មេដឹកនាំកម្ពុជា ឡាវ និងវៀតណាមនឹងប្រែក្លាយតំបន់ត្រីកោណជាប៉ូលសេដ្ឋកិច្ចថ្មី

0

ដោយវុត្ថា

ភ្នំពេញ៖មេដឹកនាំប្រទេសកម្ពុជា ឡាវ និងវៀតណាម បានសន្យារួមគ្នាថា នឹងខិតខំប្រឹងប្រែងប្រែក្លាយតំបន់ត្រីកោណរបស់ប្រទេសទំាង៣ ឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចថ្មី។

នៅក្នុងជំនួបពិភាក្សាការងារត្រីភាគីក្រៅពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅទីក្រុងបាងកក ប្រទេសថៃកាលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះកន្លងមកនេះរវាងនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីឡាវ លោក ថងលួន ស៊ីសូលីត និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក បានផ្លាស់ប្តូរទស្សនៈ និងមតិមួយចំនួនទាក់ទិនទៅនិងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ។ ជាពិសេសទាក់ទិនទៅការអភិវឌ្ឍក្នុងតំបន់ត្រីកោណ ដែលជាតំបន់ជាប់ព្រំដែននៃប្រទេសទាំងបី។

នាយករដ្ឋមន្ត្រីនៃប្រទេសទាំងបី បានវាយតម្លៃខ្ពស់ និងកោតសរសើចំពោះលទ្ធផលជាវិជ្ជមាន របស់ក្រុមការងារនៃតំបន់អភិវឌ្ឍន៍ត្រីកោណ ដែលបានចូលរួមចំណែកកៀរគររកប្រភពជំនួយពីគ្រប់ទិសទី ក្នុងការអភិវឌ្ឍតំបន់ត្រីកោណឲ្យមានការប្រែប្រួលមុខមាត់ថ្មី និងមានការរីកចម្រើនជាលំដាប់។

ជាពិសេសបានប្រែក្លាយពីតំបន់មួយដែលប្រជាពលរដ្ឋមានជីវភាពក្រីក្រឲ្យក្លាយទៅជាតំបន់មួយមានការតភ្ជាប់លើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ន ការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន។

ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងបីក៏បានប្តេជ្ញារួមគ្នាថា នឹងខិតខំប្រែក្លាយតំបន់ត្រីកោណអភិវឌ្ឃន៍ឱ្យកាន់ទៅជាប៉ូលសេដ្ឋកិច្ចថ្មីមួយទៀតសម្រាប់ប្រទេសទាំងបី ពិសេសការខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងប្រទេសទាំងបីឲ្យកាន់តែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

លោកបណ្ឌិតហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានឱ្យដឹងដែរថា តំបន់ត្រីកោណនេះគេហៅថា តំបន់កន្ទុយនាគ ហើយនេះគឺជាចំណុចពិសេសមួយដែលរដ្ឋាភិបាលនៃប្រទេសទាំង ៣ ក្នុងការប្រែក្លាយតំបន់នេះទៅជាប៉ូលសេដ្ឋកិច្ចថ្មីដែលធ្វើឱ្យមានសក្តានុពលនៅក្នុងតំបន់នេះ កាន់តែមានភាពទាក់ទាញសេដ្ឋកិច្ចបន្ថែមទៀត ។

លោកបន្ថែមថា មិនត្រឹតែប៉ុណ្ណោះវានឹងធ្វើឱ្យមានចំណូលសេដ្ឋកិច្ចមួយផ្នែកបន្ថែមទៀត ក្រៅពីចំណូលមកពីតំបន់ ឬប៉ូលសេដ្ឋកិច្ចផ្សេងទៀត តាមរយៈការដឹកជញ្ជូនទំនិញផ្សេងៗ រួមមានសម្ភារៈសំណង់ អេឡិកត្រូនិក ការងារជូនពលរដ្ឋ និងជាពិសេសទេសចរណ៍មកកាន់ប្រទេសកម្ពុជា។

រដ្ឋាភិបាលប្រទេសកម្ពុជា ឡាវ និងវៀតណាម បានព្រមព្រៀងគ្នាបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV) នៅឆ្នាំ១៩៩៩។ តំបន់អភិវឌ្ឍន៍ត្រីកោណនេះ មានខេត្តចំនួន១៣ ក្នុងនោះប្រទេសកម្ពុជាមានខេត្តចំនួន៤ គឺខេត្តស្ទឹងត្រែង រតនគីរី មណ្ឌលគិរី និងខេត្តក្រចេះ, ប្រទេសឡាវ មានខេត្តចំនួន៤ និងប្រទេសវៀតណាម មានខេត្តចំនួន៥។ ភាគីពាក់ព័ន្ធនៃប្រទេសទាំងបីតែងតែជួបប្រជុំគ្នាជារៀងរាល់ឆ្នាំ ដើម្បីគំាទ្រ និងជំរុញដល់ការងារអភិវឌ្ឍនៃតំបន់អភិវឌ្ឍន៍ត្រីកោណនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here