ស្ពានឈើ​ប្រវែង​ ២១៥ម៉ែត្រ​នៅ​ប្រាសាទបេង​មាលា​ បាន​ស្ថាបនា​រួច​ជាស្ថាពរ​

0

ដោយ​ វុត្ថា​

សៀមរាប​៖ សំណង់​ស្ពានឈើ​ខ្វាត់ខ្វែង​នៅក្នុង​ប្រាសាទបេង​មាលា​ប្រវែង២១៥ម៉ែត្រ​ (រាប់ទាំង​ជណ្តើរ​) ដែល​សង់​ថ្មី​ជំនួស​ស្ពានឈើ​ចាស់​ បាន​បញ្ចប់​គម្រោង​ជាស្ថាពរ​ហើយ​ កាលពី​ខែឧសភា​ ឆ្នាំ២០១៩កន្លងមក​នេះ​។

លោក​បណ្ឌិត​ ឈាន​ រដ្ឋា​ ប្រធាន​ស្តីទី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​ បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ២៤​ ខែមិថុនា​ នេះ​ថា​ ស្ពាន​នេះ​បាន​បង្កើត​នូវ​ភាព​ទាក់ទាញ​ជា​ខ្លាំង​ដល់​ទេសចរ​គ្រប់​ជាតិសាសន៍​ក្នុង​ការ​ផ្តិត​យក​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​នៃ​ប្រាសាទ​និង​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ទស្សនា​សំណង់​ស្ថាបត្យកម្ម​ខ្មែរ​ដ៏​ធំ​មួយ​នេះ​។

លោក​បណ្ឌិត​បន្ត​ថា​ភាព​ទាក់ទាញ​នៃ​ប្រាសាទបេង​មាលា​ គឺ​សំណង់​ស្ថាបត្យកម្ម​ដ៏​មហិមា​រំលេច​ទៅ​ដោយ​ក្បូរក្បាច់​រចនា​សម្បូរ​បែប​រួមផ្សំ​នឹង​ភាព​សុខដុមរមនា​រវាង​ប្រាសាទ​និង​ធម្មជាតិ​ដែល​រក្សា​នូវ​ភាព​ដើម​របស់​ប្រាសាទ​រួម​នឹង​វត្តមាន​ស្ពានឈើ​ ដ៏​វែង​ជួយ​សម្រួល​ដល់​ការ​ទស្សនា​របស់​ភ្ញៀវ​។

កត្តា​ទាំង​នេះ​ហើយ​យដែល​ប្រាសាទ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ក្នុង​រដូវ​ភ្ញៀវ​តិច​ពី១៥០០០នាក់​ទៅ៣០០០០នាក់​ និង​រដូវ​ភ្ញៀវ​ច្រើន​ពី៣០០០០នាក់​ដល់​ជាង៤០០០០នាក់​។ ចំណែក​ប្រវត្តិ​នៃ​ស្ពានឈើ​នេះ​វិញ​ គឺ​បាន​សង់​ឡើង​នៅ​ឆ្នាំ២០០២ដោយក្រុម​ហ៊ុន​ភាពយន្ត​អន្តរជាតិ​មួយ​ដែល​ទទួល​បានការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ការ​ថត​រឿង​នៅក្នុង​ប្រាសាទបេង​មាលា​ ដើម្បី​ងាយស្រួល​ជញ្ជូន​ឧបករណ៍​ថតកុន​ដែល​មាន​ទម្ងន់​ធ្ងន់​ៗ។

ក្រោយ​បញ្ចប់​ការ​ថត​ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថែរក្សា​ និង​ជួសជុល​ស្ពាន​នេះ​បន្តបន្ទាប់​រហូតដល់​សព្វថ្ងៃ​ ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​ងាយស្រួល​ក្នុង​ការ​ទស្សនា​ប្រាសាទ​។លោក​បណ្ឌិត​ រដ្ឋា​ បន្ត​ថា​ ស្ពានឈើ​ក្នុង​ប្រាសាទបេង​មាលា​មាន​ប្រវែង​សរុប២៩៥ម៉ែត្រ​ ធ្លាប់ធ្វើ​ការ​ជួសជុល​បី​លើក​រួចមក​ហើយ​ គឺ​នៅ​ឆ្នាំ២០០៥​ ២០០៨​ និង២០១៥​។

ថ្មី​ៗនេះ​ ដោយសារ​ស្ពាន​ចាស់​មាន​សភាព​ទ្រុឌទ្រោម​ ដោយ​កត្តា​អាយុកាល​ គុណភាព​ឈើ​ អាកាសធាតុ​ ធ្វើ​ឱ្យ​ស្ពាន​ពុក​ផុយ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀវ​ ពិសេស​ស្ពាន​មាន​ទំហំ​តូច​ ចង្អៀត​មិន​សមនឹង​កំណើន​ទេសចរ​ ទើប​អាជ្ញាធរ​ជាតិ​អប្សរា​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ ខាំ​សុ​ម៉េ​ត បាន​សម្រេច​ធ្វេី​ការ​រុះរើ​និង​សាងសង់​ថ្មី​ប្រវែង២១៥ម៉ែត្រ​លើ​ប្រវែង​សរុប​ និង​គ្រោង​ចំណាយពេល​បី​ខែ​ក្នុង​ការសាងសង់​តែ​ដោយសារ​ការ​ផ្គត់ផ្គង់​ឈើ​មានការ​យឺតយ៉ាវ​ ទើប​ពន្យា​ពេល​រហូតដល់​ដល់០៧ខែ​ (តុលា​ ២០១៨​ ដល់​ ឧសភា​ ២០១៩​) ទើប​បញ្ចប់​។

