ការធ្វើអាជីវកម្មបច្ចេកវិទ្យា5Gក្រុមហ៊ុនHuawei មិនទទួលរងផលប៉ះពាល់ពី ការដាក់ទណ្ឌកម្មអាមេរិក

0

ប្រែសម្រួលដោយ មនុប៊ី

សៀងហៃៈ បច្ចេកវិទ្យា5G របស់ក្រុមហ៊ុន Huawei មិនបានរងផលប៉ះពាល់ដោយការដាក់ក្រុមហ៊ុនចិន ចូលក្នុងបញ្ជីខ្មៅរបស់អាមេរិកនោះទេ ខណៈការបញ្ជាទិញការអភិ​វឌ្ឍន៍សម្រាប់ឧបករណ៍បណ្តាញបច្ចេកវិទ្យា5G កំពុងដំណើរការធម្មតា។ នេះបើយោងតាមសម្ដីរបស់របស់ប្រធានក្រុមហ៊ុន លោក Ken Hu។

ក្រុមហ៊ុនHuawei ទទួលបានកិច្ចសន្យាពាណិជ្ជកម្មចំនួន៥០ សម្រាប់ឧបករណ៍ឥត​ខ្សែជំនាន់ទី៥ ជាមួយនឹងប្រទេសចំនួន៣០ក្រៅពីប្រទេសចិន ចាប់តាំងពីខ្លួនបានចាប់​ផ្តើមទទួលការបញ្ជាទិញកាលពីឆ្នាំមុន។

ក្នុងចំណោមប្រទេសទាំង៣០ មានប្រទេសចំនួន២៨ មកពីបណ្តាប្រទេសនៅអឺរ៉ុបដូចជា អង់គ្លេស និង អេស្ប៉ាញ១១ ប្រទេសមកពីមជ្ឈិមបូព៌ា និង៦ប្រទេសមកពីទីផ្សារអាស៊ីប៉ាស៊ីហ្វិក រួមទាំងកូរ៉េខាងត្បូង។

ក្រុមហ៊ុនផលិតសម្ភារៈទូរគមនាគមន៍ចិននេះ បាននាំចេញសរុបនៃស្ថានីយបច្ចេកវិទ្យា5Gមានកើនជាងបីដងចាប់តាំងពីខែ កុម្ភៈ ដែលស្មើនឹង១៥០,០០០ស្ថានីយ។

លោកHuបានព្យាករណ៍ថា ចំនួនសរុបនៃនាំចេញអាចនឹងឈានដល់៥០០,០០០ស្ថានីយនៅចុងឆ្នាំ ២០១៩។ លោកបន្តថា ការរីកចម្រើននេះកើតឡើង បើទោះបីជាមានការព្រមានរបស់សហរដ្ឋអាមេរិក ចំពោះបណ្តាប្រទេសផ្សេងទៀត មិនឲ្យប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុនHuawei និងឧបករណ៍ដែលផលិតនៅប្រទេសចិន ដែលប្រើប្រាស់ដោយបច្ចេកវិទ្យា5Gរបស់ពួកគេដោយអះអាងថា មានហានិភ័យផ្នែកសន្តិសុខជាតិ។

ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធនៃបច្ចេកវិទ្យា4G ដែលមានស្រាប់នៅក្នុងភាគច្រើននៃអឺរ៉ុប
និងអាស៊ីបានភ្ជាប់ឧបករណ៍អេឡិចត្រូនិករបស់Huawei រួចហើយ ហើយវាមានតម្លៃថោកជាងឧបករណ៍ប្រកួតប្រជែងពីគូប្រជែងអ៊ឺរ៉ុប ដូចជា ក្រុមហ៊ុនអេឡិចត្រូនិក Ericsson និងក្រុមហ៊ុន Nokia។

កាលពីខែឧសភា ក្រុងវ៉ាស៊ីនតោន បានហាមឃាត់ក្រុមហ៊ុនអាមេរិក មិនឲ្យនាំចេញបច្ចេកវិទ្យាទៅអោយក្រុមហ៊ុនHuawei ។ នេះគឺជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ប្រតិបត្តិការស្មាតហ្វូន របស់ក្រុមហ៊ុនផលិតស្មាតហ្វូនចិន ដែលពឹងផ្អែកលើប្រព័ន្ធប្រតិ​បត្តិការទូរស័ព្ទចល័តរបស់ក្រុមហ៊ុន Google។

ក្រុមហ៊ុនHuaweiរំពឹងថា ការចេញលក់ស្មាតហ្វូន ទូទាំងពិភពលោករបស់ខ្លួននឹងធ្លាក់ចុះ៤០លានគ្រឿងនៅក្នុងឆ្នាំ២០១៩ ដែលស្មើនឹងប្រហែល២០ភាគរយនៃចំនួនលក់សរុបកាលពីឆ្នាំមុន។

លោក Hu បាននិយាយថា ក្រុមហ៊ុនរំពឹងថា ផលប៉ះពាល់លើប្រតិបត្តិការបច្ចេកវិទ្យា 5G របស់ខ្លួននឹងមិនអាចកើតឡើងទេ។ ក្រុមហ៊ុនHuaweiត្រូវបានជឿថា កំពុងឆ្លើយតបដោយការធ្វើពិពិធកម្មការវិនិយោគធនធាន និងការបង្កើតស្តុកខ្លួន។
លោកបានថ្លែងថា “យើងអាចធានាឲ្យបានពេញលេញ នូវការផ្គត់ផ្គង់នៃស្ថានីយមូលដ្ឋានសម្រាប់កិច្ចសន្យា ដែលយើងបានចុះហត្ថលេខា ហើយកិច្ចសន្យាដែលយើងនឹងចុះហត្ថលេខាទៅមុខ”។

លោក Hu ក៏បានបញ្ជាក់ផងដែរថា បើទោះជាមានការដាក់ទណ្ឌកម្មដល់ក្រុមហ៊ុន Huawei ក្រុមហ៊ុនមិនមាន”បញ្ហាផ្លូវច្បាប់” ដែលបន្តការទិញពីអ្នកផ្គត់ផ្គង់របស់ជប៉ុន។ ក្រុមហ៊ុនធ្វើអាជីវកម្ម ជាមួយក្រុមហ៊ុនជប៉ុនជាង១០០ក្រុមហ៊ុន រួមទាំងក្រុមហ៊ុន Sony និង Toshiba Memory៕

ប្រភព សារព័ត៌មាន Nikkei

LEAVE A REPLY

Please enter your comment!
Please enter your name here