ដោយ វុត្ថា
ភ្នំពេញៈ សាលារាជធានីភ្នំពេញ សហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បាននឹងកំពុងកំពុងរៀបផែនការមេកែលម្អប្រព័ន្ធលូ និងទឹកសំអុយដំណាក់កាលទី ៤ក្នុងទីក្រុង ខណៈផែនការទីត្រូវបានបញ្ចប់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវនូវហេដ្ឋារនាសម្ព័ន្ធក្រុង និងបញ្ជៀសទឹកលិច។

-->
រដ្ឋបាលរាជធានីភ្នំពេញនិងអង្គការ JICA កាលពីថ្ងៃទី ២០ ខែមិថុនា ពីម្សិលមិញនេះ បានបើកសិក្ខាសាលាពិគ្រោះយោបល់ជុំវិញផែនការមេ កែលម្អប្រព័ន្ធលូនិងទឹកសំអុយនៅរាជធានីភ្នំពេញ ដើម្បីប្រមូលនូវមតិយោបល់ធាតុផ្សំនានា លើគម្រោងកែលម្អប្រព័ន្ធលូ និងទឹកសំអុយនេះអោយបានប្រសើរឡើង។
លោក Sugnano Yuichi ប្រធានតំណាងការិយាល័យ JICA ប្រចាំកម្ពុជាឲ្យដឹងថាអង្គការ JICA គឺជាអង្គការមួយដែលបានជួយរាជធានីភ្នំពេញច្រើន លើការកែលម្អប្រព័ន្ធលូប្រឡាយនៅក្នុងរាជធានីភ្នំពេញ ក្នុងនោះគម្រោងកែលម្អប្រព័ន្ធលូជំហានទី១បានធ្វើឡើងពីឆ្នាំ២០០១ដល់ឆ្នាំ២០០៤។ជំហានទី២ចាប់ពីឆ្នាំ២០០៧ដល់ឆ្នាំ២០១០។ ជំហានទី៣ចាប់ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៥ ហើយគម្រោងទាំង៣នេះបានបញ្ចប់ហើយនិងបានបន្តគម្រោងទី៤ទៀត ដោយចាប់ផ្តើមអនុវត្តគម្រោងនេះ ចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២១ ហើយគម្រោងនេះដែរបាន និងកំពុងដាក់លូមេនៅជិតវត្តភ្នំខណ្ឌដូនពេញនិងនៅម្តុំផ្ទះសម្តេចទាបាញ់ក្នុងខណ្ឌទួលគោក។
លោកបានបញ្ជាក់ផងដែរថាក្រោយឆ្នាំ២០២១ ពោលគឺក្រោយពីបញ្ចប់ជំហានទី៤នេះសង្ឃឹមថាតំបន់មួយចំនួនខាងលើ នឹងលែងទទួលរងការលិចលង់ដោយទឹកជំនន់ទៀតហើយ។ បន្ទាប់មកទៀត JICA និងអនុវត្តគម្រោងជំហានទី៥ទៀត នៅតំបន់ព្រលានយន្តហោះភ្នំពេញ។
លោកនួនផារ័ត្ន អភិបាលរងសាលារាជធានីភ្នំពេញបានឱ្យដឹងថា បើនិយាយពីផែនការរំដោះទឹកលិចលង់នៅភ្នំពេញ យើងមិនមែនគិតតែតំបន់នៅភ្នំពេញនោះទេ គឺត្រូវនិយាយពីតំបន់ជុំវិញភ្នំពេញ។ប្លង់មេរបស់យើងមាន៣ ដូចជា ទី១ ប្លង់មេលើការកែលំអរប្រព័ន្ធលូប្រឡាយទឹកកខ្វក់នៅភ្នំពេញ។ ទី២ប្លង់មេលើការកែលំអរចរាចរណ៍ និងប្រព័ន្ធដឹកជញ្ជូននិងទី៣ប្លង់មេរាជធានីភ្នំពេញឆ្នាំ២០៣៥ទាំងមូល។

លោកបន្តថា “តាមរយៈការអនុវត្តតាមប្លង់មេនេះ តំបន់ដែលបានអនុវត្តឃើញថា ទទួលបានលទ្ធផលល្អពោលគឺលែងទទួលរងការលិចលង់ទៀត”៕