ស្ពាន​នេះ​ចំណាយ​ឈើ​អស់៨៣ម៉ែត្រគូប​ ដែល​ធ្វើពីឈើ​គគីរ​ ផ្ចឹក​ និង​រាំង​ មានការ​រចនា​ស្អាត​ រឹងមាំ​អាច​ធន់​បាន​រហូតដល់​ជាង១០ឆ្នាំ​ ថែមទាំង​បាន​ពង្រីក​ទំហំ​ពី៨០សង់ទីម៉ែត្រ​ទៅ១.៥០ម៉ែត្រ​ ដើម្បី​ទេសចរ​ងាយស្រួល​ដើរ​ទស្សនា​ទៅវិញទៅមក​។ចំពោះ​បច្ចេកទេស​នៃ​ការ​ធ្វើ​ស្ពានឈើ​ថ្មី​ជំនួស​ស្ពាន​ចាស់​វិញ​ លោក​ ពុទ្ធ​ សុទ្ធ​ មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​ឱ្យ​ដឹង​ថា​ ក្រុមការងារ​បាន​គណនា​យ៉ាង​ល្អិតល្អន់​ពី​កម្រាស់​និង​ទំហំ​ឈើ​ដើម្បី​ធានា​ដល់​សុវត្ថិភាព​ភ្ញៀវ​ ពង្រឹង​រចនា​សម្ពន្ធ​ស្ពាន​ដោយ​រៀបចំ​គ្រឿង​បង្គំ​សំណង់​ទៅតាម​បទដ្ឋាន​បច្ចេកទេស​។

ចំណែក​ការ​ភ្ជាប់​ឈើ​ គឺ​ប្រើ​ប៉ូ​ឡុង​សម្រាប់​មួល​ភ្ជាប់​ដែល​ធានា​គុណភាព​ជាប់​ជាងដែក​គោល​ ពិសេស​ងាយស្រួល​ក្នុង​ការ​ជួសជុល​ពេលក្រោយ​។ ក្នុង​នោះ​ដែរ​ ដើម្បី​ការពារ​សំណង់​ស្ពាន​ឱ្យ​នៅ​បាន​យូរ​ ក្រុមការងារ​ក៏បាន​ប្រើ​ថ្នាំ​ការពារ​សត្វល្អិត​ចង្រៃ​លាប​សាច់ឈើ​ផង​ដែរ​។លោក​មន្ត្រី​បច្ចេកទេស​រូប​នេះ​បន្ត​ទៀត​ថា​ ក្រៅពី​សោភ័ណភាព​ប្រាសាទ​ និង​សុវត្ថិភាព​នៃ​ភ្ញៀវ​ទេសចរ​ អ្នកជំនាញ​ក៏បាន​គិតគូរ​ខ្ពស់​ដល់​ការ​អភិរក្ស​ប្រាសាទ​ផង​ដែរ​ គឺ​ធ្វើ​ទៅតាម​គំរូ​ប្លង់​និង​បទដ្ឋាន​បច្ចេកទេស​ដែល​សិក្សា​រួចមក​ហើយ​។

បើ​កន្លែងណា​ប៉ះ​ថ្ម​ គឺ​ត្រូវ​រំកិល​ថ្ម​ចេញ​ដោយមាន​ការ​សម្រង់​ប្លង់​មុ​ននឺង​ប្តូរ​ទីតាំង​ តែបើ​មិន​អាច​កំ​រិល​ថ្ម​ចេញ​បាន​ គឺ​ប្រើ​សំបក​កង់ឡាន​ កង់​ម៉ូតូ​ទ្រាប់​កុំឱ្យ​ឈើ​សង្កត់​លើ​ថ្ម​ផ្ទាល់​ ហើយ​ជំនួស​ឱ្យ​ការ​ជីកដី​ទៅ​ក្រោម​ដើម្បី​រក្សា​លំនឹង​ស្ពាន​ អ្នកជំនាញ​បាន​ប្រើ​ជើង​តាង​បេតុង​ដើម្បី​បណ្តុះ​សរសរ​និង​ទ្រ​លំនឹង​ស្ពាន​។ កិច្ចការ​ទាំងនេះ​ គឺ​រក្សា​បាន​ទាំង​សោភ័ណភាព​ គុណភាព​សំណង់​ និង​ការ​អភិរក្ស​បុរាណ​ដ្ឋាន​ប្រកបដោយ​ចីរភាព​៕

LEAVE A REPLY

Please enter your comment!
Please enter your name here