចជា កិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន កិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ានជាមួយក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន និងកិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ានជាមួយតំណាងយុវជនអាំស៊ាន។
ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នេះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងចូលរួមរដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំលើកទី១៩ របស់ក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន និងកិច្ចប្រជុំលើកទី២៣ របស់ក្រុមប្រឹក្សាសម្រប់សម្រួលអាស៊ាន ដែលកិច្ចប្រជុំទាំងនេះ នឹងប្រព្រឹត្តិទៅពីថ្ងៃទី ២១-២២ ខែមិថុនា ឆ្នាំ ២០១៩។
មានការរំពឹងទុកថា លទ្ធផលកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នេះ នឹងឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការជំរុញដំណើរការកសាងសហគមន៍ និងលើកកម្ពស់ភាពជាដៃគូរបស់អាស៊ានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងចំណោមបញ្ហាផ្សេងៗទៀត ដើម្បីសម្របសម្រួលឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាព យូរអង្វែងក្នុងតំបន់ ដើម្បីជាផលប្រយោជន៍ដល់ប្រជាជនអាស៊ាន៕