
ដោយ យុទ្ធ
ហ្វីលីពីន៖ ហ្វីលីពីនអះអាងថា ខ្លូននៅតែជាទិសដៅវិនិយោគដ៏ល្អមួយ ស្របពេលខ្លួនមានកំណើនសេដ្ឋកិច្ចថេរ និងកំណែទម្រង់ហិរញ្ញវត្ថុ។
នេះបើតាមលោក Ramon Lopez ដែលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មបាននិយាយកាលពីថ្ងៃអង្គារមុនកិច្ចប្រជុំរបស់លោកប្រធានាធិបតី Duterte ជាមួយពាណិជ្ជករថៃនៅរសៀលម្សិលមិញនេះ។
លោក Lopez ឲ្យដឹងថា លោកប្រធានាធិបតីត្រូវបានរំពឹងថានឹងជំរុញឲ្យសហគមន៍ធុរកិច្ចថៃវិនិយោគ ឬពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងបាងកក។ លោក Lopez បានថ្លែងថា “វានឹងមានការពិភាក្សាបើកចំហដែលនឹងអនុញ្ញាតឲ្យលោកប្រធានាធិបតីបង្ហាញពីហ្វីលីពីនថាជាគោលដៅវិនិយោគដ៏ល្អមួយ។
ក្រុមហ៊ុនមួយចំនួនក្នុងចំណោមក្រុមហ៊ុនឯកជនទាំងនេះកំពុងដំណើរការរួចហើយនៅក្នុងប្រទេសហ្វីលីពីន។ យើងកំពុងស្នើសុំឲ្យពួកបង្កើនការវិនិយោគរបស់ពួកគេ”។ លោក Duterte គ្រោងនឹងមកដល់ទីក្រុងបាងកកនាយប់ចុងសប្តាហ៍ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំនៅថ្ងៃទី ២២ និង ២៣ ខែមិថុនានេះ។លោក Duterte នឹងជួបជាមួយនាយកប្រតិបត្តិអាជីវកម្មជាន់ខ្ពស់របស់ក្រុមហ៊ុនថៃផ្សេងៗមុនពេលចូលរួមក្នុងកិច្ចពិភាក្សាកំពូល។
លោក Lopez ឲ្យដឹងថា ក្រុមហ៊ុនថៃទាំងនេះធ្វើធុរកិច្ចពាក់ព័ន្ធនឹងវិស័យធនាគារ ម្ហូបអាហារ ផលិតកម្មកសិកម្ម កសិពាណិជ្ជកម្ម និងអចលនទ្រព្យ។ រហូតមកដល់ពេលនេះ លោក Lopez បាននិយាយថា គ្មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីណាមួយនៅឡើយទេ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីទៅកាន់ប្រទេសថៃ។
ដើម្បីបញ្ចុះបញ្ចូលពាណិជ្ជករថៃឲ្យធ្វើពាណិជ្ជកម្មនៅក្នុងប្រទេស លោក Lopez បាននិយាយថា លោកប្រធានាធិបតីក៏ត្រូវបានរំពឹងថានឹងបញ្ជាក់ពីកំណើនសេដ្ឋកិច្ចដ៏រស់រវើករបស់ហ្វីលីពីនព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការផ្តល់បរិយាកាសធុរកិច្ចល្អ។
លោក Lopez បានបន្តថា លោកប្រធានាធិបតីនឹងធានាដល់ពួកគេនូវការធានានិងការការពារទាំងស្រុងនៃការវិនិយោគរបស់ពួកគេក៏ដូចជាផ្តល់ជូនពួកគេនូវបរិយាកាសជំនួញដ៏ល្អក្នុងប្រទេសហ្វីលីពីនទាក់ទងនឹងការបង្កើនចំណាត់ថ្នាក់ឥណទាន ការកែទម្រង់ជាច្រើនដែលយើងកំពុងធ្វើនៅក្នុងពាណិជ្ជកម្ម ការវិនិយោគពន្ធដារ និងកំណែទម្រង់ហិរញ្ញវត្ថុ៕





