ដោយ Donald Lee
ប្រទេសសាយព្រឺសៈ អ្នកវិនិយោគអចលនទ្រព្យចិន បាននិងកំពុងប្រមូលផ្ដុំនៅប្រទេស Cyprus ដែលជាសមាជិករបស់សហភាពអឺរ៉ុប ជាប្រទេសកោះមួយនៅសមុទ្រមេឌីទែរ៉ាណេ ខណៈប្រទេសនេះកំពុងផ្តល់លិខិតឆ្លងដែន ដល់វិនិយោគិនអចលនទ្រព្យដោយនឹងផ្តល់សិទ្ធិកាន់កាប់ និងសិទ្ធិជាពលរដ្ឋនៅអឺរ៉ុប។

-->
កម្មវិធីវិនិយោគរបស់ប្រទេស Cyprus ដែលបានបង្កើតឡើងនៅឆ្នាំ២០១៣ នឹងអនុញ្ញាតឲ្យអ្នកវិនិយោគ និងគ្រួសាររបស់ពួកគេទទួលបានលិខិតឆ្លងដែន ពីប្រទេសនេះ ប្រសិនបើពួកគេទិញអចលនទ្រព្យ ដែលមានតម្លៃលើស១,១៤ លានដុល្លារ។
ដំណើរការនេះ ក៏តម្រូវឱ្យអ្នកវិនិយោគអចលនទ្រព្យបរទេសបរិច្ចាគប្រាក់ ៨៥,០០០ដុល្លារដល់មូលនិធិ លើកកម្ពស់ការស្រាវជ្រាវនៃប្រទេស Cyprus និងសាជីវកម្មអភិវឌ្ឍន៍ដីធ្លី។
ប្រទេសនេះក៏ផ្តល់សិទ្ធរស់នៅអចិន្រ្តៃយ៍ ដល់អ្នកវិនិយោគដែលទិញអចលនទ្រព្យថ្មីដែលមានតម្លៃ ៣៤០,០០០ដុល្លារ។ ទិដ្ឋាការនេះនឹងអនុញ្ញាតឲ្យវិនិយោគិន និងគ្រួសាររបស់គាត់ធ្វើដំណើរទូទាំងសហភាពអឺរ៉ុបដោយគ្មានការដាក់កម្រិត។
លោក Nicolai Caraseni អគ្គនាយកនៃភ្នាក់ងារអចលនទ្រព្យប្រចាំប្រទេសនេះបាននិយាយថា “ការចំណាយទាបដោយមិនមានការិយាធិបតេយ្យ អាកាសធាតុមានពន្លឺថ្ងៃ និងរយៈពេលខ្លីរហូតត្រឹម៦ខែ សម្រាប់ការទទួលបានលិខិតឆ្លងដែន ធ្វើប្រទេស Cyprus ក្លាយជាគោលដៅវិនិយោគដ៏ល្អបំផុត”។
លោកបានបន្ថែមថា “ជាមួយនឹងលិខិតឆ្លងដែន Cyprus អ្នកវិនិយោគអាចផ្លាស់ទីទៅរស់នៅចក្រភពអង់គ្លេស ស្វ៊ីស ឬបណ្តាប្រទេសអ៊ឺរ៉ុបចំនួន២៨ទៀត”។
យោងតាមអង្គការតម្លាភាពអន្តរជាតិ Transparency International បានឲ្យដឹងថា គំនិតផ្តួចផ្តើមលិខិតឆ្លងដែន និងលំនៅដ្ឋានបានចាក់បញ្ចូលជិតទុន ៦ ពាន់លានដុល្លារទៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសនេះ គិតចាប់តាំងពីឆ្នាំ ២០១៣មក។
វិស័យអចលនទ្រព្យនៅ Cyprus បានកើនឡើង៣៤ភាគរយនៅក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះបើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមនាយកដ្ឋានដីធ្លីនៃប្រទេស Cyprus។ ការជួញដូរអចលនៈទ្រព្យមានចំនួនសរុបជាង១,៦ ពាន់លានដុល្លារនៅចន្លោះខែ មករា និងឧសភា៕