ដោយ ដែន ចែងចាំង
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា ការធ្វើដំណើរតាមកាណូត តាមផ្លូវទឹកចេញពីតំបន់ភាគខាងជើងក្រុងភ្នំពេញ ទៅកាន់ក្រុងតាខ្មៅ ក្នុងខេត្តកណ្តាលនឹងចាប់ផ្តើមមុខពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
លោកវ៉ា ស៊ីមសូរិយាអ្នកនាំពាក្យក្រសួងខាងលើនេះបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៥ ធ្នូនេះថា បច្ចុប្បន្ននាយកដ្ឋានជំនាញនានាកំពុងរៀបចំផែនការនេះ ព្រោះតាមអ្វីដែលឯកឧត្តមទេសរដ្ឋមន្ត្រីចង់បាន គឺធ្វើយ៉ាងណាឲ្យការដឹកជញ្ជូនតាមផ្លូវទឹកដំណើរការបាន មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។លោកបន្តថា នាយកដ្ឋានជំនាញកំពុងសិក្សាពីការកសាងកាណូតដឹកជញ្ជូន នៅក្នុងស្រុក ជាជាងទិញកាណូតនាំចូលពីប្រទេសជិតខាង ព្រោះវាមានភាពស្មុគ្រស្មាញច្រើនលើបែបបទ និងនិតិវិធីនានា។
លោកបន្តថា តាមគំរោងក្រសួងរៀបចំកំពង់ផែចំនួន១៨ទីតាំង ចេញពីតំបន់ព្រែកព្នៅ មកកាន់ក្រុងតាខ្មៅ ប៉ុន្តែជំហ៊ានតំបូងធ្វើតែ២ទៅ៣កំពង់ផែសិន ដើម្បីដំណើរការសាកល្បង។
ទោះជាយ៉ាងណាលោកវ៉ា ស៊ីមសូរិយាមិនបញ្ជាក់ឲ្យដឹងពីទំហំថវិកាត្រូវចំណាយសម្រាប់វិនិយោគក្នុងគំរោងនេះទេ។
លោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រសួងមានកញ្ចប់ថវិកាមួយចំនួនរួចហើយ ដើម្បីរៀបចំកំពង់ផែតូចៗ ដើម្បីធ្វើជាចំណតមធ្យោបាយដឹកជញ្ជូនតាមផ្លួវទឹក ចេញពីតំបន់ព្រែកព្នៅ ឆ្ពោះទៅក្រុងតាខ្មៅខេត្តកណ្តាល។លោកបន្តថា ការធ្វើដំនើរតាមផ្លូវទឹកនឹងជួយកាត់បន្ថយការចំណាយ និងការកកស្ទះចរាចរណ៍ ព្រោះវាជាមធ្យោបានធ្វើដំនើរមួយទៀត ដែលក្រសួងកំពុងគិតគូ៕