ដោយ គង់ សូរិយា
ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជាកាន់តែរ៉ឹងមាំតាមរយៈការតភ្ជាប់កំពង់ផែទឹកជ្រៅរបស់កម្ពុជា ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២២ខាងមុខនេះ ដែលកំពង់ផែនេះនឹងជួយសម្រួល ការតភ្ជាប់ការដឹកជញ្ជូនទំនិញកម្ពុជាទៅកាន់ពិភពលោក។
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកស៊ុន ចាន់ថុលបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា កំពង់ផែទឹកជ្រៅនេះមានជម្រៅទឹករហូតដល់១៤,៥0ម៉ែត្រ ដែលអនុញ្ញាត្តឲ្យកប៉ាល់ធំ៩៣ភាគរយ នៃពិភពលោកអាចចូលចតដឹកទំនិញបាន។លោកបន្តថា កំពង់ផែនេះនឹងបញ្ចប់នៅឆ្នាំ២០២២ ខាងមុខនេះ ដែលនឹងអនុញ្ញាត្តឲ្យកម្ពុជា អាចដឹកទំនិញនិងតភ្ជាប់ប្រព័ន្ឋដឹកជញ្ជូនទៅកាន់ពិភពលោក។
លោកបន្តថា ជាមួយគ្នានេះក្រសួងបាន និងកំពុងសិក្សាកសាងផ្លួវថ្មីមួយតភ្ជាប់ពីខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង ដើម្បីសម្រួលការធ្វើដំនើរ និងដឹកជញ្ជូនកសិផលកម្ពុជាមកកាន់កំពង់ផែនេះ ដើម្បីកាត់បន្ថយការពឹងផ្អែកទីផ្សារប្រទេសថៃ។
លោកស៊ុន ចាន់ថុលបានបន្តថា ការសាងសង់ផ្លូវនេះ នឹងជួយសម្រួលនិងលើកកំពស់ជីវភាពប្រជាពលរដ្ឋ និងលើកកំពស់សេដ្ឋកិច្ចកម្ពុជា ក្នុងក្របខ័ណ្ឌកម្ពុជាអាចឈរដោយខ្លួនឯង ជាជាងពឹងផ្អែកដង្ហើមគេដក ព្រោះការពឹងដង្ហើមគេដក(ពឹងប្រទេសថៃ)វាពិបាកណាស់។
យ៉ាងណាក៏ដោយលោកទេសរដ្ឋមន្ត្រី មិនបញ្ជាក់ឲ្យដឹងពីការសិក្សាសាងសង់ផ្លូវនេះបញ្ចប់នាពេលណាទេ ហើយផ្លូវនេះមានប្រវែងប៉ុន្មាន និងចំណាយថវិកាចំនួនប៉ុន្មានរយលានដុល្លារ មិនទាន់ដឹងនៅឡើយទេ៕