ដោយ វុត្ថា
ភ្នំពេញៈ ធនាគារវិនិយោគអឺរ៉ុប (EIB) បានសម្រេចផ្តល់ឥណទានសម្បទានចំនួន ៦០ លានដុល្លារអាមេរិក លើ “គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង” ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៩ នេះថា គម្រោងនេះ មានរយៈពេលអនុវត្តចំនួន ៤ ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់២០២២ និងមានគោលដៅបង្កើនសមត្ថភាពផលិតទឹកស្អាត បន្ថែមរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញប្រមាណ១៩៥, ០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ នៅក្នុងឆ្នាំ២០២២ បន្ថែមលើសមត្ថភាពផលិតដែលមានស្រាប់បច្ចុប្បន្ន ៥៦០,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។
-->
គម្រោងនេះ មានទឹកប្រាក់សរុបចំនួន២៤៧លានដុល្លារអាមេរិក ក្នុងនោះឥណទានសម្បទានពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ចំនួន៨៥ លានដុល្លារអាមេរិក ឥណទាសម្បទានសរុបពី EIB ចំនួន១០០ លានដុល្លារអាមេរិក ហិរញ្ញប្បទានឥតសំណងពីសហគមន៍អឺរ៉ុប (EU/ Asian Investment Facility) ចំនួន១៥លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់រដ្ឋករទឹកស្វយ័ត ក្រុងភ្នំពេញចំនួន៤៧លានដុល្លារអាមេរិក។ រដ្ឋាករទឹកស្វយ័យក្រុងភ្នំពេញ គឺជាភ្នាក់ងារប្រតិបត្តិការគម្រោងខាងលើនេះ និងជាអ្នកខ្ចីបន្តពីរាជរដ្ឋាភិបាលកម្ពុជា។

លោក ហែម វណ្ណឌីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានថ្លែងថា ក្នុងនាមរដ្ឋាភិបាល និងប្រជាជជកម្ពុជា នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានកាលពី ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៩, នៅទីស្នាក់ការកណ្តាលរបស់សហភាពអឺរ៉ុប នាទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក បានចាត់ទុក ធនាគារ EIB ដែលបានរួមចំណែកផ្តល់ហិរញ្ញប្បទានគាំទ្រគម្រោងនេះ ក៏ដូចជា កំពុងបន្តគាំទ្រដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងគម្រោងពង្រីកការផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការដល់វិស័យផ្សេងទៀត ដែលបម្រើដល់អាទិភាពនៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា៕