រដ្ឋាភិបាល​ជំរុញ​អាជីវករ​កាណូត​ទេសចរណ៍​អនុវត្ត​ការ​បង់ពន្ធ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​តាមរយៈ​កិច្ចប្រជុំ​អន្តរក្រសួង​-ស្ថាប័ន​ពាក់​ព័ន្ឋបាន​ជំរុញ​ឱ្យ​អ្នក​ប្រកប​អាជីវកម្ម​កាណូត​ទេសចរណ៍​ ចូល​បង់ពន្ធ​នាំចូល​យានយន្ត​របស់​ពួកគេ​ ឱ្យ​ដូច​ទៅ​នឹង​អ្នក​ប្រកប​អាជីវកម្ម​ដទៃ​។

កិច្ចប្រជុំ​អន្តរក្រសួង​-ស្ថាប័ន​ពាក់​ព័ន្ឋនានា​ បាន​ធ្វើ​ឡើ​នៅ​ថ្ងៃទី១ខែកក្កដា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ ដែល​ដឹកនាំ​ដោយ​លោក​ ជា​ បូរ៉ា​ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ បាន​ស្នើ​ទៅ​រាជរដ្ឋាភិបាល​ ក្នុង​ការបង្កើត​គណៈ​ការ​អន្តរក្រសួង​មួយ​ឱ្យ​បាន​ឆាប់​នា​ពេល​ខាងមុខ​ ដើម្បី​ចុះ​ដោះស្រាយ​បញ្ហា​ពន្ធ​ និង​បញ្ហា​ប្រឈម​មួយចំនួន​។

អង្គប្រជុំ​បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន​ ពាក់ព័ន្ធ​នឹង​ការ​ប្រកប​អាជីវកម្ម​កាណូត​ទេសចរណ៍​ ពិសេស​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ព្រះសីហនុ​ ដែល​តម្រូវ​ឱ្យ​អន្តរក្រសួង​-ស្ថាប័ន​រួមគ្នា​ដោះស្រាយ​ឱ្យ​បាន​ ក្នុង​នោះ​រួមមាន​ ទី១​ កាណូត​ទេសចរណ៍​ដែល​ប្រកប​អាជីវកម្ម​គ្មាន​ពន្ធ​នាំចូល​ និង​លិខិតស្នាម​ត្រឹមត្រូវ​។ ទី២​ កាណូត​ទេសចរណ៍​ដែល​ប្រកប​អាជីវកម្ម​គ្មាន​សៀវភៅ​ត្រួតពិនិត្យ​បច្ចេកទេស​ ដែល​ចេញ​ដោយ​ក្រសួង​ ឬមន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​។

ទី៣​ កាណូត​មួយចំនួន​ផលិត​ និង​ដំឡើង​ក្នុង​ស្រុក​គ្មាន​ស្ដ​ង់​ដា​គុណភាព​។ ទី៤​ កាណូត​ទេសចរណ៍​មួយចំនួន​ មិន​គោរព​តាមច្បាប់​ចរាចរណ៍​ផ្លូវទឹក​ និង​ដឹក​លើសកម្រិត​ ព្រមទាំង​គ្មាន​អាជ្ញា​បណ្ណ​ និង​ទី៥​ កំពង់ផែ​ចំណត​គ្មាន​គ្រប់​តម្រូវការ​ សម្រាប់​កាណូត​ទេសចរណ៍​ និង​មិន​គ្រប់​បំពេញ​តាម​តម្រូវ​កា​រស្ដង់​ដា​សុវត្ថិភាព​ ជាហេតុ​ធ្វើ​ឱ្យ​កាណូត​ចត​ដោយ​គ្មាន​សណ្ដាប់ធ្នាប់​ និង​ពិបាក​គ្រប់គ្រង​។

បច្ចុប្បន្ន​មាន​កាណូត​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស​ ១២៤គ្រឿង​ (រាជធានី​ភ្នំពេញ​ និង​ខេត្ត​ព្រះសីហនុ​) ក្នុង​នោះ​គ្មាន​អាជ្ញា​បណ្ណ​ប្រកប​អាជីវកម្ម១៦គ្រឿង​ និង​មាន​អាជ្ញា​បណ្ណ​បណ្ដោះអាសន្ន​ចំនួន៣៥គ្រឿង​ ប៉ុន្តែ​កាណូត​ទេសចរណ៍​ទាំងនោះ​ សុទ្ធតែ​មិនទាន់​បាន​បង់ពន្ធ​នៅឡើយ​ទេ​។ អាជ្ញា​បណ្ណ​បណ្ដោះអាសន្ន​ គឺ​ផ្ដល់​ឱ្យ​អាជីវកម្ម​ដែល​មិនទាន់​មាន​ឯកសារ​ស្របច្បាប់​គ្រប់គ្រាន់​ ដោយ​ទុក​រយៈពេល​តែ៩០ថ្ងៃ​ទេ​ តែបើ​នៅតែ​មិនទាន់​មាន​ឯកសារ​គ្រប់គ្រាន់​ទៀត​ ក្រសួង​មិន​បន្ត​សុពលភាព​ឱ្យ​ទៀត​ឡើយ​។

លោក​ជា​ បូរ៉ា​ បាន​មានប្រសាសន៍​ថា​ យើង​នឹង​មាន​កា​រឹត​បន្ដឹង​ធ្វើ​យ៉ាងណា​ឱ្យ​អាជីវករ​ទាំងនោះ​ ត្រូវតែ​មក​បង់ពន្ធ​នាំចូល​យានយន្ត​របស់​ខ្លួន​ ពីព្រោះ​កន្លងមក​មានការ​សម្របសម្រួល​ទន់ភ្លន់​ច្រើន​លើក​ហើយ​ តែ​អាជីវករ​នៅតែ​មិនព្រម​អនុវត្ត​តាមច្បាប់​។

ចំពោះ​អាជីវកម្ម​កាណូត​ទេសចរណ៍​ដែល​ចង់​បង្កើត​ថ្មី​ ឬអាជីវករ​ចាស់​ដែល​ចង់​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ ត្រូវតែ​មាន​ឯកសារ​បង់ពន្ធ​ត្រឹមត្រូវ​ពី​ស្ថាប័ន​គយ​ និង​ពន្ធដារ​ និង​ត្រូវ​មាន​លិខិត​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​ ពី​ក្រសួងសាធារណការ​ ទើប​ក្រសួងទេសចរណ៍​ផ្ដល់​ជូន​អាជ្ញា​បណ្ណ​ទេសចរណ៍​ និង​លិខិត​វាយ​តម្លៃ​ស្ដ​ង់​ដា​សេវាកម្ម​ទេសចរណ៍​ ដែល​មានន័យថា​អនុញ្ញាត​ឱ្យ​អាជីវករ​ប្រកប​អាជីវកម្ម​របស់​ខ្លួន​បាន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here