តើ​វិស័យ​អាទិភាព​ណាខ្លះ​ដែល​រដ្ឋាភិបាល​លើក​ចិត្ត​ផ្នែក​ពន្ធដារ​?

0

ដោយ​ វុត្ថា​

ភ្នំពេញ៖​ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​ស្តី​ពី​ «ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ក្នុង​វិស័យ​អាទិភាព​» កាលពី​កន្លង​ទៅ​ថ្មី​ៗ ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឍ​សហ​គ្រាស់​ធុន​តូច​ និង​មធ្យម​ និង​ដើម្បី​បង្កើត​ការងារ​ និង​បង្កើន​សមត្ថភាព​ផលិតកម្ម​ក្នុង​ស្រុក​ ក្នុង​គោលដៅ​កំណត់​លក្ខ​ណ្ឌ​ សម្រាប់​ផ្តល់​ការ​លើទឹក​ចិត្ត​ផ្នែក​ពន្ធដារ​ ដែល​មាន​វិសាលភាព​អនុវត្ត​ចំពោះតែ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​វិស័យ​អាទិភាព​។

វិស័យ​អាទិភាព​សម្រាប់​ផ្តល់​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធ​ដា​ របស់​រដ្ឋាភិបាល​មាន៦​ សហគ្រាស​រួមមាន​ ទី១​ ផលិតផល​កសិកម្ម​ ឬកសិ​-ឧស្សាហកម្ម​។ ទី២​ ផលិត​ និង​កែច្នៃ​ម្ហូបអាហារ​។ ​; ទី៣​ កម្មន្តសាល​ដែល​ផលិត​ទំនិញ​ប្រើប្រាស់​ក្នុង​ស្រុក​ កែច្នៃ​កាកសំណល់​និង​ផលិត​ទំនិញ​សម្រាប់​វិស័យ​ទេសចរណ៍​។ ទី៤​ កម្មន្តសាល​ដែល​ផលិត​នូវ​ផលិតផល​សម្រេច​ ឬផ្នែក​ ឬគ្រឿង​បង្គុំ​ ដើម្បី​ផ្គត់ផ្គង់​ឱ្យ​កម្មន្តសាល​ដទៃទៀត​។

ទី៥​ ស្រាវជ្រាវ​ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន​ រួម​ទាំង​ការ​ផ្គត់ផ្គង់​សេវា​គ្រប់គ្រង​តាម​ប្រព័ន្ធ​បច្ចេក​-វិទ្យា​ព័ត៌មាន​ ដែល​មាន​លក្ខណៈ​នវានុវត្តន៍​ និង​ទី៦​ សហគ្រាស​ដែល​ស្ថិត​ក្នុង​តំបន់​ប្រមូល​ផ្តុំ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​សហគ្រាស​ដែល​អភិវឌ្ឍ​តំបន់​នេះ​។

រដ្ឋាភិបាល​ពន្យល់​ថា​ វិស័យ​អាទិភាព​ទាំងនេះ​ មិន​រួមបញ្ចូល​វិស័យ​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ សុខភាព​ និង​បរិស្ថាន​នោះ​ទេ​ ។

រដ្ឋាភិបាល​បាន​ពន្យល់​បន្ត​ថា​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ ក្នុង​វិស័យ​ដូច​បាន​រៀបរាប់​ខាងលើ​អាច​ទទួល​បាន​នូវ​ការ​លើកទឹកចិត្ត​ ដូចជា​ ទី១​ លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​ចំនួន៣ឆ្នាំ​ ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល​ចុះបញ្ជី​ពន្ធដារ​សម្រាប់​សហគ្រាស​ ចុះបញ្ជី​ថ្មី​ ឬចាប់​ពី​ថ្ងៃ​ ដែល​សហគ្រាស​មក​ធ្វើ​បច្ចុប្បន្ន​កម្ម​ សម្រាប់​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​រួចហើយ​ ចាប់ពី​ពេល​អនុក្រឹត្យ​នេះ​ចូលជាធរមាន​។

