ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញៈ អ្នកនាំពាក្យរាជរដ្ឋាភិបាលនៃកម្ពុជាជំរុញឲ្យរដ្ឋាភិបាលចិន និងសហរដ្ឋអាមេរិក រក្សាភាពចរចាគ្នា ដើម្បីបន្ធូភាពតានតឹងក្នុងរឿងជម្លោះសេដ្ឋកិច្ច ដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះ។
លោក ផៃ ស៊ីផាន ជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងក្នុងវេទិកាពិភាក្សាអំពីបញ្ហាជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ក្នុងបរិបទកម្ពុជានៅថ្ងៃទី២៨ ខែមិថុនានេះឱ្យដឹងថា នៅពេលរដ្ឋាភិបាលប្រទេសទាំងពីរចូលតុចរចាគ្នា នឹងធ្វើឲ្យស្ថានភាពនយោបាយសេដ្ឋកិច្ចវិលមករកដូចដើមវិញ។
-->
លោកបានអំពាវនាវឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក និងចិន ងាកមករកការចរចា ដើម្បីឈានដល់ការបញ្ចប់ជម្លោះពាណិជ្ជកម្ម ដែលកំពុងឡើងកំដៅនាពេលបច្ចុប្បន្ននេះ ក៏ដូចជាដើម្បីចូលរួមថែរក្សាសន្តិភាព នយោបាយ និងសេដ្ឋកិច្ចទាំងក្នុងតំបន់ និងនៅលើពិភពលោក។
លោកបន្តថា «ប្រសិនប្រទេសទាំងពីរនៅតែមិនមានការចរចាគ្នាទេនោះ ភាគីទាំងពីរនឹងខាតបង់ផលប្រយោជន៍កាន់តែខ្លាំង តាមរយៈការប្រឈមមុខដាក់គ្នាទៅវិញទៅមក។ ម្យ៉ាងវិញទៀតកម្ពុជា មិនចង់ឲ្យប្រទេសណាមួយយកមហិច្ឆតានយោបាយរបស់ខ្លួន ដើម្បីបំផ្លាញពិភពលោកនោះទេ»។
ការប្រឈមមុខដាក់គ្នារវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ ត្រូវបានគេមើលឃើញថា កាន់តែខិតជិតទៅរកសង្គ្រាមពាណិជ្ជកម្ម ក្រោយពីប្រទេសទាំងពីរ បានសម្ញែងឫទ្ធិសាច់ដុំសេដ្ឋកិច្ចដាក់គ្នា ក្នុងការកំណត់ដកហូតពន្ធនាំចេញនាំចូលរៀងៗខ្លួន។
ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ នៅលើពិភពលោកធ្វើឲ្យមានជម្លោះពាណិជ្ជកម្មសម្រាប់ឆ្នាំនេះ។ ជាមួយគ្នាលោក Trump បានគំរាមដាក់ពន្ធបន្ថែមលើទំនិញ តម្លៃ៣០០ពាន់លានដុល្លារបន្ថែមទៀតលើទំនិញចិន បន្ទាប់ពីបានដំឡើងពន្ធរួចមកកាលពីដើមឆ្នាំនេះ។
មេដឹកនាំនៃប្រទេសទាំងពីរនឹងជួបប្រជុំគ្នា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសជប៉ុនដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២៨ ខែមិថុនានេះ៕