សម្តេចតេជោ៖ កម្ពុជាអាចបន្តរក្សាបានកំនើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយសម្រាប់់រយៈពេលមធ្យមខាងមុខ

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អះអាង​ថា​ អតា្រ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ថា​ នឹងអាច​បន្ត​រក្សា​បាន​ក្នុងរង្វង់៧ភាគរយ​ក្នុង​មួយឆ្នាំ​ សម្រាប់​រយៈពេល​មធ្យម​ទៅមុខ​។

សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មានប្រសាសន៍​ ក្នុង​ការ​អញ្ជើញ​ចូលរួម​បើក​កិច្ចប្រជុំ​ ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ឆ្នាំ២០១៩នៅ​ប្រទេស​ស្វីស​នា​រសៀល​ថ្ងៃទី៣​ កក្កដា​នេះ​ថា​ កម្ពុជា​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ជាមធ្យម​ប្រចាំ៧​,៧ ភាគរយ​ ប្រកប​ដោយ​បរិ​យា​ប័ន​ និង​សម​ធ៌​មក្នុ​ងរ​យៈ​ពេល​ពី​ទស្ស​វត្ត​ចុងក្រោយ​នេះ​។

សម្តេច​បន្ថែម​ថា​ “សម្រាប់​ឆ្នាំ២០១៨កន្លងទៅ​នេះ​ សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​កំណើន៧​,៥ភាគរយ​ និង​ត្រូវ​បាន​ព្យាករណ៍​ថា​នឹងអាច​បន្ត​រក្សា​បាន​ក្នុងរង្វង់៧ភាគរយ​ក្នុង​មួយឆ្នាំ​ សម្រាប់​រយៈពេល​មធ្យម​ទៅមុខ​”។

កម្ពុជា​ថែមទាំង​សម្រេច​បាន​នូវ​បង្គោល​ចរ​ជា​ប្រវត្តិសាស្ត្រ​ គឺ​ការ​ឆ្លងផុត​ពី​ឋានៈ​ប្រទេស​ចំណូល​ទាប​ ទៅជា​ប្រទេស​មធ្យម​កម្រិតទាប​ជា​ផ្លូវការ​នៅ​ឆ្នាំ២០១៥​។

សម្ដេច​តេជោ​ហ៊ុន​ សែន​បាន​បន្ត​ថា​ ក្នុងនាម​ជាស​មា​ជិ​កអង្គការ​ពិភពលោក​ កម្ពុជា​បាន​ខិតខំ​បំពេញ​តួនាទី​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ តាមរយៈ​ការ​ដាក់ចេញ​ និង​រៀបចំ​កម្មវិធី​កែទម្រង់​ប្រព័ន្ធ​សេដ្ឋកិច្ច​ ច្បាប់​បទ​បញ្ញា​ត្តិ​ផ្សេង​ៗ វិធានការ​នានា​។

កាល​ថ្មី​ៗនេះ​ក្រុម​បេសកកម្ម​មាត្រា ​IV​ របស់​ មូលនិធិ​រូបិយវត្ថុ​ពិភពលោក​ (IMF​) បាន​ឲ្យដឹង​ថា​ នៅ​ឆ្នាំ២០១៩​ និង​រយៈពេល​មធ្យម​កំណើន​សេដ្ឋកិច្ច​ត្រូវ​បាន​រំពឹង​ថា​ នឹង​រក្សា​ក្នុង​រង្វង៧ភាគរយ​ ជាមួយ​អត្រា​អតិផរណា​ក្នុងរង្វង់៣ភាគរយ​ ក្នុងរយៈពេល​មធ្យម​។

ក្រុម​បេសកកម្ម​បាន​ផ្ដល់​អនុសាសន៍​ដល់​កម្ពុជា​ ឲ្យ​បន្ដ​ធ្វើ​កំណែ​ទម្រង់​ចម្បង​ៗ និង​បន្ដ​ពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ​ ដើម្បី​គ្រប់គ្រង​ហា​នី​ភ័យ​ដែល​អាច​នឹង​កើតមានឡើង​ផង​ដែរ​។

លើស​ពីនេះ​ទៀត​ក្រុម​បេសកកម្ម​របស់ ​IMF​ បាន​អបអរសាទរ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បានសម្រេច​បាន​វឌ្ឍនភាព​សេដ្ឋកិច្ច​គួរឲ្យ​កត់សម្គាល់​ ឆ្ពោះទៅ​រក​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ តាមរយៈ​ការ​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​រឹងមាំ​ និង​កំណែទម្រង់​សំ​ខាន់​ៗនា​រយៈពេល​កន្លងមក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here