ទី២​ លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​រយៈពេល៥ឆ្នាំ​ ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល​ចុះបញ្ជី​ពន្ធដារ​សម្រាប់​ សហគ្រាស​ចុះបញ្ជី​ថ្មី​ ឬ ចាប់ពី​ថ្ងៃ​ដែល​សហគ្រាស​មក​ធ្វើ​បច្ចុប្បន្ន​កម្ម​សម្រាប់​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​រួចហើយ​ ចាប់ពី​ពេល​អនុក្រឹត្យ​នេះ​ចូលជាធរមាន​ ដែល​បំពេញ​លក្ខខណ្ឌ​ណាមួយ​ ដូច​ខាងក្រោម​៖ ប្រើ​វត្ថុធាតុដើម​ក្នុង​ស្រុក​ ចាប់ពី​ ៦០​%ឡើង​ទៅ​ ឬបង្កើន​ចំនួន​និយោជិត​បន្ថែម​យ៉ាងតិច២០​% ឬមាន​ទីតាំង​ក្នុង​តំបន់​ប្រមូល​ផ្តុំ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SME​ Cluster​)។

ទី៣​ លើកលែង​ការ​បង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល​ និង​ពន្ធ​អប្ប​រមា​ ក្នុងរយៈពេល​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​។ ទី៤​ លើកទឹកចិត្ត​ចំណាយ​ដែល​អាច​កាត់កង​បាន​ ដូច​ខាងក្រោម​៖ ក៖អនុញ្ញាត​កាត់កង​ចំណាយ២០០​% ចំពោះ​ចំណាយ​លើ​ការប្រើ​ប្រាស់​បញ្ជី​គណនេយ្យ​តាម​ប្រព័ន្ធ​បច្ចេក​-វិទ្យា​ព័ត៌មាន​ ខ៖ អនុញ្ញាត​កាត់កង​ចំណាយ​ ២០០​% ចំពោះ​ចំណាយ​លើ​ការ​បណ្តុះបណ្តាល​ការ​កាន់​បញ្ជី​ គណនេយ្យ​ ឬ ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​និយោជិត​, និង​គ អនុញ្ញាត​កាត់កង​ចំណាយ១៥០​% ចំពោះ​ចំណាយ​វិនិយោគ​លើ​ម៉ាស៊ីន​ ឬឧបករណ៍​បច្ចេកវិទ្យា​ ដែល​មាន​លក្ខណៈ​នវានុវត្តន៍​ សម្រាប់​បម្រើ​ និង​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​។

រដ្ឋាភិបាល​បញ្ជាក់​ថា​ ក្នុង​ការ​ទទួល​បានការ​លើកទឹកចិត្ត​ដូច​បាន​រៀបរាប់​ខាងលើ​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ ត្រូវ​កាន់​បញ្ជី​គណនេយ្យ​ និង​ដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ ទៅតាម​កាលកំណត់​ជូន​រដ្ឋបាល​សារពើពន្ធ​ ទោះបី​ជា​ត្រូវ​បាន​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​ និង​ត្រូវ​ដាក់​លិខិត​ប្រកាស​បង់ពន្ធ​អាករ​ដទៃទៀត​តាមច្បាប់​ និង​បទ​ប្ប​ញ្ញ​តិ្ត​ស្តី​ពី​ពន្ធដារ​ជាធរមាន​។

ផ្ទុយទៅវិញ​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដែល​មិនបាន​បំពេញ​លក្ខខណ្ឌ​ដូច​បាន​កំណត់​នៅក្នុង​អនុក្រឹត្យ​នេះ​ ឬខកខាន​មិនបាន​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​នានា​ ដូច​មាន​ចែង​ក្នុង​ច្បាប់​ និង​ បទប្បញ្ញត្តិ​ស្តី​ពី​ពន្ធដារ​ ការ​លើកទឹកចិត្ត​ដែល​បាន​ផ្តល់​ជូន​ នឹង​ត្រូវ​បាន​ដកហូត​វិញ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here