ដោយ ម៉ាណេត
ភ្នំពេញៈ ប្រធានតំណាងធនាគារពិភពលោកប្រចាំកម្ពុជាបានអះអាងថា ប្រទេសកម្ពុជាទទួលកំណើនសេដ្ឋកិច្ចខ្ពស់ ហើយការកាត់បន្ថយភាពក្រីក្របានថយចុះយ៉ាងខ្លាំងក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ និងមានភាពប្រសើរលើស្តង់ដាររស់នៅរបស់គ្រួសារជាច្រើន”។
ទោះជាយ៉ាងណា លោកស្រី អ៊ីនហ្គូណា ដូប្រាចាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា សម្រាប់ពេលខាងមុខ កម្ពុជាជួបប្រទះនូវការប្រឈមបី ដើម្បីឈានឆ្ពោះទៅរកមូលដ្ឋានសេដ្ឋកិច្ចដែលមានលក្ខណះចំរុះបែប និងមានតម្លៃខ្ពស់ជាងមុន ដើម្បីកសាងទុនមនុស្សសម្រាប់សេដ្ឋកិច្ចទូលំទាយ និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចប្រកបដោយបរិយាប័នដែលមានប្រយោជន៍ដល់ប្រជាជនក្រីក្រ។
-->
លោកស្រីបានបន្តថា “ធនាគារពិភពលោកនឹងធ្វើការជាដៃគូជាមួយកម្ពុជា ដើម្បីទទួលបានគោលដៅនានា ស្របពេលដែលត្រូវពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងដំណើរការអភិវឌ្ឍន៍”។
លោកស្រីបន្តថា ក្នុងវិស័យដែលផ្តោតការយកចិត្តទុកដាក់ទី១ នៃក្របខ័ណ្ឌនេះ ការលើកកម្ពស់ប្រសិទ្ធភាពរដ្ឋ និងការអភិវឌ្ឍវិស័យឯកជន គឺក្រុមធនាគារពិភពលោកនឹងធ្វើការជាមួយកម្ពុជាគាំទ្រការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងលើកស្ទួយសហគ្រាសឯកជន ពង្រឹងគណនេយ្យភាពវិស័យសាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហើយពង្រីកការវិនិយោគដែលចាំបាច់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព។
អ៊ីនហ្គូណា ដូប្រាចាបានបន្តថា ធនាគារពិភពលោកនឹងធ្វើការជាមួយកម្ពុជា គាំទ្រការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងលើកស្ទួយសហគ្រាសឯកជន ពង្រឹងគណនេយ្យភាពវិស័យសាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហើយពង្រីកការវិនិយោគដែលចាំបាច់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព តាមរយៈក្របខ័ណ្ឌភាពជាដៃគូសម្រាប់ប្រទេសកម្ពុជាឆ្នាំ ២០១៩-២០២៣។
លោក ខែល ខេលលោហ្វើ នាយកគ្រប់គ្រងប្រទេសនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិសម្រាប់ប្រទេសកម្ពុជា ឡាវ និងវៀតណាមបានមានប្រសាសន៍ថា “IFC ជាមួយនឹងការយកចិត្តទុកដាក់របស់ខ្លួន លើការអភិវឌ្ឍវិស័យឯកជន នឹងបន្តកៀងគរការផ្តល់ហិរញ្ញវត្ថុដល់វិស័យឯកជន និងការសហការគ្នាក្នុងក្រុមធនាគារពិភពលោក ដើម្បីធ្វើឲ្យវិស័យឯកជនឲ្យរស់រវើកនៅកម្ពុជា”។
លោកបានថ្លែងទៀតថា “ការផ្តោតការយកចិត្តទុកដាក់របស់យើង នឹងឈានទៅដល់ការពង្រីកការទទួលបានហិរញ្ញវត្ថុ សម្រាប់ធុរកិច្ចខ្នាតតូច ធ្វើឲ្យប្រសើរលើការប្រកួតប្រជែងផ្នែកកសិកម្មរបស់ប្រទេស និងលើកកម្ពស់សេវាហេដ្ឋារចនាសម្ព័ន្ធដែលមានសារសំខាន់សម្រាប់ការអភិវឌ្ឍធុរកិច្ច”៕