ដោយ វុត្ថា
ភ្នំពេញៈ គិតត្រឹមរយៈពេល៦ឆ្នាំ គឺចាប់ពីឆ្នាំ ២០១៤-២០១៩ រដ្ឋាភិបាលនៃប្រទេសស៊ុយអែត បានផ្តល់ហិរញ្ញវប្បទានឥតសំណងប្រមាណ១២០០លានក្រោន ស្មើនឹង ១២៥លានដុល្លារសហរដ្ឋាអាមេរិកសម្រាប់ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)ដែលចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០១៩ នេះបានឱ្យដឹងថា យុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ របស់ស៊ុយអែតជាមួយកម្ពុជា សម្រាប់ឆ្នាំ ២០១៤-២០១៨ ត្រូវបានប្រកាសឱ្យអនុវត្តជាផ្លូវការកាលពីខែសីហា ឆ្នាំ២០១៤ ដោយផ្តោតលើវិស័យចំនួន ៣ រួមមាន៖ ១) វិស័យអភិបាលកិច្ច សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ២) វិស័យអប់រំ និងការងារ និង ៣) វិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ទន្ទឹមនឹងនេះការអនុវត្តយុត្តសាស្ត្រនេះ ត្រូវបានពន្យាពេលរហូតដល់ចុងឆ្នាំ២០១៩ ដោយភាគីស៊ុយអែត បានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងសរុបប្រមាណ ១២០០លានក្រោន សមមូលនឹង១២៥លានដុល្លារអមេរិក។
លោក ឈៀង យ៉ាណារ៉ារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការគណៈកម្មាធិការនិតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Maria Sargen ឯកអគ្គរាជទូតស៊ុយអែតប្រចាំនៅកម្ពុជា នៅថ្ងៃទី២៥ខែមិថុនា ឆ្នាំ ២០១៩ នេះ បានបន្តពិភាក្សាអំពីដំណើរការរៀបចំយុទ្ធសាស្ត្រថ្មីរបស់ស៊ុយអែតស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិជាមួយកម្ពុជា សម្រាប់ឆ្នាំ២០២០-២០២៤ ក៏ដូចជាពិភាក្សា និងផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ស៊ុយអែតនាពេលអនាគត។
យុទ្ធសាស្ត្រថ្មីស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិជាមួយកម្ពុជា ឆ្នាំ ២០២០-២០២៤ នឹងបន្តអនុវត្ត និងពង្រឹងបន្ថែមទៅលើភាពជោគជ័យ និងសមិទ្ធផលនានាដែលសម្រេចបានដោយយុទ្ធសាស្ត្រឆ្នាំ ២០១៤-២០១៩ ។ ដើម្បីមានសង្កតិភាពជាមួយនឹងផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល រួមមាន៖ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០ និងយុទ្ធសាស្ត្រតាមវិស័យសេចក្តីព្រាងយុទ្ធសាស្ត្រនេះ នឹងត្រូវពិគ្រោះយោបល់ជាមួយក្រសួង និងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូល និងអនុសាសន៍បន្ថែម។
ជាមួយគ្នានេះយុទ្ធសាស្ត្រថ្មីនេះ នឹងចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ ២០១៩-២០២៣ ដែលផ្តោតសំខាន់លើការពង្រឹងភាពជាម្ចាស់របស់រាជរដ្ឋាភិបាល និងការជំរុញភាពជាដៃគូប្រកបដោយបរិយាប័ន្ន និងលទ្ធផលក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា។
ការរៀបចំយុទ្ធសាស្ត្រសម្រាប់រយៈពេល៥ឆ្នាំ ២០២០-២០២៤ នាពេលនេះ គឺជាសក្ខីភាព នៃការប្តេជ្ញាបន្តគាំទ្ររបស់រាជរដ្ឋាភិបាលស៊ុយអែត ក្នុងដំណើរការនៃកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និងស៊ុយអែត៕






