បុណ្យ​សមុទ្រ​រយៈ​ពេល​បី​ថ្ងៃ​កម្ពុជា​ទទួល​បាន​ចំណូល​២៥​លាន​ដុល្លារ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានអះអាងថា ប្រជាពលរដ្ឋបានចំណា​យប្រាក់ប្រមាណ២៥លានដុល្លារ ចូលរួមកំសាន្តក្នុងពិធីបុណ្យសមុទ្រនៅខេត្តកែប ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ។

លោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៥ ធ្នូនេះថា ក្នុងរយៈពេលបីថ្ងៃនៃការប្រារពពិធីបុណ្យសមុទ្រ ដែលបាន​ចាប់ផ្តើមពីថ្ងៃទី២២ ដល់២៤ធ្នូ កន្លងមកនេះមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនាកំសាន្ត ចំនួនប្រមាណ៥០ម៉ឺននាក់ ហើយពួកគេចំណាយប្រាក់ក្នុងម្នាក់គិតជាមធ្យម៥០ដុល្លារអាមេរិក ដែលស្មើនឹងប្រមាណ២៥លានដុល្លារ។លោកបន្តថា ការរៀបចំពិធីបុណ្យសមុទ្រឆ្នាំនេះ មានការចូលរួមពីអាជីវករ ប្រតិ​បត្តិករទេសចរណ៍ជាង៥០០ស្តង់ ក្នុងនោះស្តង់លក់ផលិតផលក្នុងស្រុកមានជាង៣០០ស្តង់ និងស្តង់ផលិតផលថៃមានជិត២០០ស្តង់។

លោកបន្តថា “ការចំណាយបុណ្យសមុទ្រឆ្នាំនេះ មានចំនួនច្រើន ប៉ុន្តែអាជ្ញា ធរខេត្ត និងក្រសួងក៏បានទទួលចំណូលច្រើនផងដែរ ពីការឧបត្ថម្ភនានា”។

ការប្រារពពិធីបុណ្យសមុទ្រនៅខេត្តកែប គឺជាការប្រារពបុណ្យលើកទី៦ ជុំទី២ បន្ទាប់ពីកម្ពុជាបានដាក់ឆ្នេរសមុទ្រ ចូលទៅក្នុងក្លឹបឆ្នេរសមុទ្រស្អាតជាងគេ​នៅលើពិភពលោកកាលពីឆ្នាំ២០១២។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា ការប្រារពពិធីបុណ្យសមុទ្រ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យប្រជាជនបាន​យល់ដឹងពីសមុទ្រ និងចូលរួមថែររក្សាបរិស្ថានសមុទ្រឲ្យបានស្អាត និងនិរន្ត​រភាព ពិសេសជាការលើកកំពស់ការផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍នៅតំបន់​ឆ្នេរទៅកាន់ពិភពលោកឲ្យបានស្គាល់ច្រើនថែមទៀត។

លោកបន្តថា “ពិធីនេះក៏ជាការផ្តល់ផលប្រយោជន៍ច្រើន ដល់សហគមន៍ជុំ​វិញ តំបន់នោះ ដោយពួកគេអាចលក់ផលិតផលរបស់ពួកគេដល់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ”។លោកបន្តថា “វិស័យទេសចរណ៍ជាវិស័យស្នូលមួយ ក្នុងការបង្កើតសកម្មភាពសេដ្ឋកិច្ច ដោយភ្ញៀវទេសចរណ៍ទៅដល់ទីណា សកម្មភាពសេដ្ឋកិច្ចបានបង្កើតឡើងនៅទីនោះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here