ដោយ Donald Lee
ភ្នំពេញៈ ខណៈសេដ្ឋកិច្ចកូរ៉េខាងត្បូង បានធ្លាក់ចុះកាលពីត្រីមាសមុននេះ បើគិតចាប់តាំងពីវិបត្ដិហិរញ្ញវត្ថុឆ្នាំ២០០៨ វាកំពុងបង្កើនយុទ្ធសាស្រ្តវិនិយោគទ្វេដងនៅក្នុងតំបន់អាស៊ាន។
សេដ្ឋកិច្ចកូរ៉េខាងត្បូងបានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីដើមឆ្នាំនេះ ខណៈអត្រាអ្នកគ្មានការងារធ្វើ បានឈានដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល៩ឆ្នាំ ហើយផលិតផលសរុបក្នុងស្រុករបស់ខ្លួន បានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីវិបត្តិសេដ្ឋកិច្ចសកល ក្នុងឆ្នាំ ២០០៨។
-->
ភាពយឺតយ៉ាវនេះ គឺជាផលវិបាកនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន ដោយកំពុងប្រឈប នឹងការធ្លាក់ចុះនៅក្នុងវិស័យបច្ចេកវិទ្យា និងការធ្លាក់ចុះសេដ្ឋកិច្ចសកល ដោយសារភាពតានតឹងពាណិជ្ជកម្មពិភពលោក។
ជាការឆ្លើយតប លោកប្រធានាធិបតី Moon Jae-in បានបង្កើនការវិនិយោគទ្វេដងក្នុងតំបន់អាស៊ាន ដែលមានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័ស រួមមានកម្ពុជាផងដែរ ដែលជាប្រទេសដែលនៅសេសសល់ចុងក្រោយបង្អស់ នៅលើពិភពលោកនៅតែទទួលបានកំណើនសេដ្ឋកិច្ចល្អ។
លោក Joo Hyung Chul ប្រធានគណកម្មាធិការរៀបចំគោលនយោបាយរបស់ប្រធានាធិបតីកូរ៉េខាងត្បូងស្តីពី គោលនយោបាយថ្មីខាងត្បូងនៅឯវេទិការកូរ៉េ- អាស៊ាន និងឥណ្ឌានៅសប្តាហ៍នេះបាននិយាយថា “សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េប្រឈមមុខនឹងការការពារនិយមសកល ជម្លោះពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងអាមេរិក និងប្រទេសចិន”។
លោកបានបន្ថែមថា យុទ្ធសាស្ត្រគោលនយោបាយថ្មីភាគខាងត្បូង របស់ប្រធានាធិបតី គឺដើម្បីធ្វើពិពិធកម្មទីផ្សាររបស់ខ្លួន និងធានាឲ្យមានការប្រកួតប្រជែង នៅក្នុងតំបន់ដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតលើពិភពលោក។
កូរ៉េខាងត្បូងបានឃើញពីអតិរេកពាណិជ្ជកម្ម មានទំហំទឹកប្រាក់ចំនួន ៩៣,៤ពាន់លានដុល្លារជាមួយរដ្ឋជាសមាជិកអាស៊ានកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍របស់ធនាគារកណ្តាលបានឲ្យដឹងថា ភាគច្រើននៃការនាំចេញទៅកាន់តំបន់អាស៊ីអាគ្នេយ៍ គឺបន្ទះឈៀបកុំព្យូទ័រ និងវាយនភណ្ឌ។ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសកូរ៉េ និងតំបន់អាស៊ាន បានកើនឡើងដល់១៦០ពាន់លានដុល្លារនៅឆ្នាំ ២០១៧ ដែលច្រើនជាងទ្វេដងនៃឆ្នាំមុនៗ។
ក្រុមហ៊ុនផលិតកម្ម សំណង់ និងក្រុមហ៊ុនហិរញ្ញវត្ថុកូរ៉េខាងត្បូង កំពុងបង្កើនសាខានៅកម្ពុជា ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររួមគ្នា ដើម្បីបង្កើតទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធជាមួយកម្ពុជា។
នៅកម្ពុជាក្នុងសប្តាហ៍នេះ វិនិយោគិនកូរ៉េខាងត្បូងមួយក្រុមបានមកដល់កម្ពុជាដើម្បីជំរុញការដោះដូរពាណិជ្ជកម្ម ថាមពល ជីវបច្ចេកវិទ្យា ថាមពលពន្លឺព្រះអាទិត្យ គ្រឿងសំអាង អាហារសរីរាង្គ និងឧស្សាហកម្ម អាកាសចរណ៍។
