ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំមន្ត្រីជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើជំនួយពាណិជ្ជកម្មឆ្នាំ២០១៩នៅដើមខែនេះរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅអង្គការពាណិជ្ជកម្មពិភពលោក នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។
សម្តេចជោ សរសេរនៅក្នុងទំព័រហ្វេសបុកផ្លូវការបស់សម្តេចនៅថ្ងៃទី ៣០ ខែមិថុនា ម្សិលមិញនេះថា នៅក្នុងសប្តាហ៍ក្រោយនេះ ខ្ញុំនឹងត្រូវទៅចូលរួមកិច្ចប្រជុំពិសេសមួយពាក់ព័ន្ឋនឹងយុទ្ធសាស្ត្រលើវិស័យពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
-->
សម្តេចបន្តថា កម្ពុជាត្រូវតែបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អកាន់តែច្រើនឡើងថែមទៀត ជាមួយប្រទេសក្នុងតំបន់ និងក្នុងពិភពលោក និងជាមួយបណ្តាដៃគូអង្គការពាណិជ្ជកម្មតូចធំ ដើម្បីបើកទីផ្សារផលិតផលខ្មែរបាននាំចេញទៅក្រៅកាន់តែទូលំទូលាយថែមទៀត។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញផ្សាយកាលពីកន្លងទៅថ្មីៗនេះថាកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ ២០១៩ ក្រោមប្រមូលបទ គាំទ្រពិពិធកម្ម និងការលើកកម្ពស់សេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នតាមរយៈជំនួយសម្រាប់ពាណិជ្ជកម្ម មានគោលបំណងពិនិត្យមើលពីរបៀបដេលជំនួយពាណិជ្ជកម្មអាចទ្រទ្រង់ប្រកបដោយប្រសិទ្ធភាពដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។
អាស្រ័យដោយសមិទ្ធិផលដ៏ធំធេងរបស់កម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជោគជ័យក្នុងការកាត់បន្ថយភាពក្រីក្រ ក្នុងរយៈពេលប៉ុន្មានទស្សវត្សកន្លងមកនេះ សម្តេចតេជោ ហ៊ុនសែន នឹងឡើងថ្លែងសន្ទរកថាគន្លឹះពីបទពិសោធ កិច្ចប្រឹងប្រែង និងយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងការជម្នះឧបសគ្គនានា នឹងនាំមកនូវកំណើនសេដ្ឋកិច្ចគួរឱ្យកោធសរសើរដល់កម្ពុជា ។
សម្តេចតេជោ នឹងប្រកាសជាផ្លូវការនូវយុទ្ធសាស្ត្រសមហរណកម្មពាណិជ្ជកម្មរបស់កម្ពុជាឆ្នាំ ២០១៩-២០២៣ ព្រមទាំងថ្លែងសុន្ទរកថានៅក្នុងកម្មវិធីសង្គមដែលរៀបចំដោយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ផងដែរ។
ក្រៅពីកិច្ចប្រជុំនេះ សម្តេចតេជោ នឹងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី ៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលផ្តល់សារដ៏សំខាន់និងច្បាស់លាស់មួយ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