ដោយ វុត្ថា
ភ្នំពេញៈ ឥឡូវនេះភ្ញៀវទេសចរណ៍ជាតិ ពិសេសភ្ញៀវទេសចរណ៍អន្តរជាតិមិនត្រឹមតែអាចទស្សនារមណីយដ្ឋានប្រាសាទបុរាណនានានោះទេ តែពួកគេអាចជិះរទេះគោ និវងទស្សនាកសិផល និងសិក្សាស្វែងយល់ពីការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងខេត្តសៀមរាប។

-->
ស្ថាបនិកភូមិកសិទេសចរធម្មជាតិនៅសង្កាត់ជ្រាវ និងសង្កាត់សៀមរាប ក្នុងក្រុងសៀមរាប លោក គ្រួច លីបានមាន ប្រសាសន៍ឲ្យដឹងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០១៩ នេះថា បច្ចុប្បន្ននេះ ភ្ញៀវទេសចរណ៍បរទេស បានសម្រុកនាំគ្នាមកតាមជនបទ ដើម្បីជិះរទេះគោ និង ដើរទស្សនាកំសាន្តនូវកសិទេសចរណ៍ របស់ពលរដ្ឋនៅក្នុងសង្កាត់ជ្រាវ និងសង្កាត់សៀមរាប ក្នុងក្រុងសៀមរាប ដែលនេះជាផ្នែកមួយនៃទេសចរណ៍ធម្មជាតិ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងលើក កម្ពស់ផលិតផលកសិកម្ម ជាពិសេសប្រជាកសិករ ហើយបានផ្សារភ្ជាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការបង្កើនចំណូលបន្ថែម ក្រៅពីប្រកបមុខរបរកសិកម្ម របស់ពលរដ្ឋ។
លោកឲ្យដឹងទៀតថា ការបង្កើតផលិតផលទេសចរណ៍នេះ បានចូលរួមនៅក្នុងកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ ការរកប្រាក់ចំណូល ការលើកកម្ពស់ជីវភាពរស់នៅ ការកាត់បន្ថយភាពក្រីក្រ ការអភិរក្សបេតិកភណ្ឌធម្មជាតិ វប្បធម៌ និងប្រវត្ដិសាស្ដ្រ និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុពិភពលោកផងដែរ ។
ខណៈដែលរទេះគោខ្មែរនាបច្ចុប្បន្ននេះ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ភ្ញៀវទេសចរបរទេស សម្រាប់ជិះទស្សនាទិដ្ឋភាពទេសចរបៃតង ជាប្រភេទដំណាំដាំដុះដោយមិនប្រើជាតិគីមី ដែលមាននៅក្នុងភូមិ និងនៅតំបន់ព្រៃលិចទឹកមួយចំនួន ជាពិសេសការកំសាន្តដោយសារការជិះរទេះគោនេះ មិនត្រឹមធ្វើឲ្យពួកគាត់មានអារម្មណ៍ភ្លឺថ្លាប៉ុណ្ណោះនោះទេ គឺធ្វើឲ្យពួកគាត់បានស្គាល់ពីវប្បធម៌ អរិយធម៌ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ នៅក្នុងតំបន់ជនបទនេះដែលមានតាំងពីបុរាណមកម្ល៉េះ។
លោកគ្រួច លី បានឲ្យដឹងបន្ថែមទៀតថា សេវាកម្មរទេះគោនេះ មិនត្រឹមតែធ្វើឲ្យពលរដ្ឋកាត់បន្ថយការធ្វើចំណាកស្រុក និងមានជីវភាពគ្រួសារធូរធារប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងបានជួយដល់ការអភិរក្សនូវរទេះគោខ្មែរ សម្រាប់យុវជនជំនាន់ក្រោយបានស្គាល់ និងយល់ដឹងពីវប្បធម៌ដូនតារបស់ខ្មែរយើងពីជំនាន់មុនផងដែរ។

ដូច្នេះតាមរយៈនេះ លោកសូមអំពាវនាដល់ស្ថាប័នពាក់ព័ន្ធ រួមមានក្រសួងទេសចរក្រសួងវប្បធម៌ ជួយដឹកនាំភ្ញៀវ និងជួយអភិរក្សរទេះគោខ្មែរនេះឲ្យបានគង់វង្សជាយូរអង្វែងផងដែរ ដើម្បីបង្កើតការងារនៅនឹងកន្លែង ចូលរួមកាត់បន្ថយការចំណាកស្រុកពីជនបទទៅទីក្រុង ឬទៅក្រៅប្រទេស និងធានាឱ្យបាននូវកំណើនប្រកបដោយសមធម៌ ជាពិសេសការចូលរួមពីប្រជាជនក្នុងសហគមន៍នេះតែម្តង ដើម្បីចូលរួមចំណែកក្នុងការអភិរក្សសម្បត្តិវប្បធម៌ ការពារបរិស្ថាន និងធនធានធម្មជាតិរបស់ខ្មែរឲ្យបានគង់វង្ស៕