ផែនការវិនិយោគត្រូវបានពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការិយាល័យពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង។
លើសពីនេះទៅទៀត ក្រុមហ៊ុនសម្ភារៈសំណង់កូរ៉េជិត៨០ក្រុមហ៊ុន ក៏បានប្រមូលផ្ដុំគ្នានៅភ្នំពេញនៅខែនេះ ដែលរដ្ឋាភិបាលកូរ៉េខាងត្បូងរៀបចំព្រឹត្តិការណ៍ ដើម្បីជំរុញការផ្គូផ្គងអាជីវកម្មរវាងប្រទេសទាំងពីរ។
លោក ខាន់ សុផល អគ្គនាយកនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា “ថ្វីបើការវិនិយោគរបស់ចិន ស្ថិតលំដាប់កំពូលលើវិស័យសំណង់របស់ប្រទេសយើង ក៏យើងស្វាគមន៍វិនិយោគិនដទៃទៀតដូចជា កូរ៉េខាងត្បូងផងដែរ។ ជាមួយនឹងការប្រកួតប្រជែងជាច្រើន វានឹងផ្តល់ជូននូវជម្រើសកាន់តែច្រើន ដែលមានគុណភាព និងបច្ចេកវិទ្យាថ្មីនៃសម្ភារសំណង់ “។
នៅក្នុងវិស័យហិរញ្ញវត្ថុ ក្រុមហ៊ុនហិរញ្ញវត្ថុកូរ៉េខាងត្បូងចំនួន៥ បានបើកក្រុមហ៊ុនបុត្រសម្ព័ន្ធនៅកម្ពុជាកាលពីឆ្នាំមុននេះ។ នេះបើយោងតាមរបាយការណ៍មួយចេញដោយសេវាគ្រប់គ្រងហិរញ្ញវត្ថុ (FSS) ដែលជានិយ័តករហិរញ្ញវត្ថុរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង។
យោងតាមរបាយការណ៍បានឲ្យដឹងថា ធនាគារឧស្សាហកម្មកូរ៉េធនាគារ ធនាគរ Woori ធនាគារ Daegu ធនាគារ Nonghyup និង Kookmin បានបង្កើតសាខាខ្លួននៅកម្ពុជា។
សារៈសំខាន់របស់កូរ៉េខាងត្បូង ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាមានទំហំធំ។ ប្រទេសនេះជាប់ចំណាត់ថ្នាក់ទី២ បន្ទាប់បីប្រទេសចិនដែលជាប្រទេសនាំនូវការវិនិយោគផ្ទាល់ពីបរទេសចូលមកកម្ពុជា។ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងវិនិយោគកូរ៉េចំនួន២១២ ដែលមានតម្លៃ៤,៥៦ ពាន់លានដុល្លារ។
ក្រុមហ៊ុនធុរកិច្ចកូរ៉េខាងត្បូងជិត៣០០ក្រុមហ៊ុន កំពុងប្រតិបត្តិការនៅកម្ពុជាដោយផ្តល់ការងារដល់ប្រជាជនរាប់ពាន់នាក់។
ក្រុមអ្នកវិភាគកត់សម្គាល់ថា កូរ៉េខាងត្បូងត្រូវបានគេរំពឹងថា នឹងពឹងផ្អែកកាន់តែខ្លាំងទៅលើតំបន់អាស៊ានក្នុងរយៈពេលវែង ជាពិសេសនៅពេលដែលមានសង្គ្រាមពាណិជ្ជកម្មអាម៉េរិក-ចិន ធ្វើឲ្យមានការរង្គោះរង្គើទីផ្សារពិភពលោក និងរុញច្រានសេដ្ឋកិច្ចសាកលលោកទៅរកការធ្លាក់ចុះនៃសេដ្ឋកិច្ច។
មេដឹកនាំពិភពលោកសង្ឃឹមថា ប្រធានាធិបតីអាមេរិកលោក Trump និងមេដឹកនាំចិនលោកស៊ី ជីនពីង អាចឈានដល់ការសម្រុះសម្រួល ដ៏សមស្របមួយនៅកិច្ចប្រជុំមួយដែលគេរំពឹងទុកនៅកិច្ចប្រជុំកំពូល G20 នៅសប្តាហ៍នេះ។
លោក Chua Hak Bin សេដ្ឋវិទូជាន់ខ្ពស់ម្នាក់នៅក្រុមហ៊ុន Maybank Kim Eng Research បានថ្លែងប្រាប់Bloomberg ថា “នៅពេលដំរីធំពីរប្រយុទ្ធគ្នា ស្មៅដែលនៅជុំវិញទាំងអស់នឹងត្រូវបានខូចខាត។ ជោគវាសនានៃសេដ្ឋកិច្ចសកលនៅលើលោក Trump និងស៊ីឈានដល់ការចរចារខ្លះនៅអូសាកា និងបិទកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួនមុនពេលបញ្ចប់ឆ្នាំនេះ”។
លោកបានបន្ថែមថា “ការបរាជ័យក្នុងការចាប់ផ្តើមឡើងវិញ នូវកិច្ចចរចាពាណិជ្ជកម្មនឹងជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចសកល”៕