ដោយ Donald Lee
ភ្នំពេញ: រដ្ឋាភិបាលសហរដ្ឋអាមេរិក បានដាក់ពិន័យលើក្រុមហ៊ុនចិន ដែលបានប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) ក្នុងការដឹកជញ្ជូនទំនិញទៅកាន់សហរដ្ឋអាមេរិក ដែលជាការបញ្ជៀសការដាក់ពន្ធពាណិជ្ជកម្ម របស់លោកប្រធានាធិបតីអាមេរិក Donald Trump លើទំនិញរបស់ចិន។
លោក Arend Zwartjes អ្នកនាំពាក្យស្ថានទូតអាមេរិប្រចាំនៅក្នុងប្រទេសកម្ពុជាបានប្រាប់សារព័ត៌មាន Reuters នៅថ្ងៃនេះថា ក្រសួងសន្តិសុខអាមេរិក (Department of Homeland Security) បានត្រួតពិនិត្យ និងពិន័យដល់ក្រុមហ៊ុនមួយចំនួនរបស់ចិនសម្រាប់ការគេចវេសការបង់ពន្ធ ក្នុងការនាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិកចេញពីប្រទេសកម្ពុជា។
ក្រោមកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក ប្រទេសកម្ពុជាត្រូវបាននាំចេញទៅអាមេរិកដោយឥតគិតពន្ធ ខណៈដែលការនាំចេញទំនិញរបស់ចិនទៅអាមេរិកបាននិងកំពុងកើនឡើងតម្លៃ ដោយសារការដំឡើងពន្ធពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump។
លោក Trump កាលពីខែមុនបានបញ្ជា ឱ្យដំឡើងពន្ធនាំចូលចំនួន២៥ភាគរយលើទំនិញរបស់ចិន ដែលមានតម្លៃ ២០០ពាន់លានដុល្លារ ហើយបានគំរាមបង្កើនផលិតផលបន្ថែមទៀតដែលមានតម្លៃ ៣០០ពាន់លានដុល្លារ។
ឧស្សាហកម្មកាត់ដេរ ជាឧស្សាហកម្មធំបំផុតនៅក្នុងប្រទេសកម្ពុជា ដែលវិនិយោគដោយក្រុមហ៊ុនចិនមានតម្លៃ ៧ពាន់លានដុល្លារ ដែលបានដឹកជញ្ជូនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប៕






