ក្រុមហ៊ុន​ផលិត​ម៉ូតូ​អាមេរិក​បោះទុន​វិនិយោគ​នៅ​ចិន​ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នៅតែ​បន្ត​

0

ដោយ​ វុត្ថា

ចិន​៖ ក្រុមហ៊ុន​ផលិត​ម៉ូតូ​អាមេរិក​ដ៏​ធំ​មួយ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន​ ដោយ​វិនិយោគ​លើ​ការផលិត​ម៉ូតូ​ដែល​មានតម្លៃ​សមរម្យ​សម្រាប់​ដាក់​លក់​ក្នុង​ទីផ្សារ​ប្រទេស​ចិន​ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​នៅតែ​បន្ត​។ ​

លោក​ Lu​ Kang​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បានឱ្យ​ដឹង​កាលពី​ថ្ងៃសុក្រ​ម្សិលមិញ​ ប្រទេស​ចិន​តែងតែ​ស្វាគមន៍​ដល់​សហគ្រាស​បរទេស​ក្នុង​ការ​វិនិយោគ​ និង​ចាប់ផ្តើម​អាជីវកម្ម​ដើម្បី​ចែករំលែក​នូវ​ឱកាស​អភិវឌ្ឍន៍​របស់​ខ្លួន​នៅក្នុង​ប្រទេស​ចិន​។

យោង​តាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ស្រុក​មួយ​បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ Zhejiang​ Qianjiang​ Motorcycle​ Co​. , Ltd​ របស់​ចិន​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិ​ការ​មួយ​ជាមួយ​ក្រុមហ៊ុន​ Harley​-Davidson​ Inc​. ដែល​ជា​ក្រុមហ៊ុន​ផលិត​ម៉ូតូ​អាមេរិក​ដ៏​ធំ​មួយ​ ដើម្បី​សហការ​តម្លើង​ម៉ូតូ​តូច​ៗដែល​មានតម្លៃ​សមរម្យ​ដែល​គ្រោង​នឹង​ចាប់ផ្តើម​លក់​នៅ​ទីផ្សារ​ប្រទេស​ចិន​នៅ​ចុងឆ្នាំ២០២០ខាងមុខ​ ។

លោក​ Lu​ Kang​ ​បាន​ឆ្លើង​តប​ទៅ​សំនួរ​អ្នកសារព័ត៌មាន​នៅក្នុង​សន្និសីទ​កាសែត​មួយ​អំពី​កិច្ច​ព្រមព្រៀង​នេះ​ថា​ “នេះ​គឺជា​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ធម្មតា​” ។

លោក​បន្ត​ថា​ “ដូចដែល​ខ្ញុំ​បាន​លើកឡើង​ជាច្រើន​ដង​ហើយ​ជំនួញ​ជាច្រើន​ត្រូវ​បាន​ជ្រើសរើស​វិនិយោគ​ដោយ​ផ្អែកលើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ និង​ច្បាប់​ទីផ្សារ​”។

លោក​ Lu​ បាន​បន្ថែម​ថា​ “ភស្តុតាង​ជាច្រើន​បាន​បង្ហាញថា​ ក្រុមហ៊ុន​បរទេស​ភាគច្រើន​មាន​ទស្សនៈ​វិជ្ជមាន​ចំ​ពោះ​សក្តា​នុ​ពល​ទីផ្សារ​ដ៏​ធំ​របស់​ប្រទេស​ចិន​ និង​ការ​កែ​លម្អ​បរិយាកាស​ធុរកិច្ច​ឥត​ឈប់ឈរ​របស់​ចិន​លើ​បញ្ហា​សក្តា​នុ​ពល​វិនិយោគ​”។

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​ និង​អាមេរិក​នៅ​បន្ត​កើតឡើង​ មិនទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ ដែល​បង្ក​ឱ្យ​ពិភពលោក​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​សេដ្ឋកិច្ច​។

លោក​ Trump​ កាលពី​ខែមុន​បាន​បញ្ជា​ ឱ្យ​តម្លើង​ពន្ធ​នាំចូល​ចំនួន​ ២៥ភាគរយ​លើ​ទំនិញ​របស់​ចិន​ ដែល​មានតម្លៃ​ ២០០ពាន់​លាន​ដុល្លារ​ ហើយ​បាន​គម្រាម​បង្កើនផលិតផល​បន្ថែម​ទៀត​ដែល​មានតម្លៃ​ ៣០០ពាន់​លាន​ដុល្លារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here