ជប៉ុន​គ្រោង​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​នៅ​កម្ពុជា​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ក្រៅតែ​ពី​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​ និង​រៀបចំផែនការ​មេ​សម្រាប់​អភិវឌ្ឍន៍​ដល់​ប្រទេស​កម្ពុជា​ នៅពេល​នេះ​ទី​ភ្នាក់​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ (JICA​) បាន​នឹង​កំពុង​មាន​មច្ឆិ​តា​ចូលរួម​វិនិយោគ​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​បន្ថែម​ទៀត​។

គណៈប្រតិភូ​ប្រឹក្សា​ធុរកិច្ច​អង្គការ​ JCIA​ ដឹកនាំ​ដោយ​លោក​ Takeshi​ Saito​ នៅ​ក្នុង​ជំ​នួ​ពិ​ភក្សា​ការងារ​ជាមួយ​លោក​រដ្ឋមន្ត្រី​ស្ដីទី​ លោក​តូច​ ចាន់​កុសល​ កាលពី​ថ្ងៃទី​ ២ម្សិលមិញ​នេះ​បានឱ្យ​ដឹង​ថា​ ជំនួប​ពិភាក្សា​នេះ​ធ្វើឡើង​ ដើម្បី​ស្ដាប់ការ​ធ្វើ​បទ​បង្ហាញ​របស់​តំណាង​អង្គការ​ JCIA​ អំពី​ឧបករណ៍​បច្ចេកវិទ្យា​សម្រាប់​ពិសោធន៍​ដី​ មុននឹង​ធ្វើការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ ក៏ដូចជា​ស្វែងរក​សក្ដានុពល​ និង​ឱកាស​វិនិយោគ​លើ​វិស័យ​សាធារណការ​ និង​ដឹកជញ្ជូន​នៅ​កម្ពុជា​ផង​ដែរ​។

លោក​តូច​ ចាន់​កុសល​ បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​គម្រោង​នេះ​ ព្រោះថា​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​មាន​តួនាទី​ក្នុង​ការសាងសង់​ផ្លូវ​ ស្ពាន​ កំពង់ផែ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ដ៏​ទៃ​ទៀត​ជាច្រើន​។ បើ​មាន​ឧបករណ៍​ទំនើប​សម្រាប់​ពិសោធន៍​ដី​ នោះ​នឹង​ធ្វើ​ឱ្យ​គុណភាព​សំណង់​ទាំងនោះ​រឹតតែ​មានគុណ​ភាព​ថែមទៀត​។

លោក​រដ្ឋមន្ត្រី​ស្ដីទី​បាន​សម្ដែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​គណៈប្រតិភូ​ដែល​មានបំណង​មក​វិនិយោគ​លើ​វិស័យ​សាធារណការ​ និង​ដឹកជញ្ជូន​នៅ​កម្ពុជា​ និង​ស្នើ​ឱ្យ​អង្គការ​នាំ​យក​ឧបករណ៍​បច្ចេកទេស​ទាំងនោះ​មក​កម្ពុជា​ ដើម្បី​ធ្វើ​ពិសោធន៍​ ព្រមទាំង​ស្នើ​ឱ្យ​អង្គការ​ជួយ​បណ្ដុះបណ្ដាល​មន្ត្រី​ជំនាញ​របស់ក្រ​សួង​(នៅ​ប្រទេស​ជប៉ុន​) ឱ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការប្រើ​ប្រាស់​ឧបករណ៍​ទំនើប​នោះ​។

អង្គការ​ JCIA​ គឺជា​អង្គការ​មនុស្សធម៌​ មាន​ទីស្នាក់ការ​នៅ​ប្រទេស​ជប៉ុន​ និង​បាន​ចុះ​ពិធីសារ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​និង​យុវ​នីតិសម្បទា​ ក្នុង​ភាពជា​ដៃ​គូ​តាំ​ពីឆ្នាំ១៩៩៦​។ អង្គការ​នេះ​កំពុង​បន្ត​ការ​គាំទ្រ​ដល់​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​ ពោធិ៍​សែន​ជ័យ​ លើ​កម្មវិធី​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ដូចជា​កាត់ដេរ​សម្លៀកបំពាក់​ ជួសជុល​ម៉ូតូ​ និង​ម៉ាស៊ីន​ធុន​តូច​ ជួសជុល​ទូរទស្សន៍​ និង​បរិ​ក្ខា​អគ្គិសនី​ កាត់សក់​ ជួសជុល​ទូរសព្ទ​ បង្រៀន​កុំព្យូទ័រ​ ភាសាអង់គ្លេស​ ភាសា​ជប៉ុន​ សំណង់​ និង​បដិសណ្ឋារ​កិច្ច​ជាដើម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here