ដោយ Donald Lee
ភ្នំពេញ: ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមដាក់ពន្ធលើប្រទេសវៀតណាម ហើយបាននិយាយថាប្រទេសនេះ “ស្ទើរតែជាអ្នកបំពារបំពានដ៏ខ្លាំងបំផុតជាងប្រទេសដទៃទៀត” ក្នុងលក្ខខណ្ឌនៃអតុល្យភាពពាណិជ្ជកម្ម។ បើតាមសម្តីលោក Donald Trump នៅក្នុងបទសម្ភាសន៍មួយនៅលើទូរទស្សន៍អាមេរិកនៅថ្ងៃនេះ។
យោងតាមអ្នកតំណាងពាណិជ្ជកម្មអាមេរិក បានឲ្យដឹងថា អាមេរិកបាននាំចូលទំនិញដែលមានតម្លៃ ៤៧,៨ ពាន់លានដុល្លារពីវៀតណាម ប៉ុន្តែអាមេរិកនាំទំនិញចេញត្រឹមតែ ១០,៥ ពាន់លានដុល្លារប៉ុណ្ណោះទៅកាន់ប្រទេសនៅអាស៊ីអាគ្នេយ៍។បណ្តាប្រទេសជាសមាជិកអាស៊ានដូចជា វៀតណាម និងកម្ពុជាបានទទួលប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។
-->
យោងតាមក្រុមអ្នកវិភាគបានឲ្យដឹងថា មានការចាកចេញពីប្រទេសចិនដោយក្រុមហ៊ុនផលិតកម្មទៅកាន់បណ្តាប្រទេសអាស៊ាន ដោយសារតែការចំណាយបន្ថែមសម្រាប់ផលិតផលដែលបាននាំចេញពីប្រទេសចិន ដោយសារតែពន្ធអាមេរិក។
ទិន្នន័យផ្គត់ផ្គង់ខ្សែចង្វាក់ផលិតកម្មបានបញ្ជាក់រួចទៅហើយថា ប្រសិនបើពន្ធគយថ្មីរបស់សហរដ្ឋអាមេរិកលើទំនិញរបស់ចិនចូលជាធរមាន នោះក្រុមហ៊ុនកាត់ដេរនៅក្នុងប្រទេសចិននឹងមិនមានជម្រើសទេក្រៅតែពីស្វែងរកទីតាំងផលិតជំនួសនៅក្នុងប្រទេសកម្ពុជា វៀតណាម និងមីយ៉ាន់ម៉ា។
លោក Trump បានមានប្រសាសន៍ថា “មានក្រុមហ៊ុនជាច្រើនកំពុងធ្វើការផ្លាស់ប្តូរទៅប្រទេសវៀតណាម ប៉ុន្តែវៀតណាមទាញយកប្រយោជន៍ពីយើងច្រើនជាងប្រទេសចិនចិនទៅទៀត”។ លោកបានបន្ថែមថា “យើងកំពុងពិភាក្សាគ្នាជាមួយវៀតណាម។ ប្រទេសវៀតណាមគឺជាប្រទេសតែមួយដែលកេងយកផលចំណេញច្រើនបំផុត។
បើទោះជាវៀតណាមជាប្រទេសតូចជាងប្រទេសចិនក៏ដោយ ក៏ប៉ុន្តែប្រទេសនេះជាអ្នករំលោភបំពានដ៏បំផុតជាងប្រទេសដ៏ទៃទៀត”។
យោងតាមរបាយការណ៍សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់វិទ្យាស្ថានគណនេយ្យករនៅចក្រភពអង់គ្លេស និងវ៉េលបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមត្រូវបានរំពឹងថានឹងមានកំណើន ៦,៧ ភាគរយនៅឆ្នាំនេះ។ភ្នាក់ងារវិនិយោគបរទេសរបស់វៀតណាម បានឲ្យដឹងថា ការវិនិយោគទុនដោយផ្ទាល់ពីបរទេសនៅក្នុងប្រទេសវៀតណាមបានកើនឡើងជិត ១០ ភាគរយនៅក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០១៩ ដែលស្មើនឹង ២,៦ ពាន់លានដុល្លារ។ ក្
រុមអ្នកវិភាគ បាននិយាយថា ការកើតឡើងសង្គ្រាមពាណិជ្ជកម្មអាម៉េរិក-ចិន កំពុងតែជំរុញកំណើននៅក្នុងវិស័យផលិតកម្មរបស់វៀតណាមដែលជាកត្តាជំរុញមួយនៃសេដ្ឋកិច្ចប្រទេសនេះ។សមាគមគណនេយ្យករ និងសវនករវៀតណាម បានឲ្យដឹងថា ការនាំចេញបានកើនឡើងជិត ២០ ភាគរយក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០១៩។
ជម្លោះពាណិជ្ជកម្មអាម៉េរិក-ចិននឹងជាអទិភាពនៃរបៀបវារៈនៅកិច្ចប្រជុំ 20 នៃសប្តាហ៍នេះនៅក្នុងប្រទេសជប៉ុនដែលនឹងចូលរួមដោយមេដឹកនាំមកពីប្រទេសមហាអំណាចដែលមានទំហំសេដ្ឋកិច្ចជាង ៧៥ ភាគរយនៃសេដ្ឋកិច្ចពិភពលោក។
ប្រធានាធិបតីអាមេរិក លោក Trump និងមេដឹកនាំចិនលោកស៊ីជីនភីងត្រូវគេរំពឹងថានឹងធ្វើការសម្រុះសម្រួលគ្នានៅឯកិច្ចប្រជុំ G20 ឬក៏បង្កើនភាពតានតឹងបន្ថែមទៀត។
របាយការណ៍សេដ្ឋកិច្ចរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ចេញផ្សាយនៅថ្ងៃនេះបានប៉ាន់ស្មានថា តម្លៃនៃផលប៉ះពាល់ដោយសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនអាចកើនឡើងរហូតដល់ចំនួន ១,២ ពាន់ពាន់លានដុល្លារ និងជំរុញសេដ្ឋកិច្ចសកលឲ្យមានធ្លាក់ចុះ។
របាយការណ៍បានបញ្ជាក់ថា ជាពិសេស បើសិនជា លោក Trump ដាក់ការគំរាមកំហែងរបស់លោកដោយដាក់ពន្ធគយ ២៥ ភាគរយលើទំនិញចិនទាំងអស់ ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកអាចនឹងធ្លាក់ចុះចំនួន ១,២ ពាន់ពាន់លានដុល្លារនៅដំណាច់ឆ្នាំ ២០២១ ដោយពន្យឺតកំណើនសេដ្ឋកិច្ចរហូតដល់កម្រិតដែលមិនឃើញចាប់តាំងពីវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ ២០០៧-២០០៨។
លោក Roberto Azevedo អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃចន្ទថា ពាណិជ្ជកម្មពិភបលោកត្រូវបានទទួលរងផលប៉ះពាល់ដោយការរឹតបន្តឹងថ្មីនៅលើកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រមួយ”។

ក្នុងន័យលោកបានសង្កត់ធ្ងន់លើគោលនយោបាយការពារនិយមដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាល G20។លោកបានបន្ថែមថា “នេះនឹងមានផលវិបាកក្នុងការកើនឡើងភាពមិនច្បាស់លាស់ ការវិនិយោគមានកម្រិតទាប និងកំណើនពាណិជ្ជកម្មនឹងថយចុះ”៕