ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ បន្ទាប់ពីមានការស្នើសុំលាលែងពីតំណែងជាអភិបាលខេត្តដោយផ្ទាល់ពីលោក យន្ត មីន សម្ដេច តេជោ បានសម្រេចតាមសំណើរ ហើយយកលោក គួច ចំរើន អភិបាលខេត្តកំពង់ចាមមកកាន់ជំនួសវិញ ។
សម្តេច តេជោ បានសរសេរនៅក្នុងគណនីផ្ទាល់ខ្លួនថា “ក្នុងពេលបំពេញការងារនៅខេត្តព្រះ សីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្តាលអោយមានរឿងឈឺចាប់កើតឡើង។គាត់បានស្នើមកខ្ញុំដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ”។
ក្នុងពេលជាមួយគ្នានោះ សម្តេចក៏បានសម្រេច ដកលោក ញឹម វណ្ណដា ពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ។
សម្ដេចបានសរសេរថា “ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះខ្ញុំបានសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ»៕






