ដោយនៅ វឌ្ឍនា
ទីក្រុងហ្សឺណែវៈ ក្រុមហ៊ុនធំៗចំនួន៦នៅអឺរ៉ុប បានចាប់អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗចំនួន៣នៅកម្ពុជា គឺវិស័យសុខាភិបាល ថាមពល និងវិស័យបច្ចេកវិទ្យាស្របពេលបដិវត្តន៍ឧស្សាហកម្ម០.៤បាន និងកំពុងរីកចម្រើននៅទូទាំងសាកលលោក។

-->
ក្នុងឱកាសជួបជាមួយសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាតំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៦នៅអឺរ៉ុប តំណាងក្រុមហ៊ុនអន្តរជាតិ ក៏បានលើកឡើងពីការរីកចម្រើននៅក្នុងប្រទេសកម្ពុជា ពិសេសកំណើនសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់សម្ដេចតេជោ ជានាយករដ្ឋមន្ត្រី ដែលធ្វើអោយក្រុមហ៊ុនរបស់ពួកគេ មានការចាប់អារម្មណ៍ចង់មកធ្វើការវិនិយោគទៅលើវិស័សុខាភិបាល ជាពិសេសមានបំណងចង់កសាងមន្ទីរពេទ្យថ្មី និងមជ្ឈមណ្ឌលថែទាំសុខភាពនៅក្នុងប្រទេសកម្ពុជា។ជាពិសេសទៅទៀតពួកគាត់ក៏មានការចាប់អារម្មណ៍ទៅលើវិស័យថាមពល វិស័យបច្ចេកវិទ្យាផងដែរ។
តំណាងក្រុមហ៊ុនបានគូសបញ្ជាក់ថា ពួកគេបានរៀបចំគម្រោងរួចហើយទាក់ទងនឹងវិស័យសុខាភិបាល ដែលគាត់បានរៀបចំនូវគម្រោងវិនិយោគ លើទឹកប្រាក់ប្រមាណប្រមាណជា៤០លានដុល្លារ។ លើសពីនេះទៅទៀត ពួកគេមានបំណងចង់ចូលរួមក្នុងការបណ្ដុះបណ្ដាល និងកសាងសមត្ថភាពលើវិស័យសុខាភិបាលនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ ដល់តំណាងក្រុមហ៊ុនទាំងអស់នេះបានមកជួបសម្តេចនាពេលនេះ ដែលសម្ដេចតែងតែឆ្លៀតឱកាសជួប ទោះបីជាមានការមមាញឹកយ៉ាងណាក៏ដោយ ដើម្បីកៀងគរអ្នកវិនិយោគ ឬក្រុមហ៊ុនពីបរទេសដើម្បីមកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោហ៊ុន សែនបានមានប្រសាសន៍ថា សម្ដេចគាំទ្ររាល់ការវិនិយោគក្នុងប្រទេសកម្ពុជា ជាពិសេសការកសាងនូវហេដ្ឋារចនាសម្ព័ន្ធថ្មី ដូចជាមន្ទីរពេទ្យជាដើមនេះ មិនត្រឹមតែប៉ុណ្ណោះទេ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស និងរួមទាំងវិស័យថាមពលនេះ។ សម្តេចបានគូសបញ្ជាក់ថាកន្លងទៅនេះ ប្រជាជនកម្ពុជាតែងតែទៅព្យាបាលនៅឯក្រៅប្រទេសដូចជា ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសសិង្ហបុរីជាដើម។
សម្តេចតេជោបានបញ្ជាក់បន្ថែមថា ប្រសិនបើមានអ្នកវិនិយោគទៅដាក់ទុនលើវិស័យសុខាភិបាលនៅឯប្រទេសកម្ពុជានោះ វាជារឿងល្អដោយសារអាចផ្ដល់សេវាផ្នែកសុខាភិបាលនេះ ដល់ប្រជាពលរដ្ឋខ្មែរ និងអាចមានជំនឿទុកចិត្តពីប្រជាពលរដ្ឋខ្មែរផងដែរ។ សម្តេចបន្តថា បច្ចុប្បន្ននេះដោយសារតែកម្ពុជា មានកំណើនភ្ញៀវទេសចរច្រើន ដូច្នេះវិស័យសុខាភិបាល ដែលបង្កើតនៅប្រទេសកម្ពុជានោះ មិនត្រឹមតែសម្រាប់ព្យាបាលដល់ប្រជាពលរដ្ឋកម្ពុជា ប៉ុណ្ណោះទេ ក៏ប៉ុន្តែ ក៏អាចបំរើសេវាកម្មផ្នែកសុខាភិបាល ដល់ភ្ញៀវទេសចរដែលមកទស្សនាប្រទេសកម្ពុជាផងដែរ។
លើសពីនេះទៅទៀត សម្ដេចតេជោបានសូមឲ្យក្រុមហ៊ុនអ្នកវិនិយោគទាំងអស់ទៅសិក្សា ក៏ដូចជាទៅទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការពិភាក្សាការងារជាក់ស្ដែង និងដើម្បីអាចធ្វើការវិនិយោគក្នុងប្រទេសកម្ពុជាតែម្ដង លើវិស័យដែលមានបំណងចង់វិនិយោគនោះនោះ ជាពិសេសលើផ្នែកបណ្ដុះបណ្ដាលធនធានមនុស្ស។
សម្ដេចបានមានប្រសាសន៍ថា “ប្រសិនបើអាចចាប់ជាដៃគូជាមួយសាលារៀន ដែលមានស្រាប់នៅប្រទេសកម្ពុជាទាំងសាលារដ្ឋ និងសាលាឯកជនគឺកាន់តែប្រសើរ”៕