ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដាក់ចេញនូវយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា២០១៩-២០២៣ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍសេដ្ឋកិច្ចសកល ការកើនឡើងនូវតម្រូវការ និងការពង្រឹងទីផ្សារសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។
លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងកាលពីពេលថ្មីៗនេះថា យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា២០១៩-២០២៣ កម្ពុជានៅតែជាប្រទេសទទួលផលនាំមុខគេ ក្នុងការអនុវត្តកម្មវិធី EIF។ ការធ្វើបច្ចុប្បន្នភាពលើកទីបីនេះ ត្រូវបានរៀបចំជួនពេលជាមួយនឹងការដាក់ឲ្យប្រើប្រាស់ នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់អាណត្តិទី៦នៃរាជរដ្ឋាភិបាល។
-->
លោកបន្តថា គោលបំណងទីមួយនៃយុទ្ធសាស្ត្រ CTIS ២០១៩-២០២៣ គឺដើម្បីពង្រឹងភាពប្រកួតប្រជែង សម្រាប់គាំទ្រដល់ការចាកចេញរបស់កម្ពុជា ពីប្រទេសអភិវឌ្ឍន៍តិចតួច ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យ២០៣០។ បញ្ហាប្រឈមដែលមានលក្ខណៈទូលំទូលាយ និងអន្តរវិស័យ នឹងប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់កម្ពុជា ដែលជាទិសដៅវិនិយោគរបស់ប្រទេសដទៃ ព្រមទាំងជះឥទ្ធិពលដល់ក្រុមហ៊ុន ដែលមានបំណងធ្វើការផលិតសម្រាប់នាំចេញ។
ហេតុដូចនេះ ការដាក់ចេញនូវវិធានការដើម្បីពង្រឹងភាពប្រកួតប្រជែងនឹងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលរំពឹងទុក លើការបាត់បង់ការអនុគ្រោះពន្ធគយ។ ជាមួយនោះដែរ កម្ពុជាត្រូវចាប់ផ្ដើមធ្វើកំណែទម្រង់រចនាសម្ព័ន្ធជាអាទិភាព ជាពិសេសការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ កាត់បន្ថយចំណាយសម្រាប់ប្រកបធុរកិច្ច តាមរយៈការកាត់បន្ថយចម្លៃនៃអគ្គិសនី និងថ្លៃភស្ដុភារពាណិជ្ជកម្ម។ ជាផ្នែកមួយនៃការឆ្លើយតបទៅនឹងការប្រឈមខាងលើ នៅដើមឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួនសម្រាប់អនុវត្តភ្លាមៗ ដែលអាចនឹងលើកកម្ពស់ភាពប្រកួតប្រជែង និងកាត់បន្ថយថ្លែពាណិជ្ជកម្ម។
លោកប៉ាន សូរស័ក្តិបានបន្ថែមថា គោលបំណងទីពីរ គឺត្រូវចាប់យកប្រភពថ្មីសម្រាប់កំណើន ដូចជាសេវាកម្ម និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ (IR ៤.០)។ កម្ពុជាត្រូវតែចាប់យក និងទាញយកផលប្រយោជន៍ពីប្រភពថ្មីសម្រាប់កំណើននេះ គ៏ដូចជាទីផ្សារថ្មីៗ ទោះបីជាមាន ឬគ្មានភាពអនុគ្រោះពាណិជ្ជកម្មក៏ដោយ ដើម្បីបង្កើតការងារថ្មីៗសម្រាប់ប្រជាជន។ ប្រភពថ្មីសម្រាប់កំណើនទាំងនេះ នឹងអាចផ្តល់ជាឬសគល់ក្នុងការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងឆ្លើយតបទៅនឹងតម្រូវការនៃផលិតផល និងសេវាកម្មថ្មីៗ ក៏ដូចជាជំរុញដល់ផលិតករឲ្យស្រាវជ្រាវ ពីធាតុចូលពិសេស និងទំនើប ព្រមទាំងការផ្តល់យោបល់ប្រកបដោយវិជ្ជាជីវៈផងដែរ។
លោកបន្តថា យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុង ២០១៩-២០២៣ គូសបញ្ជាក់ពីភាពចាំបាច់ ក្នុងការពន្លឿនការប្រែក្លាយឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល។ ដើម្បីឲ្យកម្ពុជាទទួលបានអត្ថប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល កម្ពុជាមិនត្រឹមតែត្រូវមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបង្កើនស្ថាប័ន ជំនាញ និងបទបញ្ញត្តិ។
ជាមួយនឹងយុទ្ធសាស្រ្ត សមាហរណកម្មពាណិជ្ជកម្មជំនាន់ទី៤ កម្ពុជានឹងបន្តរក្សាកំណើនដ៏គួរឱ្យកត់សម្គាល់នេះ នឹងសម្រេចបាននូវគោលដៅទាំងអស់ ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្ត។ យុទ្ធសាស្ដ្រនេះ ផ្តល់នូវទិសដៅច្បាស់លាស់ សម្រាប់ការអនុវត្តន៍សកម្មភាពគោលនយោបាយ រវាងភាគីពាក់ព័ន្ធទាំងអស់ជាមួយក្រសួងពាណិជ្ជកម្ម។
លោកប៉ានសូរសក្តិក៏បានពាវនាវ ដល់ដៃគូអភិវឌ្ឍន៍ទាំងអស់គាំទ្រដល់ការអនុវត្តន៍យុទ្ធសាស្រ្ត សមាហរណកម្មពាណិជ្ជកម្មជំនាន់ថ្មីនេះ ដើម្បីធ្វើឲ្យអត្ថប្រយោជន៍ដែលទទួលបានពីការធ្វើពាណិជ្ជកម្ម នឹងសម្រេចបានប្រកបដោយបរិយាប័ន្ន និងសមភាព។
CTIS ជំនាន់ទី៤ ឆ្នាំ២០១៩-២០២៣ ផ្តោតលើចំនុចសំខាន់ចំនួនពីរចំណុច ១.ពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីគាំទ្រដល់ការវិវត្តចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និង ២.ទាញយកផលប្រយោជន៍ពីប្រភពកំណើនថ្មី ជាពិសេសសេវាកម្ម និងបដិវត្តន៍ឧស្សាហកម្មទី៤ (Industrial Revolution 4.0)៕