រដ្ឋាភិបាល​ចាប់ផ្តើម​អនុវត្តន៍​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ក្នុង​មហា​អនុ​តំបន់​មេគង្គ​ជំ​ហ៊ាន​ទី២​

0

ដោយ​ វុត្ថា​

ខេត្ត​ព្រះ​សី​ហនុៈ​ ក្រសួងទេសចរណ៍​ សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ចាប់ផ្តើម​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ សម្រាប់​កំណើន​ប្រកប​ដោយ​បរិ​យា​ប័ន្ន ក្នុង​មហា​អនុ​តំបន់​មេគង្គ​ជំហាន​ទី២នៅក្នុង​ខេត្ត​ព្រះសីហនុ​។

អភិបាលរងខេត្ត​ព្រះសីហនុ​លោក​ ជាវ​ វិ​ជ្ជា​ក់​មានប្រសាសន៍​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​អនុវត្ត​គម្រោង​នេះ​កាលពី​ថ្ងៃទី២១​ ខែមិថុនា​ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ថា​ ការ​ចាប់ផ្ដើម​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ សម្រាប់​កំណើន​ប្រកប​ដោយ​បរិ​យា​ប័ន្នក្នុង​មហា​អនុ​តំបន់​មេគង្គ​ជំហាន​ទី២​ នៅ​ខេត្ត​ព្រះសីហនុ​ មាន​ធនធាន​ធម្មជាតិ​តំបន់ឆ្នេរ​ កោះ​ ឆ្នេរខ្សាច់​ ឆ្នេរ​ថ្ម​ និង​ជីវ​: ចម្រុះ​បាតសមុទ្រ​ ជា​តំបន់​អេកូ​ទេស​ ចរណ៍​តំបន់ឆ្នេរ​ដ៏​ស្រស់បំព្រង​ និង​ជាគោល​ដៅ​ទេសចរណ៍​ដ៏​ពេញនិយម​ ដែល​ជា​សក្តា​នុ​ពលដ៍​សំខាន់​សម្រាប់​ខេត្ត​ព្រះ​ សីហនុ​ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ពាណិជ្ជកម្ម​ ឧស្សាហកម្ម​ និង​ទេសចរណ៍​ហើយ​វិស័យ​ទេសចរណ៍​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​ការ​បង្កើន​មុខរបរ​ ជា​ប្រភព​ចំណូល​លើកកម្ពស់​សេដ្ឋកិច្ច​ និង​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​។

លោក​បាន​បន្ត​ថា​ ឆ្នាំ២០១៨​ ខេត្ត​ព្រះសីហនុ​ ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង២លាន​ នាក់​កើន២.៦៣ភាគរយ​ផ្អែកលើ​ធនធាន​ ដ៏​សម្បូរ​បែប​ និង​ការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ល្អ​ប្រសើរ​។ ទន្ទឹម​នឹង​ការអភិវឌ្ឍន៍​រីកចម្រើន​យ៉ាង​គំហុក​ ខេត្ត​ក៏​មាន​បញ្ហា​ប្រឈម​លើ​ការ​អភិវឌ្ឍ​កិច្ច​គាំពារ​បរិស្ថាន​ ជាពិសេស​ក្រុង​ព្រះសីហនុ​ ដែល​អភិវឌ្ឍន៍​យ៉ាង​គំហុក​ដូច​ទឹកបាក់​ទំនប់​ ធ្វើ​ឱ្យ​មានការ​ប្រឈម​បញ្ហា​មួយចំនួន​ដូចជា​ បរិស្ថាន​ សំរាម​ទឹក​កខ្វក់​ ភ្លើង​ កង្វះ​ទឹក​ស្អាត​ហេ​ដ្ឋា​រចនា​ សម្ព័ន្ធ​ផ្លូវថ្នល់​ ប្រព័ន្ធ​លូ​ និង​អូរ​ ប្រឡាយ​តូច​ចង្អៀត​ ។ បញ្ហា​ប្រឈម​ខាងលើ​ រដ្ឋ​ បាល​ខេត្ត​បាន​យកចិត្ត​ទុកដាក់​ និង​កំពុង​ដោះស្រាយ​ជា​បណ្ដើរ​។

លោក​ ទិត​ ចន្ថា​ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងទេសចរណ៍​ និង​ជា​ប្រធាន​គម្រោង​ មានប្រសាសន៍​ បើក​គម្រោង​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ពន័្ធ​ទេសចរណ៍​ សម្រាប់​កំណើន​ប្រកប​ដោយ​បរិ​យា​ប័ន្ន ក្នុង​មហា​អនុ​តំបន់​មេគង្គ​ជំហាន​ទី២​ ដោយ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សេវា​បរិស្ថាន​ទីក្រុង​ ការគ្រប់គ្រង​សំណល់រឹង​ ផ្លូវ​តាម​បណ្ដោយ​ឆ្នេរ​ កំពង់ផែ​ទេសចរណ៍​។

លោក​បន្ត​ថា​ ការ​ពង្រឹង​សមត្ថភាព​សម្រាប់​ ការ​អភិវឌ្ឍ​ស្តង់ដារ​ទេសចរណ៍​អាស៊ាន​ ការ​កសាង​សមត្ថភាព​គ្រប់គ្រង​ជាគោល​ដៅ​ទេសចរណ៍​ ការប្រតិបត្តិ​ និង​ការថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ​ ការគ្រប់គ្រង​គម្រោង​កសាង​ផ្លូវ​តាម​បណ្ដោយ​ឆ្នេរ​អូរ​ឈើទាល​ និង​អូ​ត្រេះ​ប្រវែង​ ៧.៥គីឡូម៉ែត្រ​ និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​នូវ​បរិស្ថាន​តំបន់ឆ្នេរ​ មាន​ដូចជា​ ( សួនច្បារ​ ចំណត​ឡាន​ ភ្លើង​ លូរ​ ផ្លូវ​ថ្មើរជើង​ បង្គន់​អនាម័យ​ និង​បន្ទប់ទឹក​) ដើម្បី​បង្កើន​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ និង​កំណើន​ការ​វិនិយោគ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here