រដ្ឋាភិបាល​ចាប់ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគម​ន៍​កម្ពុជា​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​របស់​ដៃគូ​វិនិយោគ ឯកជន​ និង​សាធារណៈ​រវាង​ទូរគមនាគមន៍​កម្ពុជា​ ជាមួយ​ក្រុមហ៊ុន ​Viettel​ របស់​វៀតណាម​ ដើម្បី​សហប្រតិបត្តិ​ការ​លើ​ការ​អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍​។

លោក​ត្រាំ​ អ៊ី​វតឹ​ក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសនីយ៍​ និង​ទូរគមនាគមន៍​មានប្រសាសន៍​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី៤​ កក្កដា​នេះ​ថា​ ពិធី​ចុះហត្ថលេខា​នៅ​ថ្ងៃនេះ​បាន​បញ្ជាក់​អំពី​ការ​បោះ​ជំ​ហ៊ាន​មួយ​ទៅមុខ​ទៀត​របស់ក្រ​សួង​ ក្នុង​ការជំរុញ​អនុវត្ត​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី៦​ ក្នុង​ការ​លើកកម្ពស់​ និង​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍​ឆ្ពោះទៅ​រក​រដ្ឋាភិបាល​អេ​ឡិក​ត្រូ​និក​ និង​សេដ្ឋកិច្ច​ឌីជីថល​នៅពេលអនាគត​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ “វា​នឹង​បើកឱកាស​ឱ្យ​ភាគី​ដែល​ចូលរួម​ទាំង​វិស័យ​ឯកជន​ និង​សាធារណៈ​ ពង្រីក​សក្តា​នុ​ពលភាព​ការ​វិនិយោគ​របស់​ខ្លួន​ ដែល​អាច​ប្រើប្រាស់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​របស់​ជាតិ​ និង​ឯកជន​ប្រកប​ដោយសក្តានុពល​និង​មានប្រសិទ្ធភាព​ ពិសេស​ឈាន​ទៅ​បង្កើត​គម្រោ​ងថ្មី​ៗជាច្រើន​ទៀត​”។

លោក​រដ្ឋមន្ត្រី​សង្ឃឹម​ជឿជាក់​ថា​ ទូរគមនាគមន៍​កម្ពុជា​ និង​ក្រុមហ៊ុន ​Viettel​ ពិតជា​បន្ត​សហការ​ធ្វើការ​រួមគ្នា​ បង្កើត​ជា​គម្រោង​លេច​ជារូបរាង​ពិតប្រាកដ​ និង​ទទួល​បាន​ជោគជ័យ​ជាស្ថាពរ​ ហើយ​ដើម្បី​លើកកម្ពស់​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ឱ្យ​មានសន្ទុះ​ខ្លាំងក្លា​ និង​ដើរ​ទាន់​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​របស់​បណ្តា​ប្រទេស​នៅក្នុង​តំបន់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here