ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ ២០១៩-២០២៣ ដើម្បីឆ្លើយតបទៅនឹងកំណែទម្រង់ស៊ីជម្រៅរដ្ឋបាលសារពើពន្ធ និងមិនមែនសារពើពន្ធ និងដើម្បីធ្វើយ៉ាងណាឱ្យការប្រមូលពន្ធនៅក្នុងប្រទេសកម្ពុជាឱ្យមានប្រសិទ្ធិភាពខ្ពស់។
យោងតាមយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ ២០១៩-២០២៣ ដែលរដ្ឋាភិបាលបានរៀបចំនៅពេលនេះឡើងបានឱ្យដឹងថា គឺ ដបានឆ្លងកាត់ ការសិក្សាស្រាវជ្រាវ វិភាគ និងផ្លាស់ប្តូរយោបល់ គំនិត និង សកលលោក តាមរយៈការធ្វើទស្សនកិច្ចសិក្សាទៅប្រទេសនៅក្នុងតំបន់ និងពិភពលោក ការប្រឹក្សាយោបល់ជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងអ្នកជំនាញការក្នុងស្រុក និងបរទេស ជាពិសេសមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកជាដើម។
-->
យុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ ២០១៩-២០២៣ នេះ បានកំណត់ទស្សនវែងឆ្ងាយក្នុងការធ្វើទំនើបភាវូបនីយកម្មរដ្ឋបាល និងគោលនយោបាយចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធ ដោយបន្តផ្តោតសំខាន់លើការកសាងរដ្ឋបាលមួយដេលមានសមត្ថភាពរឹងមុំា ដើម្បីរួមចំណែកគាំទ្រការងរកែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាល ជាពិសេសកម្មវិធីកែទម្រង់ការគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈ ។
សម្រាប់រយៈពេល ៥ ឆ្នាំទៅមុខ យុទ្ធសាស្ត្រកៀរគរចំណូលនេះ នឹងបន្តផ្តោតលើការបង្កើនសមត្ថភាពស្ថាប័ន និងធនធានមនុស្ស ការកែសម្រួលរចនាសម្ព័ន្ធ ការកែសម្រួលតាមបរិការណ៍អភិវឌ្ឍន៍ថ្មី ការពង្រឹងប្រសិទ្ធិភាពនៃការសម្របសម្រួលរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ការកែសម្រួល និងដាក់ចេញថ្មីនៃវិធានការណ៍គោលនយោបាយដោះស្រាយប្រឈម ការបន្តធ្វើវិចារណកម្មគោលនយោបាយសារពើពន្ធ និងមិនមែនសារពើពន្ធ ដើម្បីធានាសង្គតិភាព ជាមួយនឹងទិសដៅការកែទម្រង់ និងគោលនយោបាយនានារបស់រដ្ឋាភិបាល ជាពិសេសដាក់ចេញ និងផ្សារភ្ជាប់នូវវិធានការដែលមានចរិតយុទ្ធសាស្ត្រជាមួយនឹងសុចនាករសមិទ្ធិកម្មគន្លឹះ ដើម្បីងាយស្រួលពិនិត្យ និងវាយតម្លៃ។
ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលកម្ពុជាបានអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ២០១៤-២០១៨ ប្រកបដោយប្រសិទ្ធិកម្មដ៏ល្អ ទាំងទិដ្ឋភាព ការប្រមូលចំណូល ការកែលម្អវប្បធម៌បង់ពន្ធ និងការពង្រឹងរដ្ឋបាលសារពើពន្ធ និងមិនមែនសារពើពន្ធ៕